ព័ត៌មានជាតិ
ក្រោមចំណងការទូតរយៈពេល៧០ឆ្នាំ ជប៉ុនជួយសាងសង់ស្ពានធំៗដល់កម្ពុជាចំនួន១០ស្ពាន
ជប៉ុន-កម្ពុជា បានចងចំណងការទូតនឹងគ្នាជាផ្លូវការចាប់តាំងពីថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ រហូតមកដល់ក្នុងឆ្នាំ២០២៣នេះ គឺមានរយៈពេលគម្រប់ខួប៧០ឆ្នាំហើយ។ ក្នុងរយៈពេល៧០ឆ្នាំមកនេះ ប្រទេសជប៉ុនបានចូលរួមចំណែកជួយអភិវឌ្ឍកម្ពុជាទៅលើវិស័យអប់រំ កិច្ចការជួសជុលប្រាសាទ ផ្ដល់ជំនួយលើការដោះអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជំនួយឥតសំណងយ៉ាងច្រើន ព្រមទាំងប្រាក់កម្ចី ជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន។ល ។
ប៉ុន្តែ ក្នុងចំណោមការជួយរបស់ជប៉ុនទាំងនេះ គឺហេដ្ឋារចនាសម្ព័ន្ធស្ពាន មានភាពលេចធ្លោរជាងគេ។ គិតមកដល់ពេលនេះ ជប៉ុន បានជួយសាងសង់ស្ពាននៅក្នុងប្រទេសកម្ពុជាចំនួន១០មកហើយ។ ស្ពានទាំងនេះ រួមមាន៖
១/ ស្ពានជ្រោយចង្វារទី១៖ ស្ពានដែលជប៉ុនជួយសាងសង់ដំបូងបង្អស់នេះ មានប្រវែង៩៧០ម៉ែត្រ លាតសន្ធឹងកាត់លើទន្លេសាប រាជធានីភ្នំពេញ។ ស្ពានដែលមានឈ្មោះជាភាសាជប៉ុនថា “នីហុនបាស៊ី” នេះ សាងសង់ឡើងដំបូងនៅឆ្នាំ១៩៦៣។ នៅអំឡុងសង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៧២ ស្ពាននេះត្រូវបានគេបំផ្ទុះផ្នែកកណ្ដាលនៃស្ពាន ដើម្បីកុំឱ្យឆ្លងកាត់ដឹកស្បៀងចូលក្នុងរាជធានីភ្នំពេញបាន។ ដោយសារតែស្ពានជ្រោយចង្វាទី១នេះ ជាស្ពានដ៏មានសារៈសំខាន់តភ្ជាប់រាជធានីភ្នំពេញទៅកាន់បណ្ដានានាខេត្តភាគឦសាននៃប្រទេសកម្ពុជា ហើយជាស្ពាន មានអត្ថន័យជានិមិត្តរូបសម្រាប់កម្ពុជា-ជប៉ុនផង នៅឆ្នាំ១៩៩២ជប៉ុនបានជួសជុលតភ្ជាប់ស្ពានឡើងវិញ។

នៅឆ្នាំ១៩៩៤ ស្ពានជ្រោយចង្វាទី១ បានដំណើរការឡើងវិញរហូតមកដល់ឆ្នាំ ២០១៧ ទើបមានការជួសជុលឡើងវិញ ដោយសារតែស្ពាននេះមានអាយុកាលច្រើន។បន្ទាប់ពីជួសជុលរយៈពេលជាងមួយឆ្នាំ ក្នុងទំហំទឹកប្រាក់ចំនួន៣០លានដុល្លាដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន នៅពាក់កណ្ដាលខែមេសា ឆ្នាំ២០១៩ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន បានសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញ ដោយអាចប្រើប្រាស់បាន៥០ឆ្នាំទៅមុខ។
២/ ស្ពានគីហ្សូណា៖ ស្ពាននេះ ឆ្លងកាត់ទន្លេមេគង្គមានប្រវែង១៥០០ម៉ែត្រ ស្ថិតនៅក្នុងខេត្តកំពង់ចាម សាងសង់ឡើងក្នុងឆ្នាំ២០០១ ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ដោយចំណាយទឹកប្រាក់ចំនួន៥៦លានដុល្លាសហរដ្ឋអាមេរិក។ ទិដ្ឋភាពស្ពានគីហ្សូណានេះ គឺមាននៅផ្នែកខាងក្រោយចំកណ្ដាលនៃក្រដាសប្រាក់៥០០៛ ដែលបោះពុម្ពនៅឆ្នាំ ២០១៤។

៣/ ស្ពានត្សឹបាសា ឬស្ពានអ្នកលឿង៖ ស្ពាននេះ តភ្ជាប់ខេត្តចំនួន៣ គឺខេត្តកណ្ដាល ព្រៃវែង និងខេត្តស្វាយរៀង។ ស្ពាននេះ ជាប់ចំណាត់ថ្នាក់ជាស្ពានដែលវែងជាងគេក្នុងប្រទេសកម្ពុជា ពោល គឺមានប្រវែង ២ ២១៦ ម៉ែត្រ។ ទិដ្ឋភាពស្ពានដែលលាតសន្ធឹងកាត់ពីលើទន្លេមេគង្គនេះ ក៏មាននៅផ្ទៃខាងក្រោយចំហៀងខាងឆ្វេងក្រដាសប្រាក់ ៥០០៛ ដែលបោះពុម្ពឡើងនៅឆ្នាំ ២០១៤ដែរ។ ក្រោមការចំណាយថវិកាសាងសង់អស់ចំនួន១៣០លានដុល្លារដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ស្ពានដែលមានប្រវែងវែង និងកម្ពស់ខ្ពស់នេះ អនុគ្រោះឱ្យកប៉ាល់ដឹកទំនិញ ដឹកភ្ញៀវទេសចរ អាចចេញ-ចូលដោយងាយស្រួល។ ស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១១ និងបញ្ចប់ការសង់នៅថ្ងៃ១៥ ខែមីនា និងសម្ពោធនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុនសែន និងអនុរដ្ឋមន្រ្តីក្រសួងដែនដីជប៉ុន។

ចំណែក ស្ពានចំនួន៥កន្លែងទៀត ស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣។ ស្ពានទាំង៥នេះ គឺ៖
៤/ ស្ពានព្រែកសណ្តាន់ ប្រវែង ៣៥ម៉ែត្រ។
៥/ ស្ពានព្រែកឫស ប្រវែង ៦២ម៉ែត្រ។
៦/ ស្ពានអន្លង់ឃ្លេ ប្រវែង ៤៨ម៉ែត្រ។
៧/ ស្ពានព្រែកឆ្លូង ប្រវែង ១៤០ម៉ែត្រ។
៨/ ស្ពានពាមទេរប្រវែង១៧៥ ម៉ែត្រ។
ដោយឡែក ស្ពានចំនួន២កន្លែងផ្សេងទៀត គឺស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១១ គឺ៖
៩/ ស្ពានបាបោងលេខ១ ប្រវែង ១០៥ម៉ែត្រ។
១០/ និងស្ពានបាបោងលេខ ២ ប្រវែង ១០៥ម៉ែត្រ។


លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា ស្ពានទាំង៧កន្លែងនេះ គឺជាគម្រោងសាងសង់ឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្ត ក្រចេះ និងខេត្តព្រៃវែង ដែលមានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣ ៤២៤ ម៉ែត្រ។ គម្រោងសាងសង់ស្ពានទាំង៧កន្លែងនេះ ចំណាយអស់ទឹកប្រាក់ប្រមាណ៣៥លានដុល្លា គឺជាហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន។
ជុំវិញការផ្ដល់ជំនួយដល់កម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ធ្លាប់បានប្រាប់សារព័ត៌មាន កម្ពុជាថ្មី ថា រាជរដ្ឋាភិបាលជប៉ុន នឹងបន្តផ្ដល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជាទាំងផ្នែកសម្ភារៈ ក៏ដូចជាជំនួយផ្សេងៗជាច្រើនថែមទៀត៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា