ព័ត៌មានជាតិ
លោក ប៉េង ពោធិ៍សា ត្រូវបានប្រកាសជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្វាយរៀង
លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ត្រូវបានប្រកាសធ្វើជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត។ ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពលោកនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងដឹងគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្តល់នូវសេចក្តីទុកចិត្តតែងតាំង និងទទួលស្គាល់ឯកឧត្ដមជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង ដើម្បីបន្តចូលរួមចំណែកក្នុងកិច្ចការគាំទ្របម្រើ ធានាការពារ និងផ្ដល់នូវផលប្រយោជន៍ជូនអតីតយុទ្ធជនឲ្យបានកាន់ល្អប្រសើរថែមទៀត។
លោកអភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានបញ្ជាក់បន្ថែមថា ចំពោះលោកផ្ទាល់ ការមានឱកាសចូលរួមជាចំណែកមួយក្នុងគ្រប់យន្តការគាំទ្រដល់សកម្មភាពទាំងឡាយ ដែលនាំទៅដល់ផលប្រយោជន៍ដ៏ពិតប្រាកដសម្រាប់ អតីតយុទ្ធជន គឺជាកិច្ចការចម្បង។ ជាកាតព្វកិច្ចតបស្នងមិនអាចខ្វះបានពីសំណាក់យុវជនជំនាន់ក្រោយ សម្រាប់វីរៈអតីតយុទ្ធជន យុទ្ធនារី ដែលលោកទាំងអស់ បានធ្វើពលិកម្មគ្រប់សព្វបែបយ៉ាង បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីចូលរួមក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងប្រជាជនឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ។ ការចូលរួមទាំងអស់នេះ ពិតជាមានតម្លៃ ប្រកបដោយមោទនភាពបំផុត ក្នុងនាមជាយុវជនជំនាន់ក្រោយមួយរូប ដែលបានទទួលផលពីការតស៊ូ និងការលះបង់របស់អតីតយុទ្ធជន និងយុទ្ធជនពលីជំនាន់មុន ។

ក្នុងឱកាសនោះផងដែរ លោកនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាក៏បានជម្រុញឲ្យលោកប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ត្រូវខិតខំអនុវត្តតាមគោលការណ៍ ការណែនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមកឲ្យមានប្រសិទ្ធភាព ក៏ដូចជាបន្តយកចិត្តទុកដាក់លើកកម្ពស់ស្មារតីគោរពដឹងគុណ ចំពោះគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនគ្រប់រូប ។

លោកនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានបន្តទៀតថា កិច្ចការក្រៅពីនេះក៏ត្រូវបន្តរៀនសូត្រ និងចងចាំទុកជាប្រវត្តិសាស្ត្រនូវគំរូវីរភាពដ៏អង់អាចក្លាហាន មោះមុតរបស់អតីតយុទ្ធជនដែលបានពលីក្នុងបុព្វហេតុ នៃសុខសន្តិភាពរបស់ប្រទេសជាតិ។ ត្រូវបន្តគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន និងគ្រួសារពលី ដោយបន្តបង្កើនវប្បធម៌ចែករំលែក ជំរុញ និងកៀរគរការចូលរួមក្នុងសកម្មភាពសាងសង់ទីជម្រកជូនដល់អតីតយុទ្ធជន និងគ្រួសារពលី ដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋាន។

បន្ថែមពីនេះ ត្រូវចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈម និងឆ្លើយតបទៅនឹងតម្រូវការ សំណើ សំណូមពរនានារបស់អតីតយុទ្ធជន និងគ្រួសារពលី ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង។ ជាពិសេសគឺត្រៀមចូលរួមសហការ គាំទ្រជានិច្ចនូវរាល់សកម្មភាពដែលផ្ដល់ និងការពារផលប្រយោជន៍របស់អតីតយុទ្ធជន ក៏ដូចជាបន្តជួយជំរុញចលនាសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឲ្យកាន់តែមានដំណើរការល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕
អត្ថបទ៖ ភក្ដី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


