Connect with us

ព័ត៌មានជាតិ

​ចែក​ជូន​ពូជស្រូវ​សែន​ក្រអូប​មិន​ប្រកាន់​រដូវ​២៩​តោន ដល់​កសិករ​រងគ្រោះ​ដោយ​ទឹកជំនន់​

បានផុស

នៅ

ក្រោយ​ជំនន់​ទឹកភ្លៀង ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​​ស្រូវ​ និង​ដំណាំ​ផ្សេងៗ​ទៀត ជា​កត្តា​នាំ​ឲ្យ​​ជីវភាព​គ្រួសារ​ឮ​ប្រជាពលរដ្ឋ​ធ្លាក់​ចុះ ហើយ​រាជរដ្ឋាភិបាល​ ក៏បាន​ផ្តល់​ពូជស្រូវ​ និង​ពូជ​ដំណាំ​ផ្សេង​ៗ​ផង​ដែរ​ ដល់​ប្រ​ជា​ជន​រងគ្រោះ​គ្រប់​បណ្តា​ខេត្ត​ដែល​ប្រឈម ដើម្បី​ស្តារ​ជីវភាព​ពួកគាត់​ឡើងវិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពី​ថ្ងៃទី​២៩ ​ខែ​តុលា ​ឆ្នាំ​២០២០​ លោក ​ងួន​ រតនៈ ​អភិបាលខេត្ត​បាត់ដំបង​ ក្រោម​អធិបតីភាព​លោក​ វេ​ង​ សាខុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ផ្តល់​ពូជស្រូវ​សែន​ក្រអូប​ជា​ប្រភេទ​ស្រូវ​មិន​ប្រកាន់​រដូវ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​២៩០​គ្រួសារ​ មកពី​ភូមិ​សំបុក​អក ​ក្នុង​ឃុំ​កំពង់​ព្រៀង​ ស្រុក​សង្កែ។ ​ក្នុងនោះ ​ក៏មាន​ផ្តល់​អង្ករ​ និង​គ្រឿង​ឧបភោគ​ បរិភោគ​ មួយ​ចំនួន​ផងដែរ​។​

លោក​អភិបាល​ បាន​លើក​ឡើង​ថា​ ជំហាន​ដំបូង ​ស្រូវពូជ​សែន​ក្រអូប​មិន​ប្រកាន់​រដូវ​សរុប​ចំនួន​២៩​តោន​ចំពោះមុខ​នេះ ​ត្រូវបាន​បែងចែក​ជូន​ដល់​បងប្អូន​ប្រជាកសិករ​ចំនួន​២៩០​គ្រួសារ​ ដែល​មកពី​ភូមិ​ឃុំ​ខាងលើ​ ដើម្បី​យកទៅ​ដាំ​ដុះ​ស្តារ​ផល​ស្រូវ​ឡើងវិញ​ ក្រោយពី​ទឹកជំនន់​បាន​បំផ្លាញ​កន្លងមក​។​

បន្ថែម​ពី​នោះ ប្រជាពលរដ្ឋ​ចំនួន​១០​ស្រុក​ ដែល​កំពុង​ត្រូវបាន​ប្រឈម​ក្នុង​ការ​ប៉ះពាល់​ និង​ខូចខាត​ដំណាំ​ជាច្រើន​ដូចជា​ ស្រូវស្រាល​ ,​ស្រូវ​ដើមរដូវ ​,​ស្រូវកណ្តាល ​,​ស្រូវ​ឡើង​ទឹក ​និង​ស្រូវធ្ងន់​ សរុប​ចំនួន​១២៧.១៨៩​ហិកតា​ រួម​នឹង​មាន​ប៉ះពាល់​ដំណាំ​សាកវប្បកម្ម​ និង​ដំណាំ​កសិឧស្សាហកម្ម​ជា​ច្រើន​ទៀត​ផង​ដែរ​។​

នៅក្នុង​ឱកាស​នោះ ​លោក​ វេ​ង​ ​សាខុន បាន​បញ្ជាក់​ដែរ​ថា ក្រោយពី​ជំនន់​ទឹកភ្លៀង​បាន​ស្រក​ជា​ធម្មតា​វិញ​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ក៏ដូចជា​ក្រសួង​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ ​បាន​ប្រកាន់​ជំហរ​ក្នុង​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​ ដើម្បី​លើកទឹកចិត្ត​ជំរុញ​ឲ្យ​កសិករ​ដែល​រង​គ្រោះ​ទាំងអស់ ​ត្រូវ​ខិតខំ ​ប្រឹងប្រែង ​ជម្នះ​នូវ​រាល់​ឧបសគ្គ​នានា។​ ក្នុងនោះ ដើម្បី​ស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ និង​ដំណាំ​រួមផ្សំ​ឡើងវិញ​ តាមរយៈ​ការផ្តល់​ពូជ​ដំណាំ​គ្រប់​ប្រភេទ​ពី​រាជរដ្ឋាភិបាល​។

​ស្រប​ជា​មួយ​នឹង​ក្រសួង​ជួយ​លើកទឹកចិត្ត​គាំទ្រ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ការ​ដាំដុះ​ស្តារឡើងវិញ​តាម​គ្រប់​រូបភាព ​ពិសេស​ដំណាំ​ស្រូវ​ ក្រសួង​ រង់ចាំ​ផ្តល់​កិច្ច​អន្តរាគមន៍​គ្រប់ពេលវេលា​។

​អំណោយ​សង្គ្រោះ​បឋម​ជួយ​ដល់​ប្រជាកសិករ​នាពេលនេះ ​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​ស្រូវពូជ​ចំនួន​១០០​គីឡូក្រាម ​រួមជាមួយ​អង្ករ ​មី​ ទឹក​ត្រី ​ទឹកស៊ីអ៊ីវ ​និង​សាច់ក្រក​មួយ​ចំនួន​ទៀត​ផង​ដែរ​៕

អត្ថបទ ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម