Connect with us

ព័ត៌មានជាតិ

តែមួយថ្ងៃ ប្រមុខ​ដឹកនាំ​កម្ពុជា​ជួប​មេ​​ក្រុមហ៊ុន​បារាំង​គ្រាក់ៗ​ចំនួន ៨ ​​​ក្នុង​ដំណើរ​ទស្សនកិច្ច​​​ទៅ​បារាំង

បានផុស

នៅ

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​បារាំង សម្តេច​ធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី​បាន​ជួបថ្នាក់ដឹកនាំកំពូល​ៗ​របស់​ក្រុមហ៊ុន​​​​បារាំងគ្រាក់ៗ​​ដើម្បី​ជំរុញ​ពង្រីក​ការ​វិនិយោគ​នៅ​​ក្នុង​ប្រទេស​កម្ពុជា។

​តែ​មួយ​ថ្ងៃ​ម្សិលមិញនេះ មាន​ជំនួប​ធំំៗ​ដាច់​ដោយឡែក​ចំនួន​ ៨ រវា​ង​ប្រមុខ​ដឹកនាំ​កម្ពុជា​​ជាមួយ​នាយកជាន់ខ្ពស់​របស់ក្រុមហ៊ុនបារាំងធំៗ​។

សម្តេច​បាន​ជួប​តំណាង​​ក្រុមហ៊ុន VINCI Airports ដែល​​ជា​ក្រុមហ៊ុន​ឈាន​មុខគេ​លើ​ការ​វិនិយោគ​គម្រោង​សម្បទាន​នៃ​គម្រោង​ថាមពល​និង​សំណង់​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports

VINCI Airports ជា​ផ្នែកមួយ​របស់ VINCI Group ដែល​កំពុង​ប្រតិបត្តិ​គ្រប់គ្រង​ព្រលាន​យន្តហោះ​ចំនួន​ពីរ​នៅ​ប្រទេស​កម្ពុជា​មាន​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ។

ក្នុងជំនួប​សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនបារាំង​នេះ ដែលបានបណ្ដាក់ទុនវិនិយោគនៅប្រទេស​កម្ពុជាលើវិស័យអាកាសចរណ៍ស៊ីវិល​អស់រយៈពេល​ជាង ៣០ ឆ្នាំ កន្លងមកនេះ។ សម្ដេចធិបតីក៏បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងលើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុនពង្រីកការវិនិយោគលើវិស័យសំខាន់ៗផ្សេងទៀត ដើម្បីជាការរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

លោកស្រី Maud BAILLY, នាយិកាប្រតិបត្តិ Sofitel, MGallery និង Emblems តំណាងឱ្យGroup ACCOR

បន្ត​មកទៀត សម្តេច​ក៏​បាន​ជួប​តំណាងក្រុមហ៊ុន Group ACCOR។ Group ACCOR ជា​ក្រុមហ៊ុន​ដែល​ប្រតិបត្តិការ​លើ​ផ្នែកសណ្ឋាគារ ហើយ​ក្រុមហ៊ុន​​ក៏បានដាក់ទុនវិនិយោគសណ្ឋាគារ​ចំនួន​ ៩ កន្លែង​នៅកម្ពុជាមាន​នៅរាជធានីភ្នំពេញ ខេត្ត​សៀមរាប និងខេត្តព្រះសីហនុ​​។

លោកស្រី Maud BAILLY នាយិកាប្រតិបត្តិក្រុមហ៊ុន Sofitel, MGallery និង Emblems តំណាងឲ្យ Group ACCOR បាន​គូស​បញ្ចាក់ថា ​ការ​វិនិយោគក្នុងវិស័យសណ្ឋាគារទាំង​បែបទំនើប មធ្យម និង Boutique បាន​ចូលរួម​លើកស្ទួយរូបភាពនិងកិត្យានុភាពនៃប្រទេសកម្ពុជា។

លោកស្រីបន្ត​ថា តាម​រយៈសណ្ឋាគារសូហ្វីតែល ដែលមានប្រតិបត្តិការអាជីវកម្មនៅជុំវិញពិភពលោកបាន​កំពុង​​ចូលរួមផ្សព្វផ្សាយនូវវប្បធម៌និង​ភាពល្អឥតខ្ចោះនៃតំបន់រមណីយដ្ឋានអង្គរ ដើម្បីជំរុញឱ្យអ្នកទេសចរមកទស្សនាខេត្តសៀមរាប​​នៅឆ្នាំ២០២៤ ឱ្យកាន់​តែច្រើនថែមទៀត។

លោក Philippe DELLEUR អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Alstom

