ព័ត៌មានជាតិ
លោក ស សុខា ប្រកាសដេញចេញពីក្របខ័ណ្ឌ បើមន្រ្តីក្រសួងមហាផ្ទៃរូបណាបើកបុកគេហើយរត់គេចមិនចូលសារភាព
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រកាសអនុវត្តវិធានការបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង លើមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃរូបណា ទាំងមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបើបន្តបើកយានយន្តរត់គេចខ្លួនដោយមិនព្រមចូលសារភាពកំហុស។ លោក ស សុខា បានប្រកាសបែបនេះ ក្នុងពេលអញ្ជើញប្រារព្ធពិធីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៨ នៅក្រុងព្រះសីហនុ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានប្រកាសដូច្នេះថា “ចំពោះអ្នកដែលបុករត់ បុកជារឿងមួយ ប៉ុន្តែបើបុកហើយរត់ ខ្ញុំសូមប្ដេជ្ញាចិត្ត ឬមួយប្រកាសពីទីនេះទៅតែម្ដង បើខ្លួនជាសមត្ថកិច្ច ឬជាមន្រ្តីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ ហើយអត់មកសារភាពទេ ក្របខ័ណ្ឌខ្ញុំគិតថា មិនគួរទុកទេ។ យើងជាកម្លាំងប្រដាប់អាវុធ យើងត្រូវធ្វើជាគម្រូឱ្យប្រជាពលរដ្ឋមើល និងរៀនសូត្រតាម។ បើកាយវិការយើងមិនគួរឱ្យគេគោរព មិនគួរឱ្យគេធ្វើតាមផង ខ្ញុំគិតថា អាហ្នឹងមិនអាចទៅរួចទេ”។
ការព្រមានបណ្ដេញពីក្របខ័ណ្ឌលើមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃដែលគ្មានទំនួលខុសត្រូវលើករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានរដ្ឋមន្ត្រីមហាផ្ទៃ សង្កត់ធ្ងន់ បន្ទាប់ពីបានទាញចំណាប់អារម្មណ៍អង្គពិធីអំពីករណីគ្រោះថ្នាក់ចរាចរណ៍នាមួយរយៈចុងក្រោយ ដែលជនបង្កបានព្យាយាមបើករត់ ហើយបន្តគេចខ្លួន។ លោក សុ សុខា បន្តថា “ទទួលស្គាល់ថា បើគាត់នៅ សុវត្ថិភាពគាត់អាចមានហានិភ័យខ្ពស់ ប៉ុន្តែកម្ពុជាយើង ខ្ញុំគិតថា គួរតែចាប់ផ្ដើមកាយវិការទទួលខុសត្រូវចំពោះផ្លូវច្បាប់”។

ភ្ជាប់នឹងការរម្លឹកករណីជាក់ស្ដែងចុងក្រោយមួយ ដែលមន្រ្តីនគរបាលជាតិម្នាក់បើករថយន្តបុកអត្តពលិកជាតិបណ្ដាលឱ្យស្លាប់ ហើយបើករត់ទៅសំងំលាក់ខ្លួននៅក្បែរព្រំដែនកម្ពុជា វៀតណាម លោក ស សុខា ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កត់ធ្ងន់ថា “ឱ្យតែគេចង់រក គឺមិនពិបាកទេ! ដូច្នេះហើយយើងបានដាក់ពេលវេលាឱ្យក្រុមគ្រួសារថា បើមិនចង់ឱ្យខូចអនាគតកូនខ្លួនឯងទេ ត្រូវតែនាំមកសារភាពទោសកំហុស…”។
ភ្ជាប់ទៅនឹងករណីបុករត់នេះដែរ លោលក ឧបនាយករដ្ឋមន្រ្តី ក៏បានផ្ញើសារទៅកាន់មន្រ្តីមានសមត្ថកិច្ច យកចិត្តទុកដាក់ក្ដាប់ព័ត៌មាននេះឱ្យជាប់ ហើយចុះទៅអនុវត្តវិធានការច្បាប់ឱ្យបានរហ័ស និងប្រកបដោយប្រសិទ្ធភាព ពីព្រោះករណីខ្លះ លោក ស សុខា បានកត់សម្គាល់ថា មន្រ្តីគ្រាន់តែចុះបំពេញកាតព្វកិច្ច ប៉ុន្តែមិនបានឃាត់ជនដែលប្រព្រឹត្តបទល្មើសឡើយ។ លោកបានបន្ថែមថា “សម្ដេចមហាបវរធិបតី បានលើកឡើងហើយ ឱ្យតែបុកស្លាប់ ឬមួយមានជាតិស្រវឹង គឺត្រូវតែវាយខ្នោះ”។
នេះបើតាមរបាយការណ៍របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានបណ្ដាលឱ្យមានមនុស្សស្លាប់ប្រមាណ១ពាន់នាក់ និងរបួសជាង ២,៧០០នាក់ ថយចុះ ៩% ធៀបនឹងឆ្នាំ២០២២។ ដោយឡែកសម្រាប់ខេត្តព្រះសីហនុដែលប្រារព្ធទិវារំលឹកដល់ជនរងគ្រោះនៅថ្ងៃនេះវិញ ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៥០លើក ថយចុះ៣៥លើក ធៀបនឹងឆ្នាំ២០២២ បណ្ដាលឱ្យស្លាប់ចំនួន១០៩នាក់ និងរបួស១៦៨នាក់៕

-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


