កីឡា
ចាន់ រតនា ផ្តោតលើការវ៉ៃយកពិន្ទុក្នុងគុនចម្រុះជើងឯកអាស៊ី
កីឡាករគុនចម្រុះឈានមុខគេ ចាន់ រតនា ទទួលបានឱកាសប្រកួតតំណាងឲ្យជាតិជាលើកដំបូងក្នុងព្រឹត្តិការណ៍ប្រកួតគុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤ (Asian Mixed Martial Arts Championship) ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

នេះជាការវិលចូលសង្វៀនគុនចម្រុះសាជាថ្មី បន្ទាប់ពីខកខានប្រកួតស្ទើរ២ឆ្នាំហើយ ប៉ុន្តែរូបគេធ្លាប់ប្រកួតគុនល្បុក្កតោកាលពីចុងឆ្នាំ២០២៣ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងគុនចម្រុះដែរ។ ទោះជាមិនបានប្រកួតក៏ ចាន់ រតនា នៅតែបន្តសកម្មភាពហ្វឹកហាត់ជាប្រចាំ និងបង្ហាត់កូនសិស្សអំពីគុនល្បុក្កតោ ហើយចុងក្រោយបំផុតបានប្រកួតគុនខ្មែរទទួលបានខ្សែក្រវាត់ម៉ារ៉ាតុង។
ចាន់ រតនា បានប្រាប់ក្នុងបទសម្ភាសថា ៖«នេះជាព្រឹត្តិការណ៍សំខាន់សម្រាប់ខ្ញុំ។ ការប្រកួតនេះខុសពីលក្ខណៈអាជីព ហើយនេះវ៉ៃតំណាងជាតិ។ វាជាលើកទី១ដែលខ្ញុំចូលរួមតំណាងឲ្យជាតិ។ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត។ ខ្ញុំប្រឹងឲ្យអស់ពីសមត្ថភាព»។

ដោយសារការប្រកួតកីឡាផ្លូវការមានលក្ខន្តិកៈត្រឹមត្រូវ និងមិនមែនជាការប្រកួតលក្ខណៈអាជីព ចាន់ រតនា បានផ្តោតយកចិត្តទុកដាក់លើការប្រកួតដែលវាយយកពិន្ទុច្រើនជាងការវាយដៃគូឲ្យសន្លប់តាមរយៈក្បាច់ឃ្លេជាដើម។
អ្នកលេងគុនចម្រុះកម្ពុជារូបនេះបាននិយាយថា ៖«ការប្រកួតនេះខុសពីការប្រកួតអាជីព។ តាមខ្ញុំមើលលក្ខន្តិកៈនៃការប្រកួត ក៏ដូចជាវីដេអូប្រកួតកន្លងមកគឺយើងត្រូវការកម្លាំងខ្លាំង ជាពិសេសត្រូវវៃឆ្លាតក្នុងការប្រកួត។ មើលតាមបច្ចេកទេសគឺភាគច្រើន វ៉ៃយកពិន្ទុ ពីព្រោះមានឧបករណ៍ការពារ មានច្បាប់បិទច្រើន។ ចំណុចសំខាន់គឺលឿន រហ័ស វ៉ៃយកពិន្ទុឲ្យបានច្រើន គឺអាចឈ្នះហើយ»។
«ការត្រៀមខ្លួនសំខាន់របស់ខ្ញុំគឺ ខិតខំហ្វឹកហាត់ឲ្យបានដិតដល់ និងទទួលទានអាហារឲ្យមានរបបអាហារត្រឹមត្រូវ»។ ចាន់ រតនា បានបន្ថែម។

លោក ហ៊ុន ចន្ទរាជ ជាគ្រូបង្វឹកគុនចម្រុះ និងជាកីឡាករ១រូបមានឈ្មោះប្រកួតដែរនោះបានលើកឡើងថា ការប្រកួតគុនចម្រុះជើងឯកអាស៊ីនេះគឺមិនសាហាវ ឬគ្រោះថ្នាក់ខ្លាំងដូចដែលធ្លាប់ឃើញការប្រកួតតាមសង្វៀនឯកជនទេ។ ក្បាច់ ឬស្នៀតគ្រោះថ្នាក់ត្រូវបានដកចេញ ហើយក្នុងនោះសូម្បីតែការអោបឃ្លេនៅលើក្តារក៏មិនយូរដែរគឺប្រហែលជា១៥វិនាទីប៉ុណ្ណោះ អាជ្ញាកណ្តាលនឹងចាប់បំបែកចេញ។
លោកបានបន្តថា ការប្រកួតត្រូវការភាពរហ័សរហួន ទាំងឈរ និងក្បាច់ក្រោម។ កីឡាករ កីឡាការិនីកម្ពុជាភាគច្រើនជាអ្នកកីឡាគុនខ្មែរដែលមានបទពិសោធច្រើនក្នុងការប្រើកណ្តាប់ដៃ និងទាត់ ដូច្នេះលោកសង្ឃឹមទទួលបានលទ្ធផលល្អក្នុងនាមជាម្ចាស់ផ្ទះ។
ចាន់ រតនា បានប្រកួតគុនចម្រុះអាជីព១២ដង គឺឈ្នះ៧ដង និងចាញ់៥ដង។ ការប្រកួតគុនល្បុក្កតោលក្ខណៈគុនចម្រុះរូបគេបានយកឈ្នះកីឡាករឥណ្ឌូណេស៊ី John Leary Ornido ក្នុងកម្មវិធី«អ្នកលេងគុន» កាលពីខែធ្នូ ឆ្នាំ២០២៣ និងនៅឆ្នាំ២០២៤បានប្រកួតគុនខ្មែរទទួលបានខ្សែក្រវាត់ម៉ារ៉ាតុង។

សូមបញ្ជាក់ថា ការប្រកួតគុនចម្រុះជើងឯកអាស៊ី លើកទី២ ធ្វើនៅថ្ងៃទី ១១-១២-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកដែលនឹងអញ្ជើញចូលរួមពិធីបើកដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ព្រឹត្តិការណ៍នេះក៏ជាការប្រកួតជម្រុះដើម្បីយកជ័យលាភីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍«កីឡាក្នុងសាល និងក្បាច់គុនអាស៊ី (Asian Indoor and Martial Arts Games) ឆ្នាំ២០២៤ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


