ព័ត៌មានជាតិ
ពិធីសម្ពោធដាក់ឲ្យដំណើរការស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ នៅខេត្តសៀមរាប
សៀមរាប ៖ ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ ស្ថិតក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ដែលបានចាប់ផ្តើមសាងសង់នៅខែឧសភាឆ្នាំ២០២២ និងបានបិទបញ្ចប់ការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

ក្រោយពីដំណើរការសាងសង់រួចរាល់ ត្រូវបានកាត់ខ្សែបូសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ កាលពីចុងសប្តាហ៍ ថ្ងៃទី២០ខែឧសភាឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោកស្រី អារីយ៉ាណា អាដេហ្ស៊ី ទីប្រឹក្សា សមាគម AIMF និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ និង លោក Karim ZAIDY តំណាងប្រធានស្ថាប័ន SIAAP ព្រមទាំងវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង អភិបាលក្រុង មកពីសាធារណរដ្ឋសង្គមនិយម វៀតណាម និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកំពត អភិបាលរងខេត្តព្រះសីហនុ ខេត្តបាត់ដំបង និង តំណាងមកពីសាលារាជធានីភ្នំពេញ ព្រមទាំង ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងខេត្តសៀមរាបមួយចំនួនផងដែរ។

តាមរបាយការណ៍របស់លោក ចិក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប ជាអ្នកគ្រប់គ្រងគម្រោង បាន បង្ហាញថា ខេត្តសៀមរាបជាសមាជិករបស់សមាគមអភិបាលក្រុង និយមនិយាយភាសាបារាំង (AIMF) ចាប់ពីឆ្នាំ២០០០មក ហើយបានចូលរួមក្នុងការអភិវឌ្ឍបណ្តាញកែច្នៃ ភក់ចេញពីលូទឹកកខ្វក់ទៅជាជីកសិកម្ម ក្នុងគោលបំណងពីរទន្ទឹមគ្នាគឺការកែលម្អអនាម័យសាធារណៈនិងការអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មសម្រាប់ជីកសិកម្ម(ជីសរីរាង្គ) ។

ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេស របស់សមាគមអភិបាលក្រុង និយមនិយាយភាសា បារាំង (AIMF)សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស(SIAAP) ទីភ្នាក់ងារទឹក សែនណកម៉ង់ឌី (AESN) បានរួមគ្នាអនុវត្តនូវគម្រោងផលិតជីសរីរាង្គ ក្រោមការសហការដៃគូអភិវឌ្ឍសាធារណៈរដ្ឋបារាំង នៅខេត្តសៀមរាប ដោយប្រើថវិកាជាពីរជំហាន ទី១ សិក្សាគម្រោងដែលជាជំនួយរបស់រដ្ឋបាលអូដឺសេន ប្រើថវិកាចំនួន៨ម៉ឺនយូរ៉ូ និង ជំហានទី២ គម្រោងផលិតជីកសិកម្ម(ជី មមោក)នៅខេត្តសៀមរាប គ្រោងនឹងអនុវត្តរយៈពេល៤ឆ្នាំពីឆ្នាំ២០២០ដល់២០២៤ដែលមានការចូលរួម ដោយរដ្ឋបាលខេត្តសៀមរាប បានស្នើទៅក្រសួងសាធារណការនិងដឹកជញ្ជូន ហើយក្រសួងបានឯកភាពផ្តល់នូវដីចំនួន៣ហិតាកន្លះស្ថិតនៅភូមិកន្ត្រកសង្កាត់ស្វាយដង្គំ ព្រមទាំងទទួលបានគាំទ្រឥណទានពី ទីភ្នាក់ងារទឹក សែនណកម៉ង់ឌី (ASEN)ចំនួន៩សែនអឺរ៉ូ សមាគមអភិបាលក្រុង និយមនិយាយភាសា បារាំង (AIMF)៤សែន អឺរ៉ូ និងសហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស(SIAAP)ចំនួន៤សែនយូរ៉ូដែរ សរុបសហហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោងចំនួន១លាន៧០០ពាន់អឺរ៉ូ។

លោក អ៊ឹង គឹមលាង បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះ ម្ចាស់ជំនួយទាំងអស់ ដែលបានចូលរួមសហការជំរុញ គាំទ្រ សម្របសម្រួល អនុវត្ត ធ្វើឲ្យលេចចេញនូវសមិទ្ធផល នាពេលនេះ។

លោកអភិបាលរងខេត្ត មានប្រសាសន៍ថា គម្រោងផលិតជីសរីរាង្គ គឺជាគម្រោងដ៏មានតម្លៃពហុវិស័យ ដែលចូលរួមលើកកម្ពស់សុខុមាលភាពសង្គម និងលើកកម្ពស់កម្រិតជីវភាព ដល់បងប្អូនប្រជាកសិករនានា ដោយហេតុថា គម្រោងនេះមានគោលបំណង កែច្នៃភក់ដែលចេញពីកាកសំណល់មនុស្ស(លាមក)ធ្វើជីកសិកម្មជី(មមោគ) និង បង្កើតខ្សែច្រវាក់ទីផ្សារ ជីមមោគឲ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការ វិស័យកសិកម្ម ដល់ប្រជាកសិករឲ្យមានតម្លៃថោកជាងទីផ្សារ។

លោកបានបន្តទៀតថា ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់ និងបានកែលម្អអនាម័យសាធារណៈ និង ក្របខណ្ឌទូទៅនៃការគ្រប់គ្រងភក់ ចេញពីលូទឹកសម្អុយ ក្រៅពីនោះ វានឹងរួមចំណែកយ៉ាងសំខាន់ ដល់ប្រព័ន្ធគ្រប់គ្រងសំណល់លូទឹកកខ្វក់ក្នុងក្រុងសៀមរាប ក្នុងនោះវានឹងក្លាយជាផ្នែកនៃការជំរុញឲ្យ ទីក្រុងសៀមរាប ក្លាយជាទីក្រុងដែលមានសោភ័ណភាព និង បរិស្ថានកាន់តែស្រស់ស្អាត ថែមទៀត សក្តិសមជាទីក្រុងទេសចរណ៍ដ៏ល្អឯក ផ្អែកលើវប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រដ៏យូរលង់ និង ល្បីល្បាញ។

ក្នុងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត លោក អ៊ឹង គឹមលាង សង្ឃឹមថាភាគីបារាំងនឹងបន្តជួយ គម្រោងដូចគ្នានេះនៅជំហានបន្តបន្ទាប់ទៀត ដើម្បីបំពេញតម្រូវការក្នុងក្រុងសៀមរាបផង និង បណ្តាស្រុកជុំវិញក្រុងសៀមរាបផង ដែលកំពុងតែមានការអភិវឌ្ឍលើវិស័យសំណង់ និងសេវាកម្មនានាយ៉ាងខ្លាំងក្លា ស្របជាមួយនឹងការបង្កើត ទីក្រុងរណបថ្មី នៅប៉ែកខាងកើត និងប៉ែកខាងជើងក្រុង៕
ដោយ ៖ គឿនវេត



-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


