Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសពីតម្រូវការពលកម្មជិត ៤ ម៉ឺនកន្លែង លើវិស័យ ៣ នៅកម្ពុជា

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​​បង្ហាញ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​ រោងចក្រ​ សហគ្រាស គ្រឹះស្ថាន ​ជា​ច្រើន​កំពុង​ត្រូវ​ការ​កម្លាំង​ពលកម្ម​ប្រមាណ​ជិត ៤​ម៉ឺន​កន្លែង លើ​ផ្នែក​វិស័យ​ទាំង​ ៣​​ នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​​តេឡេក្រាមរបស់​ក្រសួង​ការងារ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២៣ ឱកាស​ការងារ​​ជិត​ ៤​ម៉ឺន​កន្លែង ស្ទើរ​គ្រប់​ ២៥​ខេត្ត​-ក្រុង កំពុង​ផ្តល់​ឱកាស​ការងារ​ដល់​សិស្ស និស្សិត យុវជន ដែល​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ ក្នុង​នោះ​ដែរ ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​ជិត ៤​ម៉ឺន​​កន្លែង​តម្រូវ​លើ​វិស័យ​ចំនួន ៣​ ដូច​ជា វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម និង​វិស័យ​សេវា​កម្ម​ជា​ដើម។

ទន្ទឹម​នោះ​ ក្រសួង​ការងារ​ក៏​បាន​គូស​បញ្ជាក់​បន្ថែម​ថា ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ មាន​តម្រូវ​ការ​ពលកម្ម​ ៥,៧៦៨​កន្លែង ក្នុង​នោះ​មាន​វិស័យ​ឧស្សាហកម្ម​ ២,៩០៤​កន្លែង និង​វិស័យ​សេវាកម្ម​ ២,៨៦៤​កន្លែង​។ ខេត្ត​រតនគិរី តម្រូវ​ការ​ពលកម្ម ៨,៤០០​កន្លែង មាន​តែ​​វិស័យ​កសិកម្ម​ តែ​មួយ​ប៉ុណ្ណោះ។ ខេត្ត​កណ្ដាល​ មាន​តម្រូវ​ការ​ពលកម្ម ៤,៣៥១​កន្លែង ក្នុង​នោះ​មាន​​វិស័យ​ឧស្សាហកម្ម​ចំនួន ៤,២៣២​កន្លែង និង​វិស័យ​សេវាកម្ម​ចំនួន​ ១១៩​កន្លែង។ ខេត្ត​ក្រចេះ តម្រូវ​ការ​ពលកម្ម​ប្រមាណ​ជា ៣,២០១​កន្លែង មាន​វិស័យ​កសិកម្ម​ចំនួន ២,២០១​កន្លែង និង​វិស័យ​ឧស្សាហកម្ម​ចំនួន ១,០០០​កន្លែង​។ ខេត្ត​បន្ទាយ​មាន​ជ័យ មាន​តម្រូវ​ការ ២,១៥៦​កន្លែង ដោយ​ក្នុង​នោះ​មាន​តម្រូវ​ការ​លើ​វិស័យ​ឧស្សាហកម្ម​ចំនួន​ ១,៦៥២​កន្លែង និង​វិស័យ​សេវាកម្ម​ប្រមាណ ៥០៤​កន្លែង។

ខេត្ត​កោះ​កុង ផ្តល់​ជូន​ ១,៣២៧​កន្លែង​ លើ​វិស័យ​ឧស្សាហកម្ម​ ១,៣០៥​កន្លែង និង​វិស័យ​សេវាកម្ម​ចំនួន ១៧​កន្លែង។ ខេត្ត​ស្វាយ​រៀង មាន​តម្រូវ​ការ​ពលកម្ម​ចំនួន ១,៣០៥​កន្លែង លើ​វិស័យ​ឧស្សាហកម្ម​ ១,១៥៨​កន្លែង និង​វិស័យ​សេវាកម្ម ១៤៧​កន្លែង​។ ខេត្ត​ស្ទឹង​ត្រែង មាន​ ១,២២២​កន្លែង ក្នុង​នោះ​មាន​វិស័យ​កសិកម្ម ១,១៩៤​កន្លែង និង​វិស័យ​សេវាកម្ម​ ២៣​កន្លែង។ ខេត្ត​ព្រះសីហនុ មាន​ ១,១៦៩​កន្លែង តម្រូវ​លើ​វិស័យ​ឧស្សាហកម្ម​ប្រមាណ​ ១,១១២​កន្លែង និង​វិស័យ​សេវាកម្ម ៥៧​កន្លែង​ និង​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត ៤,០៣១​កន្លែង ក្នុង​នោះ​មាន​វិស័យ​កសិកម្ម​ ៤២​កន្លែង វិស័យ​ឧស្សាហកម្ម ២,១៩៣​កន្លែង និង​វិស័យ​សេវា​កម្ម​ចំនួន ១,៧៩៦​កន្លែង​ផង​ដែរ។

ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ជ្រើសរើស​ការងារ​ខាង​លើ​នេះ សម្រាប់​អ្នក​ដែល​នៅ​តាម​បណ្ដា​ខេត្ត​នីមួយ​ៗ ជា​ពិសេស​ សិស្ស​និស្សិត និង​យុវជន ​ដែល​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដែលកំពុងរកការងារធ្វើ អាច​ត្រៀម​ឯកសារ ដើម្បី​ទទួល​បាន​ការងារ​ភ្លាមៗ​ពី​បណ្ដា​ក្រុម​ហ៊ុន​ជា​ច្រើន​ និង​អាច​ទាក់ទង​ទៅ​កាន់​ទី ភ្នាក់​ងារ​ជាតិ​មុខ​របរ​ និង​ការងារ តាម​រយៈ​លេខ​ទូរស័ព្ទ ០៧៧ ២៣ ២៣ ៧៨ និង​ ០១៦ ៧៨ ៦៦ ៥៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម