Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​​​ លុប​ចោលគោល​ការណ៍​ហាម​ឃាត់​​​ការនាំ​​ចេញអាវុធ​ទៅ​ក្រៅ​ប្រទេស​

បានផុស

នៅ

ដោយសារ​ស្ថានភាព​​ពិភព​លោក​បច្ចុប្បន្ន​ពិបាក​ប៉ាន​ស្មាន​​ និង​មាន​ភាព​តាន​តឹង​​កាន់តែ​ខ្លាំង​​ឥត​ឈប់ បើ​ងាក​មើល​ប្រទេស​មហាអំណាច​មួយ​ចំនួន​​ ដូច​ជា ​ចិន អាមេរិក រួម​ទាំង​​​ប្រទេសកុម្មុយនិស្ត​ កូរ៉េខាងជើង​ ពួក​គេ​កំពុង​ដុះ​ខាត​ និង​កសាង​វិស័យ​ការពារ​ជាតិ​ឡើង​វិញ​យ៉ាង​មុតស្រូច​។​

​​​ប្រទេសជប៉ុន​​ក៏​មិននៅស្ងៀមដែរ គឺ​បាន​​អនុម័តលុបចោល​គោល​ការណ៍​ហាមឃាត់នូវ​​ការ​នាំចេញអាវុធប្រល័យលោកទៅ​កាន់​ប្រទេស​ដទៃ​ទៀតនៅ​ថ្ងៃ​អង្គារ​ ​​ជា​ការផ្លាស់ប្តូរដ៏សំខាន់​មួយ​នៃ​គោលនយោ​បាយ​សន្តិភាព​និយម​ក្រោយសង្គ្រាម​​លោក​លើក​ទី​២ ខណៈប្រទេសនេះ​កំពុង​ស្វែង​រក​និង​​កសាង​ឧស្សាហកម្មអាវុធ​ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃ​គូ​ការពារជាតិផ្សេង​ទៀត​។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន AP ផ្សាយ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៦ គណៈរដ្ឋមន្ត្រី​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក​ស្រី​ សាណាអេ តាកាអ៊ិឈិ​ (Sanae Takaichi) បាន​អនុម័តលើ​គោល​ការណ៍​ណែ​នាំ​ថ្មីនេះ​ ដើម្បី​លុបបំបាត់​ឧបសគ្គ​ចុងក្រោយ​សម្រាប់​ការលក់អាវុធ​ក្រោយ​សង្គ្រាម​របស់ប្រទេសជប៉ុន និងសម្រួលដល់​ការលក់អាវុធ​នា​ពេល​អនាគត​ ដូចជា យន្តហោះចម្បាំងជំនាន់​ក្រោយនិងដ្រូន​ជា​ដើម​​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយក​រដ្ឋ​មន្រ្តី​ជប៉ុន លោក​ស្រី​ សាណាអេ តាកាអ៊ិឈិ ។ រូបភាព៖ Reuters

ការ​​​​សម្រេច​នេះ កើតឡើង ​ចំពេល​​​ទី​ក្រុង​តូក្យូ​បង្កើន​ល្បឿន​កសាង​សមត្ថ​ភាព​យោធា​ ​ហើយ​​ប្រឈមនឹង​អ​សន្តិ​សុខ​កាន់​តែខ្លាំងឡើង​នៅក្នុងតំបន់​។

ខណៈការផ្លាស់​ប្តូរ​គោលនយោបាយ​ប្រទះ​នឹង​ការ​រិះ​គន់​ពី​ប្រទេស​ចិន ប៉ុន្តែ​​​ក៏​ទទួលបាន​ការ​សាទរ​ និង​ស្វាគមន៍យ៉ាងខ្លាំងដោយ​ដៃគូផ្នែក​ការពារជាតិ​របស់​ជប៉ុន​ ដូចជា ប្រទេស​អូស្ត្រាលី និង​ទាក់ទាញចំណាប់អារម្មណ៍ពីអាស៊ីអាគ្នេយ៍ ​​ជា​ពិសេស​ប្រទេស​​​តំបន់​​អឺរ៉ុប​។

​ទោះបី​​យ៉ាង​ណា ​ក្រុម​ប្រឆាំង​លើក​ឡើង​ថា៖ « ការផ្លាស់ប្តូរនេះ​រំលោភលើ​រដ្ឋធម្មនុ​ញ្ញសន្តិ​និយមរបស់ជប៉ុន ហើយវា​​នឹងបង្កើនភាពតានតឹងសកល ​និងគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រជាជនជប៉ុន»។

ដោយ​ឡែក លោក Minoru Kihara អគ្គលេខាធិការគណៈរដ្ឋមន្ត្រី ប្រាប់​អ្នក​យក​ព័ត៌មានថា៖ « គោលនយោបាយ​ថ្មីនេះនឹងធានា​សុវត្ថិ​ភាព​សម្រាប់ប្រទេសជប៉ុន ថែម​ទាំង​រួមចំណែក​បន្ថែមទៀត​ដល់​សន្តិ​ភាព ស្ថិរភាព​ក្នុងតំបន់ និង​អន្តរជាតិ ខណៈបរិយាកាសសន្តិសុខ​ជុំវិញ​ប្រទេសរបស់យើង​កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស»។

លោក​បន្ថែម​ថា​៖ « រដ្ឋាភិបាល​នឹង​លើក​កម្ពស់​ការ​ផ្ទេរ​អាវុធ​​ក្នុង​វិស័យ​ការពារ​ជាតិជាយុទ្ធសាស្ត្រ ដើម្បី​បង្កើតបរិយាកាសសន្តិសុខដែល​អាច​ទុក​ចិត្ត​បាន​សម្រាប់ប្រទេសជប៉ុន និងដើម្បីកសាងមូល​ដ្ឋាន​ឧស្សាហកម្ម​អាច​គាំទ្រដល់ភាពធន់នៃការប្រយុទ្ធ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​»៕

ប្រែសម្រួល៖​ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម