Connect with us

ព័ត៌មានជាតិ

បណ្តាញ​ក្រុមហ៊ុន​បារាំង​ទាំង​តូច​ទាំង​ធំ​ប្រមាណ ២០០ កំពុង​មាន​វត្តមាន​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា

បានផុស

នៅ

បណ្តាញ​ក្រុមហ៊ុន​បារាំង​ប្រមាណ ២០០ ក្រុមហ៊ុន​កំពុង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា រួម​ទាំង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​បារាំង​ធំៗ​ចំនួន​ ៣៥ ទៀត ក៏​កំពុង​មាន​វត្តមាន​ពង្រីក​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​​ធ្វើ​ឡើង​កាល​ពី​រសៀល​ម្សិលមិញ​នេះ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រី​ប្រតិភូ​អម​រដ្ឋមន្ត្រីក្រសួង​អឺរ៉ុប និង​ការ​បរទេស​បារាំង​ ទទួលបន្ទុក​ពាណិជ្ជកម្ម និង​ទាក់ទាញ​វិនិយោគ​បាន​លើក​ឡើង​ពី​ការ​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​សេដ្ឋកិច្ច​រវាង​ប្រទេស​បារាំង និង​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នីកូឡា ហ្វ័ររីស្យេ បាន​គូស​បញ្ជាក់​ថា ក្រុមហ៊ុន​បារាំង​​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​ជាច្រើន​ដូចជា ដឹកជញ្ជូន ថាមពល ហិរញ្ញវត្ថុ សុខាភិបាល ទេសចរណ៍ សណ្ឋាគារ និង​សំណង់។

ពាក់ព័ន្ធ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ចទ្វេភាគី​រវាង​ប្រទេស​បារាំង​និង​កម្ពុជា​ លោក នីកូឡា ហ្វ័ររីស្យេ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​បណ្តាញ​ក្រុមហ៊ុន​បារាំង​ជាង ២០០ កំពុង​ពង្រីកអាជីវកម្មវិនិយោគ​​នៅ​កម្ពុជា ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​បារាំង ៣៥ ក្រុមហ៊ុន និង​សហគ្រិន​បារាំង​​ផ្សេង​ទៀត។

លោក​ក៏​បាន​រំលេច​វត្តមាន​របស់​ក្រុមហ៊ុន​បារាំង​ Vinci ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ​ថ្មីដ៏ប្រណីតផងដែរ​។

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​បារាំង និង​កម្ពុជា​បាន​ហក់ឡើងដល់ទៅ ១,៧៥ ពាន់​លាន​អឺរ៉ូ​នៅ​ឆ្នាំ ២០២៥ កើន​ឡើង ១៧,៥% ធៀប​នឹង​ឆ្នាំ ២០២៤។

ការ​វិនិយោគ​ផ្ទាល់ (FDI) ពី​ប្រទេស​បារាំង​បាន​ឈាម​ដល់ ៦៩២ លាន​អឺរ៉ូ នៅ​ចុង​ឆ្នាំ ២០២៤ កើន​ឡើង ២៥% ធៀប​នឹង​ឆ្នាំ ២០២៣។

បារាំង​នាំចូល​ផលិតផល​ជាច្រើន​ពី​កម្ពុជា​រួមមាន ស្រូវ និង​កង់។ រីឯ​បារាំង​នាំចេញ​ទៅ​កម្ពុជា​វិញ​នូវ យន្តហោះ​ ផលិតផល​កសិឧស្សាហកម្ម និង​ផលិតផល​ឱសថ។​

ខណៈ​កម្ពុជា​ត្រៀម​ទទួល​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អង្គការ​ហ្រ្វង់កូហ្វូនី ដែល​នឹង​មាន​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រធានាធិបតី​បារាំង​មក​កម្ពុជា លោក នីកូឡា ហ្វ័ររីស្យេ គូស​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើងបន្ទាប់​ពីមាន​ជំនួប​ជាច្រើនលើក​រវាង​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​ពីរ ជាពិសេស​រវាង​ប្រធានាធិបតី​បារាំង លោក អេម៉ានូអែល ម៉ាក្រុង និង​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជាជា​បន្តបន្ទាប់​នៅទី​ក្រុងប៉ារីស និង​នៅក្នុងក្របខណ្ឌក្រៅផ្លូវការ​នៃការប្រជុំ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​មហាសមុទ្រ រួម​ទាំង​ជំនួប​ជាមួយ​ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី​ ចំនួន​ពីរលើក​កាល​ពី​ឆ្នាំ ២០២៣ និងឆ្នាំ ២០២៤។

បើតាម​លោក​រដ្ឋមន្រ្តី ដំណើរទស្សនកិច្ច​របស់ប្រធានាធិបតីបារាំង​នៅ​ខែ​វិច្ឆិកា​ខាងមុខ​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រដ៏​សំខាន់​មួយ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សេនាប្រមុខ ហ្សាល ដឺហ្គោល​កាលពី ៦០ ឆ្នាំមុន ដែល​នឹង​ចូលរួម​ចំណែក​ពង្រឹង​កិច្ច​សហការ​ជា​ដៃគូ​រវាង​ប្រទេស​ទាំង​ពីរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម