ព័ត៌មានជាតិ
តើរដ្ឋមន្ត្រីថ្មីនៃក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ជានរណា?
ជាអគ្គនាយកអគ្គិសនីកម្ពុជាអស់រយៈពេលប្រមាណ១៥ឆ្នាំ លោក កែវ រតនៈ ត្រូវបានថ្នាក់ដឹកនាំ ជ្រើសតាំងឱ្យកាន់តំណែងជារដ្ឋមន្ត្រីថ្មីនៃក្រសួងរ៉ែ និងថាមពល សម្រាប់គណៈរដ្ឋមន្ត្រី នីតិកាលទី៧។ លោក កែវ រតនៈ គឺជាមន្ត្រីបន្តវេនពោរពេញដោយសមត្ថភាព ដែលមានបទពិសោធលើការដឹកនាំកិច្ចការថាមពល។

លោក កែវ រតនៈ បានក្លាយជាសមាជិកមួយរូបក្នុងចំណោមសមាសភាពរាជរដ្ឋាភិបាលថ្មីចំនួន ៥៤រូប ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានសម័យប្រជុំលើកទី១ រដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលរូបនេះ ទទួលបានការសិក្សាអប់រំមកពីសហរដ្ឋអាមេរិក និងប្រទេសជប៉ុន។ លោក បានបញ្ចប់ការសិក្សាសញ្ញាបត្រអនុបណ្ឌិតចំនួន២ គឺសញ្ញាបត្រអនុបណ្ឌិតរដ្ឋបាលពីសាកលវិទ្យាល័យ COLUMBIA សហរដ្ឋអាមេរិក និងសញ្ញាបត្រអនុបណ្ឌិតផ្នែកអភិវឌ្ឍន៍អន្តរជាតិ ពីសាកលវិទ្យាល័យអន្តរជាតិនៃប្រទេសជប៉ុន។

មុនឈានជើងមកកាន់តំណែងរដ្ឋមន្ត្រី នាពេលនេះ លោក កែវ រតនៈ បានដឹកនាំអង្គភាពអគ្គិសនីកម្ពុជាប្រមាណជាង ១៥ឆ្នាំឯណោះ ពោល គឺលោក បានចូលកាន់តួនាទីអគ្គនាយកអគ្គិសនីកម្ពុជា តាំងពីឆ្នាំ២០០៨ ខណៈក្នុងឆ្នាំ២០០៦ លោក ធ្វើជាប្រធានក្រុមប្រឹក្សាភិបាលអគ្គិសនីកម្ពុជា។ ស្របជាមួយនឹងតួនាទីអគ្គនាយកអគ្គិសនីនេះ លោក ក៏ទទួលបានការតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្ថែម កាលពីអំឡុងឆ្នាំ២០១៨ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។
រដ្ឋមន្ត្រីវ័យក្មេងរូបនេះ ក៏ធ្លាប់មានតួនាទីជានាយកខុទ្ទកាល័យក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម និងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន។ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ លោក ក៏បានជាប់ឆ្នោតជាតំណាងរាស្ត្រ មណ្ឌលខេត្តពោធិ៍សាត់ផងដែរ។ ប៉ុន្តែ តួនាទីជាអ្នកតំណាងរាស្ត្រនេះ ត្រូវបានលាលែងវិញ ក្រោយពេលដែលលោក ត្រូវមកបំពេញភារកិច្ចក្នុងជួររាជរដ្ឋាភិបាល ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

សម្រាប់សមិទ្ធផលការងារដែលលោក កែវ រតនៈ សម្រេចបានក្នុងការដឹកនាំអគ្គិសនីកម្ពុជា គឺការដោះស្រាយបញ្ហា និងការចាប់ផ្តើមកសាងបណ្តាញជាតិទ្រង់ទ្រាយធំ បើកផ្លូវឱ្យមានការពង្រីកវិសាលភាពនៃការផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេស និងជាពិសេស ការបញ្ចុះថ្លៃអគ្គិសនី ជាដើម។
ដោយឡែក ក្នុងបេសកកម្មជារដ្ឋមន្រ្តីថ្មីនៃក្រសួងរ៉ែ និងថាមពល ក្នុងនីតិកាលទី៧នេះ លោក កែវ រតនៈ បានបង្ហាញការប្តេជ្ញាចិត្តបន្តរក្សាសមិទ្ធផលដែលមានស្រាប់ ហើយបន្តខិតខំបំពេញភារកិច្ចនេះឱ្យកាន់តែល្អប្រសើរសំដៅបន្តអភិវឌ្ឍន៍វិស័យរ៉ែ ប្រេងកាត និងថាមពល ឱ្យកាន់តែមានភាពរីកចម្រើន ដើម្បីទទួលបានសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតជូនជាតិ និងប្រជាជនកម្ពុជា។

ក្នុងជំនួបជាមួយមន្ត្រីរាជការនៃក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោក កែវ រតនៈ ក៏បាន បែងចែកនូវតួនាទី-ភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួង និងរចនាសម្ព័ន្ធគ្រប់គ្រង ដែលសំដៅពង្រឹងគុណភាពនៃការគ្រប់គ្រង ក៏ដូចជាប្រសិទ្ធភាពការងារឱ្យកាន់តែឆាប់រហ័ស និងគ្រប់ជ្រុងជ្រោយ។
ទន្ទឹមនេះ លោករដ្ឋមន្រ្តីថ្មី ក៏បានដាក់ចេញនូវគោលការណ៍មួយចំនួន ដើម្បីសម្រួលដល់ដំណើរការរៀបចំ និងការឆ្លងឯកសារ របាយការណ៍ផ្សេងៗ ក្នុងគោលបំណងជំរុញការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ពិសេសស្របតាមសម័យឌីជីថល៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