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង សម្តេចនាយករដ្ឋមន្រ្តី​​ក៏បានជួបពិភាក្សា​ការងារ​ជាមួយ​អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Alstom ដែល​ជាក្រុមហ៊ុនដ៏​ធំមួយ​របស់​បារាំងមានប្រតិបត្តិការនៅទូទាំងពិភពលោក ក្នុងទីផ្សារដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងល្បឿនលឿន ផ្លូវរថភ្លើង រថភ្លើងក្រោមដី និងសេវាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រាប់ចាប់ពីរថភ្លើងអគ្គិសនីជាដើម ដែលប្រកបដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប។

ក្រុមហ៊ុន Alstom កំពុងប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៦៣ នៅទូទាំងពិភពលោក និងមានបុគ្គលិក​ចម្រុះ​ជាតិសាសន៍បម្រើការងារ​ប្រមាណ ៨០ ០០០នាក់។

នៅថ្ងៃ​ដដែល សម្តេចធិបតី​ក៏​មាន​ជំនួប​​ពិភាក្សាការងារជាមួយ​នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF)។

លោកស្រី Makreeta LAHTI នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេសនៃក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF)

Électricité de France គឺជាក្រុមហ៊ុនរដ្ឋបារាំងដែលវិនិយោគទៅលើវិស័យថាមពល (អគ្គិសនី, ឧស្ម័នធម្មជាតិ) និងមានអតិថិជន​​ប្រមាណ ៤០ លាននាក់ទូទាំងពិភពលោក។ គោលដៅចម្បងរបស់ក្រុមហ៊ុន​គឺ​កសាងអនាគតថាមពលដែល​បញ្ចេញកាបូនសូន្យប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយសន្សំសំចៃភពផែនដីនិងជំរុញសុខុមាលភាព ស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញនូវការប្រើប្រាស់ថាមពលកកើតឡើងវិញនិងគិតគូរខ្ពស់ទៅលើបរិស្ថានបៃតង។

ក្រុមហ៊ុន EDF មានប្រតិបត្តិការសំខាន់ៗចំនួន ៤ រួមមាន៖ ១. ការផលិតអគ្គិសនី ២. ការដឹកជញ្ជូននិងចែកចាយថាមពល​អគ្គិសនី ៣. ការផ្គត់ផ្គង់ថាមពល និង ៤. ការបង្កើនប្រសិទ្ធភាព និងការជួញដូរថាមពលអគ្គិសនី។

ក្រោយ​បញ្ចប់​កិច្ចពិភាក្សាការងារជាមួយ​ថ្នាក់ដឹកនាំជាន់ខ្ពស់​ក្រុមហ៊ុន​អគ្គិសនី​បារាំង សម្តេច​ធិបតី​ក៏​មាន​ជំនួប​ជាមួយ​នាយកប្រតិបត្តិក្រុមហ៊ុន PuyDuFou ប្រចាំទ្វីបអាស៊ី។

លោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន PuyDuFou ប្រចាំទ្វីបអាស៊ី

ក្រុមហ៊ុន PuyDuFou ជាក្រុមហ៊ុនវិនិយោគទៅលើឧទ្យានកម្សាន្ត។ ក្រោមកិច្ចសហការភាពជាដៃគូរវាងក្រុមហ៊ុនបារាំង ICONEM និងក្រុមហ៊ុន Confluences របស់កម្ពុជា ក្រុមហ៊ុន​កំពុងបណ្តាក់ទុនលើ​គម្រោង​បង្កើត “Immersive Angkor” ដែលជាសារមន្ទីរនិម្មិតដំបូងគេបង្អស់នៅកម្ពុជា ដែលមានទីតាំងក្នុងខេត្តសៀមរាប។

លោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group

នា​ឱកាស​នោះ សម្តេច​ក៏​បានជួបពិភាក្សាការងារ​ជាមួយ​នាយកប្រតិបត្តិក្រុមហ៊ុន​ Wholesale International Group និងដែល​ជា​តំណាង​ឲ្យ​ Orange Group។ ក្រុមហ៊ុន Orange Group ជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ និង​ផ្គត់ផ្គង់​សេវាឌីជីថលឈានមុខ​របស់បារាំងនិងលើពិភពលោក ដោយប្រតិបត្តិការនៅក្នុងប្រទេស​ចំនួន ២៦ ក្នុងតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក។

ក្រុមហ៊ុន Orange Group មាន​បំណងពង្រីក​ការវិនិយោគរបស់ខ្លួន​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុនចាប់អារម្មណ៍លើការពង្រីកការវិនិយោគ​លើការ​តភ្ជាប់​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍និង​ព័ត៌មាន តាមរយៈ​ខ្សែកាប​អុបទិក​ក្រោម​បាត​សមុទ្រពីកម្ពុជាទៅ​បណ្តា​ប្រទេស​នានា​។

ដោយ​ឡែក​នៅ​ថ្ងៃ​ដដែល​ សម្តេច​ក៏​បាន​ជួបពិភាក្សា​​ជាមួយ​នាយកប្រតិបត្តិក្រុមហ៊ុន TotalEnergies ដែល​មាន​​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធឈ្មោះ Total Cambodge កំពុង​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជាលើការ​នាំ​ចូល​និង​ចែកចាយប្រេងឥន្ធនៈនិង​ប្រេងម៉ាស៊ីន។

លោក Patrick POUYANNÉ នាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies

នាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies បាន​ជម្រាប​ប្រាប់​មេដឹកនាំ​កម្ពុជាថា ក្រុមហ៊ុន​កំពុង​​ប្រតិបត្តិការអាជីវកម្មរោងចក្រ​អគ្គិសនីដើរ​ដោយពន្លឺព្រះអាទិត្យអានុភាព ៦៥ មេហ្គាវ៉ាត់នៅ​ខេត្តបាត់ដំបង និង​កំពុង​ពិចារណាក្នុងការវិនិយោគបន្ថែមពិសេសក្នុង​វិស័យថាមពលខ្យល់។

នៅថ្ងៃជាមួយគ្នានេះដែរ សម្តេច​នាយករដ្ឋមន្រ្តី​ក៏​មានជំនួប​ពិភាក្សា​ជាមួយ​នាយកប្រតិបត្តិក្រុមហ៊ុន Blue Circle របស់បារាំង។

លោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Blue Circle

ក្រុមហ៊ុន Blue Circle ជាក្រុមហ៊ុនអភិវឌ្ឍន៍ ផ្តល់ហិរញ្ញប្បទាន និងធ្វើប្រតិបត្តិការគម្រោង​ថាមពល​កកើត​ឡើងវិញ​នៅតំបន់​អាស៊ីអាគ្នេយ៍ចាប់តាំងពីឆ្នាំ ២០១៣ មក។ ក្រុមហ៊ុន Blue Circle បានបើក​ការិយាល័យ​ដំបូង​នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥ ដោយ​ក្បានជ្រើសរើស​យក​ខេត្ត​មណ្ឌលគិរី​ដើម្បីអនុវត្តន៍គម្រោងទីមួយរបស់ក្រុមហ៊ុន លើ​គម្រោង​ទាញយក​ថាមពល​ខ្យល់​បំប្លែង​ជាអគ្គិសនី ដែលគ្រោងនឹងបើកដំណើរការចាប់ពីឆ្នាំ ២០២៦ តទៅ។

ដោយឡែក​នា​ឱកាស​នោះ​ សម្តេច​ក៏​មានជំនួប​ពិភាក្សាការងារ​ជាមួយ​ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) របស់​ប្រទេស​បារាំង។

លោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF)

សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) មានសមាសភាពអង្គការវិជ្ជាជីវៈចំនួន ៣៤ មកពីប្រទេសហ្រ្វង់កូហ្វូនចំនួន ៣១, សហគ្រាសជាង ៧០០ ០០០ ដោយផ្ទាល់ និងសហគ្រាសចំនួន ១០ លានសហគ្រាស ដោយប្រយោល។

នៅក្នុង​ដំណើរទស្សនកិច្ច​ប្រទេស​បារាំង សម្តេច​ធិបតី​ក៏​បាន​ចូលរួម​វេទិកា​ធុរកិច្ច​បារាំង-កម្ពុជា ដែល​សម្របសម្រួល​និងរៀបចំ​ដោយ​សភា​ពាណិជ្ជកម្ពុជា។

ក្នុង​វេទិកា​នោះ​មាន​បណ្តាក្រុមហ៊ុន​ជិត​ ១១០​ ក្រុមហ៊ុន​បាន​មកជួបជុំគ្នា​ ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​ចំនួន ៨០​ មក​ពីប្រទេស​បារាំង​ និង​ក្រុមហ៊ុន​ចំនួន​ ៣០​ មកពីប្រទេសកម្ពុជា​ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ទំនាក់ទំនង​ ពង្រីក​ឱកាស​ និង​សិក្សាស្វែងយល់​ ពិសេស​បង្កើត​ឱកាស​វិនិយោគ​នៅកម្ពុជា។

សម្តេច​នាយករដ្ឋមន្រ្តី​ក៏​បាន​ចូលរួមជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈយោគយល់ចំនួន ០៦ រួមមាន៖

១-អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF)
២-អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle
៣-អនុស្សរណៈយោគយល់រវាង អាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail
៤-អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Aloest Productions
៥-អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42)
៦-អនុស្សរណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុន SEMMARIS

តាមរយៈការចុះអនុស្សរណៈយោគយល់នេះ នឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសនិយាយ​ភាសាបារាំង ក៏ដូចជាជួយគាំទ្រដល់ធុរកិច្ចប្រទេសនិយាយភាសាបារាំងតាមរយៈការរៀបចំ ជំនួបពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ចនានា។ ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចក្រុមហ៊ុនបារាំង និងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម