Connect with us

ព័ត៌មានជាតិ

សេដ្ឋកិច្ចកម្ពុជា រំពឹងមានកំណើន ៥.៥ភាគរយ នៅឆ្នាំ ២០២៣

បានផុស

នៅ

នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើន ៥,៥% ជាមួយនឹងកម្រិតអតិផរណាទាបប្រមាណ ២%។ នេះបើតាមធនាគារជាតិនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមធនាគារជាតិ តាមរយៈកំណើននេះ ដោយសារប្រព័ន្ធធនាគារបន្តមានស្ថិរភាពរឹងមាំ ឥណទានមានកំណើន ១៦,៣% ដែលត្រូវបានផ្ដល់ទៅកាន់គ្រប់វិស័យនៃសេដ្ឋកិច្ចដោយមិនមានការប្រមូលផ្តុំ លើវិស័យណាមួយខ្លាំងនោះទេ។ បន្ទាប់ពីការបញ្ចប់វិធានការបន្ធូរបន្ថយបទប្បញ្ញត្តិក្នុងអំឡុងពេលមិនរីករាលដាលជំងឺកូវីដ-១៩ ឥណទានមិនដំណើរការបានកើនឡើងពី ២,១% ដល់ ២,៩% ដែលបន្តស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។

វិស័យហិរញ្ញវត្ថុមិនមែនធនាគារបានបន្តរីកចម្រើនជាលំដាប់ ជាមួយនឹងមូលធនូបនីយកម្មទីផ្សារ មូលបត្រកម្មសិទ្ធិនិងមូលបត្របំណុល កើនដល់ ៧,៥ ទ្រីលានរៀល និង ៥១៥ ប៊ីលានរៀលរៀងគ្នា ព្រមទាំងបុព្វលាភធានារ៉ាប់រងសរុបបានកើន ១០,៧% ដល់ ១,៤ ទ្រីលានរៀល។ ការចេញផ្សាយមូលបត បំណុលរបស់រដ្ឋជាប្រាក់រៀល ជាចំណុចចាប់ផ្ដើមដ៏សំខាន់មួយក្នុងការរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ កម្ពុជា ដោយបានបន្ថែមប្រភពមូលនិធិសម្រាប់ថវិការដ្ឋ និងជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ។ ជាមួយគ្នានេះ ការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់បានលើកកម្ពស់ប្រសិទ្ធភាពនៃការទូទាត់ សម្រួលដល់ប្រតិបត្តិការឆ្លង គ្រឹះស្ថាន ជំរុញសកម្មភាពសេដ្ឋកិច្ច និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ជាក់ស្ដែង ចំនួនគណនីកាបូប អេឡិចត្រូនិកបានកើនឡើងដល់ ១៩,៥ លានគណនី ហើយទំហំនៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក បានកើនដល់ជាង ១០ ដងនៃផ.ស.ស.។

បើទោះជាកម្ពុជា រក្សាបានកំណើនសេដ្ឋកិច្ចល្អយ៉ាងណាក្តី ក៏ធនាគារជាតិ បានមើលឃើញពី​ហានិភ័យនៅតែកើតមានដូចជា ការអូសបន្លាយនៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរឹត​បន្តឹង ស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ ដែលប៉ះពាល់ដល់ការរំពឹងទុកនៃការនាំចេញ និងការវិនិយោគ​ចូលមកកម្ពុជា។ បញ្ហាដែលអូសប់ន្លាយក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលអាចបង្អាក់កំណើនវិនិយោគក្នុងវិស័យ​អចលនទ្រព្យនៅកម្ពុជា និងការកើនឡើងអត្រាការប្រាក់ឥណទាន ដែលបណ្តាលមកពីការ កើនឡើងអត្រាការ​ប្រាក់លើទីផ្សារអន្តរជាតិ ដែលនាំឱ្យកំណើនឥណទានថយចុះ ហើយចំណាយលើការ​ខ្ចីខ្ពស់ជាងមុន​ក៏អាចកាត់បន្ថយ​ការវិនិយោគក្នុងស្រុកផងដែរ។

ទន្ទឹមនឹងហានិភ័យខាងក្រៅ ហានិភ័យសក្តានុពលខាងក្នុងក៏ត្រូវយកចិត្តទុកដាក់និងតាមដានផងដែរ ដែលក្នុង​នោះអាចកើតមានឡើងពីវិស័យអចលនទ្រព្យ។ ក្នុងរយៈពេលប្រមាណ ១ទសវត្សរ៍មុន ពេលវិបត្តិកូវីដ-១៩ វិស័យ​អចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប៉ុន្តែការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុក ដោយសារវិបត្តិកូវីដ និងការងើបឡើងក្នុងស្ថានភាពមិនប្រាកដប្រជា បានធ្វើឱ្យតម្រូវការក្នុងវិស័យនេះធ្លាក់ចុះជាលំដាប់។ ស្ថានភាពនេះទាមទារឱ្យមានការតាមដានយ៉ាង ប្រុងប្រយ័ត្ន ជាពិសេសលើការផ្តល់ឥណទាន​ទៅកាន់វិស័យ​អចល​នទ្រព្យ ព្រមទាំងពង្រឹងកិច្ចសហការ យ៉ាងជិតស្និតរវាងអាជ្ញាធរពាក់​ព័ន្ធដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង និងឥទ្ធិពលរាលដាលទៅកាន់វិស័យទៀត។

ការប្រឈមនឹងភាពមិនប្រាកដប្រជានេះ ធនាគារជាតិនៃកម្ពុជាបាន​និងកំពុង​អនុវត្តវិធានការចាកចេញពីវិបត្តិ ដោយការពង្រឹងក្របខណ្ឌបទប្បញ្ញត្តិឡើងវិញប្រកបដោយការប្រុងប្រយ័ត្ន ដើម្បី​ពង្រឹងភាពធន់ របស់ប្រព័ន្ធធនាគារ ស្របពេលនឹងការជួយដល់វិស័យអាទិភាព ដូចជា សហគ្រាសធុនតូចនិងមធ្យម វិស័យកសិកម្ម អប់រំ ក្នុងដំណាក់កាលនៃការងើបឡើងរបស់សេដ្ឋកិច្ច។ ទន្ទឹមនេះ ការរក្សាស្ថិរភាពហិរញ្ញវត្ថុ ជាការងារ​អន្តរវិស័យ ដែលទាមទារឱ្យមានកិច្ចសហការ និងសម្របម្រួលទាំងពីអាជ្ញាធរ និងភាគីពាក់ព័ន្ធនានា ដោយ​សារ​ប្រព័ន្ធហិរញ្ញវត្ថុមានភាពប្រទាក់ក្រឡាយ៉ាងជិតស្និទ្ធទាំងក្នុងចំណោមវិស័យហិរញ្ញវត្ថុ និងជាមួយកិវិស័យសេដ្ឋកិច្ចរូបវន្ត។

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើន ៥.២ភាគរយ គាំទ្រដោយកំណើន​នៃការ​នាំចេញ ការត្រឡប់មករកប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការងើបឡើងលឿននៃវិស័យទេសចរណ៍។ ដោយឡែកអតិផរណា បានកើនឡើងរហូតដល់ ៥.៤ភាគរយ ដោយសារកត្តាខាងក្រៅ គួរផ្សំនិងកំណើន​តម្រូវការក្នុង​ស្រុក បន្ទាប់ពីងើបឡើងវិញពីវិបត្តិកូវីដ-១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម