ព័ត៌មានជាតិ
លោក ប្រាក់ សុខុន ទទូចឲ្យសមាជិកអាស៊ាន ផ្តល់ការគាំទ្រចាំបាច់នានាដល់មជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានទទូចឲ្យប្រទេសជាសមាជិកអាស៊ានទាំងអស់ ផ្តល់ការគាំទ្រចាំបាច់នានាដល់មជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន។ ការទទូចនេះ នៅពេលដែលលោក ប្រាក់ សុខុន កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី ២៦ នៅទីក្រុងឡាប៊ួនបាចូ ប្រទេសឥណ្ឌូនេស៊ី។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ១០ ខែឧសភា បានឲ្យដឹងថា កិច្ចប្រជុំបានកោតសរសើរចំពោះវឌ្ឍនភាព ក្នុងការអនុវត្តបន្ទាត់សកម្មភាពនៃផែនការលម្អិតស្តីពីសហគមន៍នយោបាយ-សន្តិសុខអាស៊ានឆ្នាំ ២០២៥ ដែលសម្រេចបានប្រមាណ ៩៩ភាគរយ ហើយក៏បានលើកទឹកចិត្តដល់អង្គភាពតាមវិស័យនានា ដើម្បីសម្រេចឲ្យបាននូវអាទិភាពផ្សេងៗទៀត ដែលនៅសល់។

រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានកត់សម្គាល់ឃើញផងដែរថា ចាប់តាំងពីឆ្នាំ ២០២១មក លេខាធិការដ្ឋានអាស៊ានបានតាមដានលើបញ្ហាថ្មីៗ ដែលកំពុងកើតមានផងដែរ ដូចជា ទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ការឆ្លើយតបរបស់អាស៊ានចំពោះជំងឺរាតត្បាតកូវីដ-១៩ របៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ (WPS) និងរបៀបវារៈយុវជន សន្តិភាព និងសន្តិសុខ (YPS) ដែលបានកំណត់ដោយក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន។

នៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់អំពីសារៈសំខាន់ ក្នុងការថែរក្សា និងលើកកម្ពស់មជ្ឈភាពអាស៊ាន តាមរយៈការពង្រឹងយន្តការទាំងឡាយ ដែលដឹកនាំដោយអាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរអំពីបញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណីសំខាន់ៗបំផុតមួយចំនួន ដូចជា ឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ការលាងលុយកខ្វក់ និងគ្រឿងញៀនខុសច្បាប់ ជាដើម។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានទទូចឲ្យប្រទេសសមាជិកអាស៊ានទាំងអស់ផ្តល់ការគាំទ្រចាំបាច់នានា ដល់មជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន (ARMAC)។
សូមជម្រាបថា ការបង្កើតឲ្យមានមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំឡុងពេលកម្ពុជាធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ នៅឆ្នាំ ២០១២។ ទីស្នាក់ការនៃមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៦ ក្រោមអធិបតីភាពលោក ប្រាក់ សុខុន ដោយមានការចូលរួមពីតំណាងបេសកកម្មការទូត និងអង្គការពាក់ព័ន្ធ។
មជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន កំពុងដើរតួនាទីជាមជ្ឈមណ្ឌលឧត្ដមភាព សម្រាប់ជួយប្រទេសសមាជិកអាស៊ាន ដែលមានចំណាប់អារម្មណ៍ក្នុងការស្រាវជ្រាវ ចែករំលែកចំណេះដឹង និងលើកកម្ពស់ការយល់ដឹង ស្ដីពី ផលប៉ះពាល់នៃសំណល់ជាតិផ្ទុះពីសង្រ្គាម និងលើកទឹកចិត្តឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហានេះ៕
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផលិតកម្មថោនចេញលិខិតសុំទោសពលរដ្ឋឥណ្ឌូនេស៊ី វៀតណាម និងមីយ៉ាន់ម៉ា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន
លោកយាយជនជាតិ ចិន វ័យ ១០៧ ឆ្នាំ ដុះស្នែងលើក្បាលស្មានថានិមិត្តរូបអាយុវែង ក្រោយទៅពេទ្យទើបដឹងការពិត
-
កីឡា៣ ថ្ងៃ មុន
ពៅ សុខា ឈ្នះមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១ ស៊ីហ្គេមនៅកម្ពុជា
-
កីឡា២ ថ្ងៃ មុន
សមាសភាពអ្នកលេងគុនខ្មែរ៦រូបប្រកួតដណ្តើមមេដាយមាសស៊ីហ្គេមថ្ងៃនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅឥណ្ឌូណេស៊ី
-
កីឡា៣ ថ្ងៃ មុន
សារព័ត៌មានថៃ សរសើរអាកប្បកិរិយារបស់ ខាន់ ចេសា ក្រោយឈ្នះកីឡាការិនី ហ្វីលីពីន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
នាយ ព្រហ្ម ម៉ាញ ស្រក់ទឹកភ្នែកក្នុងពិធីបុណ្យសពសិល្បករផ្នែកភ្លេងបុរាណនិងជាគ្រូដៃឃឹម
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន
សារព័ត៌មានវៀតណាម ៖ រាជបុត្រ Mateen នឹងព្រះរាជទានស្បែកជើងតម្លៃ ១៧ លានដុល្លារ ដល់អ្នកអភិសេកជាមួយទ្រង់