Connect with us

ព័ត៌មានជាតិ

វិទ្យុ​បារាំង​អន្តរជាតិ (RFI) ជា​ខេមរភាសា​ផ្អាក​ផ្សាយ​តាម​រលកអាកាស FM ងាក​មក​ផ្សាយ តាម​ប្រព័ន្ធ​ឌីជីថល​ទាំងស្រុង​

បានផុស

នៅ

​ចាប់ពី​ថ្ងៃទី​៣១ កក្កដា ឆ្នាំ ២០២៣​ទៅ វិទ្យុ​បារាំង​អន្តរជាតិ​ជា​ខេមរភាសា​នឹង​បញ្ឈប់​ការផ្សាយ​តាម​រលកអាកាស FM នៅ​ប្រទេស​កម្ពុជា​ដើម្បី​ងាក​ទៅ​ពង្រីក និង​ពង្រឹង​ការផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល​ទាំងស្រុង ពិសេស​តាម Facebook​។

ហេតុអ្វី​បានជា​វិទ្យុ​បារាំង​អន្តរជាតិ​ជ្រើស​យក​យុទ្ធសាស្ត្រ​ថ្មី​នេះ​? ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​ស្ទាបស្ទង់​មតិ​ជា​បន្តបន្ទាប់​បាន​បង្ហាញ​ឱ្យឃើញ​នូវ​ការធ្លាក់ចុះ​ខ្លាំង និង​លឿន​រហ័ស​នៃ​ចំនួន​អ្នក​ស្តាប់​វិទ្យុ​នៅក្នុង​ប្រទេស​កម្ពុជា​។ បាតុភាព​នេះ​ ដែល​ប៉ះពាល់​ទាំង​វិទ្យុ​ផ្សាយ​នៅក្នុង​ស្រុក​និង​វិទ្យុ​ផ្សាយ​ចេញពី​បរទេស រួម​ទាំង​វិទ្យុ​បារាំង​ផង​កើត​ចេញពី​ទម្លាប់​កាន់តែ​ទូទៅ និង​កាន់តែ​ធំធេង​របស់​ប្រជាជន​ខ្មែរ​ក្នុង​ការ​និយម​ប្រើប្រាស់ Facebook ដើម្បី​អាន ស្តាប់ ឬ​មើល​ព័ត៌មាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នា​នឹង​ការ​ធ្លាក់ចុះ​នៃ​ចំនួន​អ្នក​ស្តាប់​វិទ្យុ​បារាំង​អន្តរជាតិ​តាម​រលកអាកាស​FM ចំនួន​អ្នក​តាមដាន​ព័ត៌មាន​របស់​យើង​តាម​ប្រព័ន្ធ​ឌីជីថល ពិសេស​តាម​Facebook បាន​នឹង​កំពុង​បន្ត​កើន​ឡើង​យ៉ាង​លឿន​រហ័ស​។ ជាក់ស្តែង ទំព័រ​Facebook របស់​វិទ្យុ​បារាំង​អន្តរជាតិ​ជា​ភាសា​ខ្មែរ​ទទួល​បាន​ជាង ២០០​លាន​Views ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ ២០២២ កន្លងទៅ ហើយ​ចំនួន​អ្នកតាមដាន​កើន​រហូតដល់​ជិត ៥​លាន​នាក់​ក្នុង​គ្រា​បច្ចុប្បន្ន​។

នេះ​ហើយ​ជាហេតុ​ផល​ចម្បង​ ដែល​បាន​ជំរុញ​ឲ្យ​វិទ្យុ​បារាំង​អន្តរជាតិ​ធ្វើកំណែទម្រង់​តាមរយៈ​ការសម្រេចចិត្ត​បញ្ឈប់​ជា​ស្ថាពរ​នូវ​ការផ្សាយ​តាម​រលកអាកាស FM និង​ងាក​ទៅ​ផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល​ទាំងស្រុង​វិញ​។ ក្នុង​ន័យ​នេះ នៅ​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ ២០២៣ វិទ្យុ​បារាំង​អន្តរជាតិ​នឹង​ប្រគល់​ទៅឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​វិញ​នូវ​ហ្វ្រេ​កង់ FM ដែល​ខ្លួន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៩២ គឺ 92 FM និង 94.5 FM​។

គួរ​បញ្ជាក់​ថា វិទ្យុ​បារាំង​អន្តរជាតិ​ដែល​ផ្សាយ​ជា​ភាសា​បារាំង និង​ភាសាបរទេស ក្នុង​នោះ​មាន​ទាំង​ភាសា​ខ្មែរ​ផង​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ខ្មែរ​ឱ្យ​ផ្សាយ​ជា​ភាសា​បារាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​រលកអាកាស FM នៅ​ឆ្នាំ ១៩៩២​។ មួយ​ឆ្នាំ​ក្រោយមក ពោល​នៅ​ឆ្នាំ​១៩៩៣ វិទ្យុ​បារាំង​អន្តរជាតិ​បាន​បង្កើត​ឲ្យ​មាន​ការិយាល័យ​និពន្ធ​ជា​ខេមរភាសា​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។​

