ព័ត៌មានជាតិ
អ្នកឃ្លាំមើល ចាត់ទុកការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាក្ដីសង្ឃឹមសម្រាប់សង្គមខ្មែរទាំងមូល
អ្នកឃ្លាំមើលបញ្ហាសង្គម បានបង្ហាញការគាំទ្រចំពោះកំណែទម្រង់ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងនោះ អ្នកឃ្លាំមើលបញ្ហាសង្គម បង្ហាញក្ដីសង្ឃឹមថា ប្រសិនបើរាជរដ្ឋាភិបាល អាណត្តិថ្មី អាចដោះស្រាយបញ្ហាគ្រឿងញៀននេះបាន គឺជាក្ដីសង្ឃឹមសម្រាប់សង្គមខ្មែរទាំងមូល។

ការបង្ហាញការគាំទ្របែបនេះ បន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយបន្តចាត់ទុកការងារនេះ ជាការងារអាទិភាពសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី ៧ ក្នុងការដោះស្រាយបន្តទៀត។
លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកឃ្លាំមើលបញ្ហាសង្គម មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា លោកបណ្ឌិត គាំទ្រនូវរាល់ការធ្វើកំណែទម្រង់ ទោះបីស្ថិតក្នុងវិស័យអ្វីក៏ដោយ ពីព្រោះពាក្យថា កំណែទម្រង់មានន័យថា ធ្វើឲ្យល្អប្រសើរជាងមុន។ ដូច្នេះហើយ នៅពេលដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រេចកែសម្រួលរចនាសម្ព័ន្ធ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរួចរាល់ លោកបណ្ឌិត សង្ឃឹមថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាន់តែមានប្រសិទ្ធថែមមួយកម្រិតទៀត។

លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍បន្តថា «យើងសង្ឃឹមថា រចនាសម្ព័ន្ធថ្មីដែលកែសម្រួលរួចនេះ នឹងអាចបំពេញតួនាទីភារកិច្ចក្នុងការទប់ស្កាត់ ការបង្ក្រាប និងការដោះស្រាយបញ្ហាគ្រឿងញៀនហ្នឹង ល្អប្រសើរជាងមុនៗ ពី ព្រោះថា គ្រឿងញៀននេះវាមិនមែនជាបញ្ហាថ្មីទេ ជាបញ្ហាដែលមានតាំងពីប៉ុន្មានអាណត្តិមកហើយ ហើយវាមិនមែនគ្រាន់តែជាបញ្ហាដែលយើងត្រូវ ដោះស្រាយដាច់ដោយឡែកតែកម្ពុជាទេ គឺជាបញ្ហាដែលត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងប្រទេសនៅក្នុងពិភពលោកផងដែរ»។
ចំពោះការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំកំពូលៗ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាជាតិសំខាន់ៗ ក្នុងនោះក៏មានបញ្ហាគ្រឿងញៀនផងនោះ គឺជាក្ដីសង្ឃឹមសម្រាប់សង្គមខ្មែរទាំងមូល។ ប៉ុន្តែយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការចាប់ផ្ដើម តែអ្វីសំខាន់គឺនៅពេលអនុវត្តកំណែទម្រង់ និងការដោះស្រាយជាក់ស្ដែង។
លោកបណ្ឌិត ឈត ប៊ុនថង បានបន្ថែមបែបនេះថា «ចឹងហើយ ផ្ដើមចេញពីការប្ដេជ្ញាចិត្តនេះ ខ្ញុំគិតថា វាជាក្ដីសង្ឃឹមមួយសម្រាប់សង្គមខ្មែរទាំងមូល ប៉ុន្តែរឿងដែលយើងគ្រាន់តែស្ដាប់ការប្ដេជ្ញាចិត្ត យើងឃើញគោលនយោបាយ ការតាំងចិត្តហ្នឹង វាជាជំហានដំបូង អ្វីដែលយើងអាចយល់បានបន្ថែមទៀត នៅពេលដែលការអនុវត្តអ្វីដែលជាកំណែទម្រង់ ជាការកែសម្រួល ឬក៏ការតាំងចិត្តហ្នឹង ទៅក្នុងការអនុវត្តជាក់ស្ដែង ប្រតិបត្តិការជាងក់ស្ដែង»។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការនី ជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ក្នុងយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧នេះ គឺការកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀន។ បញ្ហានេះជាបញ្ហាលំបាក និងចាក់ស្រេះ ហើយប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន រួមទាំងប្រទេសធំៗមួយចំនួនទៀត ដូចជា អាមេរិក បារាំង និងអឺរ៉ុបជាដើម មិនទាន់ដោះស្រាយបាននៅឡើយដែរ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល អាណត្តិមុនៗ បានយកចិត្តទុកដាក់ជាអាទិភាពសំខាន់ ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន ដូចជាការអប់រំ ការទប់ស្កាត់ និងការចាត់វិធានការផ្សេងៗទៀត។ អាទិភាពនេះ រាជរដ្ឋាភិបាល អាណត្តិទី ៧នេះ នឹងបន្តធ្វើបន្តទៀត។
ពាក់ព័ន្ធការងារនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើអនុក្រឹត្យកែសម្រួលលើរចនាសម្ព័ន្ធ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានឧបនាយករដ្ឋមន្ត្រីរូប ជាប្រធាន និងក៏មានការចូលរួមធ្វើកិច្ចការងារនេះ ពីសំណាក់ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះថា «អញ្ចឹងបានត្រូវសម្រេចកែសម្រួល ខ្ញុំរៀបចំឧបនាយករដ្ឋមន្ត្រីមួយ ជាប្រធានអាជ្ញាធរនេះតែម្ដង ហើយមានឧបនាយករដ្ឋមន្ត្រី ៣ ឧបនាយករដ្ឋមន្ត្រីមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រីការពារជាតិ និងយុត្តិធម៌ និយាយរួមដូចលំនាំអាណត្តិទី ៦ ហើយមានរដ្ឋមន្ត្រីពាក់ព័ន្ធទាំងអស់ គឺរដ្ឋមន្ត្រីសង្គមកិច្ច កិច្ចការនារី អប់រំ…សុខាភិបាល ចូលជាសមាជិកក្នុងនេះ ហើយយន្តការនេះត្រូវដំឡើងកម្រិត ហើយទេសរដ្ឋមន្ត្រីម្នាក់ជាអនុប្រធានប្រចាំការ ដឹកនាំតែម្ដង»។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ការកែសម្រួលរចនាសម្ព័ន្ធ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ គឺដើម្បីបង្ហាញនូវការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧ នៅក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង