Connect with us

ព័ត៌មានជាតិ

ក្រសួងជួយស្វែងរកការងារជូនយុវជនជាង ៦៥០០នាក់ កើនឡើង១០០% នៅឆ្នាំ ២០២៣

បានផុស

នៅ

នៅក្នុងឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តបណ្តាលវិជ្ជាជីវៈ បានស្វែងរកការងារធ្វើជូនយុវជនប្រមាណជាង ៦៥០០នាក់ កើនឡើងជាង១០០% ខណៈឆ្នាំ២០២២ មានត្រឹមតែជាង៣០០០នាក់ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ មករា នេះថា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ អ្នកចុះឈ្មោះស្វែងរកការងារចំនួន ៣០៨៩៧នាក់ កើនឡើងជាងឆ្នាំ២០២២ ដែលមានចំនួន១៨២៧៨នាក់។ក្នុងនោះក្រសួងបានផ្គូផ្គងនិងបញ្ជួនអ្នកស្វែងរកការងារទៅនិយោជកចំនួន ២៩៥៩០នាក់ នៅឆ្នាំ២០២៣ ថយចុះជាងឆ្នាំ២០២២ ដែលបានបញ្ជូនរហូតដល់ទៅ៣០៤៨០នាក់។

យ៉ាងណាក៏ដោយ លោក ​កត្តា អ៊ន បានបន្ថែមថា ឆ្នាំ២០២៣ក្រសួងបានស្វែងរកការងារធ្វើជូនយុវជនបាន ចំនួន​៦៥៤៧នាក់​កើនឡើង១០០.១៤% ធៀបទៅនឹងឆ្នាំ២០២២ កន្លងទៅមានត្រឹមតែ ៣២០៧នាក់ប៉ុណ្ណោះ។

លោកបានបន្តទៀតថា នៅឆ្នាំ២០២៣ ក្រសួងបានរៀបចំសិក្ខាសាលាណែនាំស្តីពីការណែនាំអាជីពការងារនិងវិជ្ជាជីវៈ​សម្រាប់និស្សិតនៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងសាកលវិទ្យាល័យចំនួន១៨៦១​លើក​ថយចុះជាងឆ្នាំ២០២២ដែលមានចំនួន២២៧១លើក។ ក្រៅពីនេះក្រសួងបានបើកវគ្គបណ្តុះបណ្តាលស្តីពី​ការត្រៀម​លក្ខណៈសម្បត្តិស្វែងរកការងារធ្វើចំនួន ២៤២៥លើក នៅឆ្នាំ២០២៣ ថយចុះជាងឆ្នាំ២០២២ ដែលមាន២៥២១លើក។

គួរបញ្ជាក់ថា យុវជន និងអ្នកស្វែងរកការងារចង់បានការងារធ្វើ ឬចង់ដឹងអំពីព័ត៌មានជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗ អាចទំនាក់ទំនងទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ ដែលមានទីតាំងស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬ តាមរយៈទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ (Telegram)៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម