ព័ត៌មានជាតិ
ចរាចរប្រាក់រៀលកើនឡើង ១៥ ភាគរយ ក្នុងមួយឆ្នាំ នាអំឡុង២ទសវត្សរ៍ចុងក្រោយ
លោកស្រី ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ទំហំចរាចរប្រាក់រៀលបានកើនឡើងជាមធ្យម ១៥ ភាគរយ ក្នុងមួយឆ្នាំ នាអំឡុង ២ ទសវត្សរ៍ចុងក្រោយ ខណៈឥណទាន និងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀលក៏បានកើនឡើងលឿន ក្នុងអត្រា ៣៥ និង ៣០ ភាគរយ។

លោកស្រី ជា សិរី លើកឡើងក្នុងពិធី សិក្ខាសាលាស្តីពីខួបលើកទី៤៤ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤។
លោកស្រី ជា សិរីបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិ បានត្រឹមតែទប់ស្កាត់ដុល្លាររូបនីយកម្មមិនឱ្យកើនឡើងបន្តទៀត ប៉ុន្តែមិនទាន់អាចបន្ថយកម្រិតដុល្លាររូបនីយកម្មបាននៅឡើយនោះទេ។

លោកស្រីបានបន្តថា មេរៀនប្រវត្តិសាស្ត្របានបង្ហាញថា ការបាត់ទំនុកចិត្តលើប្រាក់រៀលអាចកើតមានឡើងក្នុងរយៈពេលដ៍ខ្លី តែការស្ដារទំនុកចិត្តឡើងវិញគឺជាការលំបាក ហើយទាមទារពេលវេលា និងការចូលរួមយ៉ាងសកម្ម របស់ក្រសួងស្ថាប័នសាធារណៈ ក្រសួង សហគ្រាស ក្រុមហ៊ុនសហគ្រាស ប្រជាជនទូទៅ និងភាគីពាក់ព័ន្ធទាំងអស់។
ម្យ៉ាងទៀត ឆ្លងកាត់ការជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចកន្លងមក បានបង្ហាញថា កម្ពុជាត្រូវការពង្រឹងការប្រើប្រាស់ប្រាក់រៀលដែលអាចរួមចំណែកជួយការពារ និងស្ដារសេដ្ឋកិច្ចពីវិបត្តិដោយហេតុថា ការប្រើប្រាស់ប្រាក់រៀលទូលំទូលាយនឹងជួយឱ្យកម្ពុជាមានអធិបតេយ្យ និងឯករាជ្យក្នុងការអនុវត្តនយោបាយម៉ាក្រូសេដ្ឋកិច្ចជាពិសេសនយោបាយរូបិយវត្ថុ ដែលអាចជួយដល់ការជំរុញការវិនិយោគ និងការប្រើប្រាស់ក្នុងស្រុកតាមរយៈការជួយបន្ថយ ឬបង្កើនអត្រាការប្រាក់នៅលើទីផ្សារ និងការបញ្ចេញសន្ទនាភាពទៅក្នុងសេដ្ឋកិច្ច។

បើតាមលោកស្រី ជា សិរី ប្រទេសមួយចំនួនធំបានអនុវត្តក្នុងវិបត្តិហិរញ្ញវត្ថុសកល និងវិបត្តិកូវីដ១៩ ធនាគារកណ្ដាលបានបន្ទាបអត្រាការប្រាក់គោល ដើម្បីបន្ថយអត្រាការប្រាក់នៅលើទីផ្សារ និងចាក់បញ្ចូលសាច់ប្រាក់បន្ថែមដល់សេដ្ឋកិច្ច ក្នុងគោលដៅជំរុញសកម្មភាពសេដ្ឋកិច្ច ហើយការធ្វើដូច្នេះបានទាល់តែធនាគារកណ្ដាលអាចគ្រប់គ្រងការប្រើប្រាស់នយោបាយរូបិយវត្ថុប្រកបដោយប្រសិទ្ធភាព គឺនៅពេលដែលរូបិយវត្ថុជាតិត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។
លោកស្រី ជា សិរី បញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានខិតខំសម្រួលការប្រើប្រាស់ប្រាក់រៀលឱ្យមានភាពងាយស្រួលជាបន្តបន្ទាប់ ក្នុងចំណោមវិធានការនានា ប្រព័ន្ធទូទាត់អេឡិចត្រូកនិក ជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ដល់ការទូទាត់ប្រាក់រៀលឱ្យកាន់តែមានភាពទាន់សម័យ ឆាប់រហ័ស និងចំណាយតិច។
ក្នុងឆ្នាំ ២០២៣ ប្រតិបត្តិការទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៤៤ ភាគរយ ធៀបនឹងឆ្នាំ ២០២២ និងខ្ពស់ជាកំណើននៃប្រតិបត្តិការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិក ដែលកើនឡើង ៣,១ ភាគរយ។
ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាង និងក្នុងតំបន់ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាដែលមានគណនីប្រាក់រៀល អាចទូទាត់តាមប្រព័ន្ធ QR Code បានងាយស្រួលក្នុងប្រទេសទាំងនោះ ហើយទេសចរបរទេសក៏អាចទូទាត់តាម QR Code តាមហាងទំនិញនានានៅកម្ពុជា ដែលហាងទាំងនោះនឹងទទួលបានការទូទាត់ជាប្រាក់រៀល។
បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្ដល់សេវាទូទាត់អន្តរជាតិមួយចំនួនជាមួយនឹងផែនការតភ្ជាប់ក្នុងប្រទេសផ្សេងទៀតក្នុងតំបន់រួមមានចិន ឥណ្ឌាជាដើម។
ធនាគារជាតិនៃកម្ពុជាបានជំរុញការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធធនាគារតាមរយៈការដាក់ចេញបទបញ្ញត្តិដែលមានលក្ខណៈអំណោយផលដល់ការប្រើប្រាស់ប្រាក់រៀលរួមមាន៖ ការយកកម្រៃសេវាលើប្រតិបត្តិការជាប្រាក់រៀលទាបជាងរូបិយបណ្ណបរទេស, ការតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានឥទានជាប្រាក់រៀលយ៉ាងតិច ១០ ភាគរយ នៃឥណទានសរុប និងវិធានការមួយចំនួនទៀត ដូចជាការបញ្ចេញសន្ទនាភាពជាប្រាក់រៀលតាមរយៈប្រតិបត្តិការផ្ដល់សន្ទនាភាពដែលមានការធានា និងការសម្រួលដល់ការគ្រប់គ្រងសន្ទនាភាពជាប្រាក់រៀលក្នុងប្រព័ន្ធធនាគារ ដែលទាំងអស់នេះនឹងជួយកាត់បន្ថយថ្លៃដើម និងសម្រួលដល់ប្រតិបត្តិការប្រាក់រៀលដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
យោងតាមរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ ២០២៤ បង្ហាញថា នៅក្នុងឆ្នាំ ២០២៣ ធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍ទិញប្រាក់រៀលនៅលើទីផ្សារប្តូរប្រាក់ប្រមាណ ៥៧៣ប៊ីលានរៀល (១៣៩,១លានដុល្លារអាមេរិក) និងប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុផ្សេងៗ ដើម្បីស្រូបយកប្រាក់រៀលលើសប្រមាណ ១៥,២ទ្រីលានរៀល (៣,៧ប៊ីលានដុល្លារអាមេរិក) ពីក្នុងសេដ្ឋកិច្ច និងរក្សាការផ្គត់ផ្គង់រូបិយវត្ថុក្នុងកម្រិតសមស្រប៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


