Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ នៅពេលប្រជាពលរដ្ឋជួបការលំបាក ដាច់ខាតត្រូវមានការជួយពីរដ្ឋ​

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា នៅពេលប្រជាពលរដ្ឋជួបការលំបាក ដាច់ខាតត្រូវមានការជួយពីរដ្ឋ​ ជាក់ស្ដែង កាលកន្លងទៅ រាជរដ្ឋាភិបាល បានរក្សាលំនឹងតម្លៃអគ្គិសនី ដោយសុខចិត្តខាត មិនបានដំឡើងថ្លៃដូចប្រទេសដទៃ រួមទាំងជួយ និងសម្រាលបន្ទុកប្រជាពលរដ្ឋ ក្នុងវិបត្តិសាកល នៃការីករាលដាលជំងឺកូវីដ-១៩ ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងនេះ ចេញពីទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយសហគមន៍ខ្មែរ រស់នៅក្នុងទ្វីបអឺរ៉ុប ត្រូវនឹងម៉ោង ១១យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានរក្សាលំនឹងតម្លៃអគ្គិសនី ដោយសុខចិត្តខាតបង់ ដោយមិនបានដំឡើងថ្លៃអគ្គិសនី ដូចបណ្ដាប្រទេសដទៃនោះទេ ដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាពលំបាកបំផុត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ “នៅក្នុងប្រទេសអាស៊ាន អំឡុងរយៈពេលប៉ុន្មានឆ្នាំមកនេះ តម្លៃភ្លើងមានការឡើងថ្លៃ ដោយសារបញ្ហាសេដ្ឋកិច្ច ប៉ុន្ដែចំពោះប្រទេសកម្ពុជា ពុំមានការដំឡើងថ្លៃភ្លើងនោះទេ រដ្ឋសុខចិត្តខាត ដើម្បីទប់ថ្លៃភ្លើងឱ្យប្រជាពលរដ្ឋ។ ជាក់ស្ដែងអគ្គិសនីកម្ពុជា កាលពីឆ្នាំទៅមិញ បានខាតបង់ទឹកប្រាក់ប៉ុន្មានរយលានដុល្លារ ដើម្បីជួយឱ្យថ្លៃភ្លើងនៅរក្សាលំនៅដដែល បណ្ដាលប្រទេសជិតខាង ក៏ដូចជានៅអឺរ៉ុប អង់គ្លេសបានដំឡើងថ្លៃភ្លើង ដោយសាររឿងវិបត្តិ ប៉ុន្ដែនៅកម្ពុជានៅតែរក្សាលំនឹងតម្លៃភ្លើងមិនឡើងនោះទេ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា ចំពោះការមិនដំឡើងថ្លៃភ្លើងមិនមែនដោយសារតែកម្ពុជា អាចផលិតបានច្រើននោះទេ ប៉ុន្ដែមួយផ្នែកធំដោយសារតែភាពអំណោយផល ក្នុងនោះ ៦២ ភាគរយទទួលបានពី ថាមពលកកើតថ្មី ទទួលបានពីវារីអគ្គិសនី ដែលបានមកពីភ្លៀង និងទឹក កត្តាទាំងនេះទើបមិនផ្អែកទៅលើថ្លៃភ្លើង ថ្លៃប្រេងនោះទេ។

ពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ១៩ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងកំឡុងពេល ៤២ ខែ ដែលមានជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ជិត ១ ៣០០ លានដុល្លារអាមេរិក ដើម្បីជួយដល់ពលរដ្ឋជាង ៧០ ម៉ឺនគ្រួសារ។​

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ “ចាប់តាំងពីឆ្នាំ២០២០ មក ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលកូវីដ-១៩ ក្រោយមកក៏បានពង្រីកដល់ក្មេងៗ អាយុពីកើតដល់ ៥ឆ្នាំ និងផ្សេងៗទៀត និងអ្នកមានផ្ទុកមេរោគអេដស៍ផ្សេងៗ។ ក្នុងរយៈពេល ៤២ខែនេះ រាជរដ្ឋាភិបាលបានចំណាយអស់ជិត ១ ៣០០ លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាពលរដ្ឋជាង ៧០ ម៉ឺនគ្រួសារ គិតជាប្រពលរដ្ឋ ២ លាន ៧ សែននាក់ បានទទួលផលពីជួយឧបត្ថម្ភសាច់ប្រាក់ជូនទៅគាត់តែម្តង ហើយនេះជាកាទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ឥលូវនៅលើកនេះពិភពលោកមានបញ្ហា ២ផ្ទួនគ្នា គឺជួបជាមួយជំងឺរាតត្បាត និងបញ្ហាសេដ្ឋកិច្ច ដោយសារតែសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ហើយបានបន្តដល់សង្គ្រាមនៅមជ្ឈឹមបូព៌ា។ នៅក្នុងឆ្នាំនេះ ប្រទេសទាំងអស់កំពុងព្យាកររឿង អ៊ែនីញូ, ស្រូវឡើងថ្លៃធ្វើឱ្យប្រជាកសិករសប្បាយចិត្ត តែអ្នកប្រើប្រាស់កំពុងព្រួយបារម្ភរឿងអង្ករឡើងថ្លៃ ហើយរាជរដ្ឋាភិបាលក៏បានត្រៀមវិធានការដើម្បីដោះស្រាយក្នុងកម្រិតណាមួយផងដែរ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា នៅពេលប្រជាពលរដ្ឋជួបការលំបាក ដាច់ខាតត្រូវមានការជួយពីរដ្ឋ​ ដោយរដ្ឋបានយកចិត្តទុកដាក់គ្រប់ពេលវេលា និងបានចំណាយទុនច្រើនណាស់ដើម្បីជួយប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម