ព័ត៌មានជាតិ
ពលរដ្ឋត្អូញត្អែរការឡើងថ្លៃប្រេងសាំង ស្របពេលដែលចំណូលថយចុះ
តម្លៃប្រេងសាំងកម្ពុជា បានហក់ឡើងខ្លាំងនៅក្នុងសប្តាហ៍នេះ ពោលគឺមានតម្លៃ ៤៥៥០រៀល ក្នុងមួយលីត្រ មានការឡើងថ្លៃ ៤០០រៀល បើធៀបនឹងសប្តាហ៍មុន មានតម្លៃ ៤១៥០រៀល។ នេះបើតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។

បន្ទាប់ពីមានការស្ទុះឡើងថ្លៃយ៉ាងឆាប់រហ័សបែបនេះ ពលរដ្ឋនៅក្នុងវិស័យដឹកជញ្ជូន និងអាជីវករ បានត្អូញត្អែរពីផលលំបាក ស្របពេលដែលការរកចំណូលចិញ្ចឹមជីវិតរបស់ពួកគាត់កំពុងធ្លាក់ចុះ។
លោក រស់ រ៉ា អ្នករត់ម៉ូតូឌុបនៅម្តុំផ្សារកាប់គោ រាជធានីភ្នំពេញ បានលើកឡើងថា តម្លៃប្រេងសាំងឡើងថ្លៃខ្ពស់ពេក មិនសមាមាត្រនឹងចំណូលប្រចាំថ្ងៃរបស់លោកឡើយ។ អ្នកប្រកបរបររត់ម៉ូតូឌុបអស់រយៈពេលជាង ៣០ឆ្នាំរូបនេះ ត្អូញត្អែរពីការលំបាកពីការធ្លាក់ចុះចំណូល ដោយលោកពោលថា ក្នុងមួយថ្ងៃរកបានខ្ទង់ ១ម៉ឺន ទៅ២ម៉ឺនរៀលប៉ុណ្ណោះ។ «ខ្ញុំសូមឱ្យរដ្ឋជួយសម្រួលតម្លៃប្រេងសាំងមកត្រឹម ៤ពាន់រៀល ឬក្រោមនេះបន្តិច ទើបអាចរកបានសល់ខ្លះសម្រាប់ចិញ្ចឹមជីវិត»។ នេះជាការសំណូមពររបស់លោក រស់ រ៉ា។

ដូចគ្នានេះដែរ អ្នកស្រី សាន់ ថាវី អ្នកលក់ភេសជ្ជៈនៅតាមដងផ្លូវមួយកន្លែង បានរៀបរាប់ថា សព្វថ្ងៃអ្នកស្រី ត្រូវធ្វើដំណើរឆ្ងាយតាមម៉ូតូដឹកជញ្ជូនអីវ៉ាន់ ដើម្បីលក់បានចំណូលចិញ្ចឹមជីវិត។ ការលក់ដូររបស់អ្នកស្រី ក្នុងមួយថ្ងៃទទួលបានចន្លោះពី ៣-៥ ម៉ឺនរៀល មានការធ្លាក់ចុះជាងពាក់កណ្តាលបើធៀបនឹងប៉ុន្មានឆ្នាំមុន។ និយាយដល់ការឡើងថ្លៃសាំង អ្នកស្រីហាក់មានទឹកមុខស្រងូតស្រងាត់ និងបានស្នើដល់រដ្ឋាភិបាល ឱ្យជួយទម្លាក់តម្លៃសាំងមកត្រឹម ៣៨០០រៀល ទៅ ៤ពាន់រៀល ដើម្បីសម្រួលដល់ជីវភាព ព្រោះសព្វថ្ងៃអ្នកស្រីត្រូវចំណាយលើថ្លៃផ្ទះជួល ថ្លៃម្ហូបអាហារ និងទឹកភ្លើង ជាដើម។

ចំណែកអ្នករត់ម៉ូតូកង់បីជាង ២០ឆ្នាំមកហើយ លោក ទឹម សំណាង បាននិយាយដែរថា ការឡើងថ្លៃប្រេងបែបនេះ បានជះឥទ្ធិពលអវិជ្ជមានទៅលើការរកប្រាក់ចំណូល ដោយមានការថយចុះ គិតជាមធ្យមរកបានចន្លោះពី ៤ ទៅ ៥ ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។ ខណៈដែលការចំណាយទៅលើប្រេងសាំង ២ម៉ឺនរៀលក្នុងមួយថ្ងៃ។ លោក ទឹម សំណាង ចង់ឱ្យតម្លៃសាំងចុះមកត្រឹម ៣៥០០រៀល ទើបអាចទប់នឹងការចំណាយប្រចាំថ្ងៃបាន។

ពាក់ព័ន្ធនឹងការឡើងថ្លៃសាំងនេះ លោក លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកឡើងថា ការឡើងថ្លៃប្រេងនាពេលនេះ មិនទាន់ដល់កម្រិតធ្ងន់ធ្ងរនៅឡើយទេ។ ទោះយ៉ាងណា លោកថា ការឡើងថ្លៃប្រេងនេះ ប្រាកដណាស់ថា នឹងប៉ះពាល់ដល់សេដ្ឋកិច្ចពលរដ្ឋ ជាពិសេសអ្នកប្រកបរបរក្នុងវិស័យដឹកជញ្ជូន។ លោកបន្ថែមថា «បងប្អូនដែលរកទទួលទានក្នុងវិស័យដឹកជញ្ជូនទំនិញ នឹងកាត់បន្ថយការចំណេញរបស់ពួកគាត់ នៅពេលដែលសាំងឡើងថ្លៃ»។

បើតាមលោក ជា ចាន់ដារ៉ា តម្លៃប្រេងនៅកម្ពុជា ចុះនៅក្រោម ៤ពាន់រៀល គឺល្អប្រសើរសម្រាប់ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នករកស៊ីដឹកជញ្ជូន។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន សង្ឃឹមថា សេដ្ឋកិច្ចសកលអំណោយផលល្អមកវិញ តម្លៃប្រេងអន្តរជាតិថយចុះ គឺតម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះមកវិញផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៕
អត្ថបទ ផល ធារិត

-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