​ប៉ុន្តែ​សម័យកាល​នោះ រាជរដ្ឋាភិបាល​ខ្មែរ​មិន​អនុញ្ញាតឱ្យ​វិទ្យុ​បារាំង​អន្តរជាតិ​ជា​ខេមរភាសា​បន្លឺសំឡេង​តាម​រលកអាកាស FM នៅ​កម្ពុជា​ទេ​។ អ៊ីចឹង​ហើយ​បានជា​ពេលនោះ​ពី​ទីក្រុង​ប៉ារីស វិទ្យុ​បារាំង​អន្តរជាតិ​ជា​ភាសា​ខ្មែរ​បាន​ផ្សាយ​តាម​រលកអាកាស​ខ្លី​ទៅកាន់​កម្ពុជា​នូវ​កម្មវិធី​មួយ​ម៉ោង​របស់ខ្លួន​នៅ​រៀងរាល់​យប់​ពី​ម៉ោង​៧​ដល់​ម៉ោង​៨ ម៉ោង​នៅ​ស្រុក​ខ្មែរ និង​តាម​រលកអាកាស​មធ្យម​សម្រាប់​សហគមន៍​ខ្មែរ​នៅ​ប៉ារីស និង​ជាយក្រុង​ប៉ារីស​។

គឺ​ទើប​នៅ​ឆ្នាំ​២០០៥ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​វិទ្យុ​បារាំង​អន្តរជាតិ​ជា​ខេមរភាសា​បន្លឺ​សំឡេង​តាម​រលកអាកាស FM នៅ​ប្រទេស​កម្ពុជា​រយៈពេល ១​ម៉ោង​រៀងរាល់​យប់​ពី​ម៉ោង ៧​ដល់​ម៉ោង​៨ ម៉ោង​នៅ​ស្រុក​ខ្មែរ​។ ចំណែក ២៣​ម៉ោង​ផ្សេងទៀត​ត្រូវ​បាន​វិទ្យុ​បារាំង​អន្តរជាតិ​យក​ប្រើ​សម្រាប់​ការផ្សាយ​បន្ត​ផ្ទាល់​ជា​ភាសា​បារាំង​។ កាលសម័យ​នោះ វិទ្យុ​បារាំង​អន្តរជាតិ​បានសម្រេច​ជួល​វិទ្យុ​ស្ត្រី 102FM ឱ្យ​យក​កម្មវិធី​ផ្សាយ​ជា​ភាសា​ខ្មែរ​រយៈពេល​មួយ​ម៉ោង​ទៅ​ផ្សាយ​បន្ត​នៅ​រៀងរាល់​យប់​។

ក្រោយ​មក​ទៀត​នៅ​ឆ្នាំ​២០១៣ វិទ្យុ​បារាំង​ទទួល​បាន​ការអនុញ្ញាត​ពិសេស​ពី​រាជរដ្ឋាភិបាល​ខ្មែរ​ឱ្យ​ពង្រីក​ការផ្សាយ​ជា​ខេមរភាសា​ពី​១​ម៉ោង​ទៅ​១៣​ម៉ោង​តាម​រលកអាកាស FM នៅ​កម្ពុជា​។ អ៊ីចឹង​ហើយ​បានជា​វិទ្យុ​បារាំង​អន្តរជាតិ​ជា​ភាសា​ខ្មែរ​សម្រេច​បើក​ការិយាល័យ​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​។ រហូតដល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វិទ្យុ​បារាំង​អន្តរជាតិ​ជា​ខេមរភាសា​តាម​រលកអាកាស FM ទាក់ទាញ​បាន​ចំនួន​អ្នក​ស្តាប់​រហូតដល់​ទៅ ១​លាន​នាក់​ក្នុង​មួយ​សប្តាហ៍​នៅក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​បន្តិច​ម្តងៗ អ្នក​ស្តាប់​វិទ្យុ​បារាំង​អន្តរជាតិ​ជា​ភាសា​ខ្មែរ​ផ្តើម​ងាក​ចេញពី​ការ​ស្តាប់​តាម​វិទ្យុ​ទៅ​ស្តាប់ អាន និង​មើល​ព័ត៌មាន​តាម​ប្រព័ន្ធ​ឌីជីថល​វិញ ពិសេស​តាម​ទំព័រ Facebook របស់​យើង​។ នៅ​ទីបំផុត ដើម្បី​ឆ្លើយតប និង​ដើម្បី​សម្រប​ទៅតាម​ការវិវត្តន៍​រប​ស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅក្នុង​លោក​នាពេល​បច្ចុប្បន្ន វិទ្យុ​បារាំង​អន្តរជាតិ​ជា​ខេមរភាសា​សម្រេច​បង្វែរ​គោលដៅ​បន្ត​ផ្សាយ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ឱ្យមាន​លក្ខណៈ​កាន់តែ​សម្បូរបែប និង​ទូលំទូលាយ​តាម​ប្រព័ន្ធ​ឌីជីថល​ទាំងស្រុង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១០ នាទី មុន

​ចរាចរណ៍ប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម២៣ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៣៦ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម