Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ចំណងមិត្តភាពរវាងប្រទេសទាំងពីរបន្តថែរក្សា និងពូនជ្រំក្រោមបាវចនាភាពជាអ្នកជិតខាងល្អ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​វៀតណាម​បាន​ថ្លែងថា ចំណងមិត្តភាព​រវាង​ថ្នាក់ដឹកនាំ និង​ថ្នាក់ដឹកនាំ ប្រជាជន និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​បន្ត​ថែរក្សា ​និង​ពូន​ជ្រំ​ជា​បន្ត​បន្ទាប់ ក្រោម​បាវចនា ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់​ជ្រុងជ្រោយ និរន្តរភាព​យូរអង្វែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​លោក ជិ​ញ វិញ​ផា (Trinh Vinh Pha) អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ទំនាក់ទំនង​អតីត​ជំនាញការ​វៀតណាម ដែល​ជួយ​បដិវត្តន៍​នៅ​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា នៅ​អគារ​វិមាន​៧​មករា នា​រសៀល​ថ្ងៃ​សុក្រ ៥​រោច ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​លោក ជិ​ញ វិញ​ផា (Trinh Vinh Pha) បាន​ថ្លែងថា រូបលោក​ផ្ទាល់ និង​ប្រតិភូ​អមដំណើរ​ទាំងអស់ មាន​សេចក្តីរំភើប​ឥត​គណនា បន្ទាប់ពី​បានមក​ដល់​ប្រទេស​កម្ពុជា និង​បានឃើញ​ការរីកចម្រើន​មិនអាច​នឹក​មិន​ស្មាន​ដល់ បើ​ប្រៀបធៀប​ទៅនឹង​អតីតកាល ៤៤​ឆ្នាំមុន​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​អបអរសាទរ​ចំពោះ​ដំណើរ​ទស្សនកិច្ច របស់​ប្រតិភូ​នា​ពេលនេះ គឺ​ស្រប​ពេលដែល រដ្ឋសភា និង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ កំពុងដំណើរការ​យ៉ាង​ល្អ ទាំង​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច​និង​សន្តិសុខ​ជាតិ តាមរយៈ​នៃ​ការបោះឆ្នោត​ប្រកបដោយ​តម្លាភាព ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ សេរី​ពហុបក្ស តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អបអរសាទរ​ខួប​លើក​ទី ៥៦ នៃ​ចំណង​ការ​ទូរ​រវាង​កម្ពុជា និង​វៀតណាម​ផងដែរ​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​រំឭក​អំពី​ចំណងមិត្តភាព រវាង​ប្រជាជន​ និង​ប្រទេស​ទាំងពីរ ដែលមាន​ជា​ប្រវត្តិសាស្ត្រ​ជា​យូរលង់​ណាស់​មកហើយ ក្នុងឋានៈ​ជា​អ្នកជិតខាង​ល្អ ធ្លាប់បាន​តស៊ូ​ប្រឆាំង​សត្រូវ​រួមគ្នា និង​បាន​សហការ​ជួយ​គ្នា​ទៅវិញទៅមក ទាំង​សន្តិសុខ ទាំង​ការពង្រីក​សក្តានុពល​សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ និង​ក្របខណ្ឌ​ឯកជន​។ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​បន្តទៀតថា ប្រទេស​ទាំងពីរ​ចងចាំ​មិន​ភ្លេច​ទេ ដែល​កងទ័ព​ប្រជាជន​វៀតណាម​បាន​ស្ម័គ្រចិត្ត​ជួយ​រំដោះប្រជាជន​កម្ពុជា​ឲ្យ​រួច​ចាក​ផុតពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត​។​

​ថ្លែង​ក្នុងឱកាស​នោះ លោក ជិ​ញ វិញ​ផា (Trinh Vinh Pha) បាន​អបអរសាទរ​ចំពោះ​ការអភិវឌ្ឍ​របស់​កម្ពុជា​ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​បានប្រែក្លាយ​ពី​តំបន់​អសន្តិសុខ មកជា​តំបន់​មាន​សន្តិសុខ មាន​ស្ថិរភាព​នយោបាយ​ល្អ រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច និង​គ្រប់គ្រង​បាន​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។

តាមរយៈ ចំណងមិត្តភាព​រវាង​ថ្នាក់ដឹកនាំ និង​ថ្នាក់ដឹកនាំ ប្រជាជន និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​បន្ត​ថែរក្សា​និង​ពូន​ជ្រំ​ជា​បន្តបន្ទាប់ ក្រោម​បាវចនា ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ គ្រប់​ជ្រុងជ្រោយ និរន្តរភាព​យូរអង្វែង​។​

​ក្នុងនាម​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​នាំ​ការសួរសុខទុក្ខ ពី សម្តេច​តេ​ជោ ផ្ញើជូន​ប្រតិភូ​ទាំងអស់​ប្រកបដោយ​ការ​នឹករឭក និង​សូម​ឲ្យ​កងទ័ព​និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ បន្ត​កិច្ច​សហការគ្នា​ឲ្យ​កាន់​រឹងមាំ​ថែមទៀត ក្នុងន័យ​បម្រើ​ឲ្យ​ផលប្រយោជន៍​រួម ដើម្បី​ជ្រោង​ទង់​កសាង​ជាតិ​ឲ្យ​កាន់តែ​អភិវឌ្ឍន៍​ខ្លាំងក្លា ស្មើភាព​គ្នា​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​នៅលើ​ពិភពលោក​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ជូនពរ និង​សូម​ឲ្យ​ដំណើរ​ទេសចរណ៍ របស់​ប្រតិភូ​វៀតណាម​ទៅកាន់​ខេត្តសៀមរាប និង​ទៅកាន់​តំបន់​ផ្សេងៗ​ទៀត នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​ទទួលបាន​ជោគជ័យ និង​សូម​ឲ្យ​ដំណើរ​និវត្ត​ទៅ​មាតុប្រទេស​វិញ​ប្រកបដោយ​សុខ និង​សុវត្ថិភាព​៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម