ព័ត៌មានជាតិ
តើដំណើរទស្សនកិច្ចរដ្ឋមន្រ្តីបារាំងមកកម្ពុជា សម្រេចបានលទ្ធផលអ្វីខ្លះ?
ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីបារាំង ទទួលបន្ទុកពាណិជ្ជកម្ម និងទាក់ទាញវិនិយោគ មានការជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់កម្ពុជាជាច្រើនរូបដើម្បីពង្រឹងកិច្ចសហការ និងជំរុញការវិនិយោគលើវិស័យអាទិភាពផ្សេងៗ។
ក្នុងសន្និសីទកាលពីរសៀលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៦ នៅស្ថានទូតបារាំងប្រចាំនៅរាជធានីភ្នំពេញ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគរបស់ប្រទេសបារាំង បានបង្ហាញពីលទ្ធផលក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា រួមទាំងឆ្លើយតបសំនួររបស់អ្នកសារព័ត៌មានជុំវិញការពង្រឹងកិច្ចសហការ និងការជំរុញការវិនិយោគលើវិស័យយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនបារាំងនៅកម្ពុជា។

នៅក្នុងសន្និសីទ លោកបានលើកពីការវិវត្តនៃទំនាក់ទំនងរវាងប្រទេសបារាំងនិងកម្ពុជា បន្ទាប់ពីមានជំនួបកំពូលជាច្រើនរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ជំនួបចុងក្រោយបង្អស់គឺរវាងប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៨ ខែវិច្ឆិកានៅទីក្រុងប៉ារីស និងកាលពីខែមករា ឆ្នាំ២០២៤ និងខែ មិថុនា ឆ្នាំ២០២៥ នៅក្នុងក្របខ័ណ្ឌក្រៅផ្លូវការនៃកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រនៅទីក្រុងប៉ារីស។
ដោយឡែក ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានជួបប្រធានាធិបតីបារាំងចំនួនពីរលើកផងដែរ គឺនៅក្នុងខែ វិច្ឆិកា ឆ្នាំ២០២៣ និងខែតុលា ឆ្នាំ២០២៤។
ជាមួយគ្នានេះ លោកបានលើកពីសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងក្នុងកិច្ចប្រជុំហ្រ្វង់កូហ្វូនីនៅរាជធានីភ្នំពេញនៅខែវិច្ឆិកាខាងមុខនេះ គឺធ្វើឡើងបន្ទាប់ពីរយៈពេល ៦០ ឆ្នាំ នៃដំណើរទស្សនកិច្ចរបស់លោកសេនាប្រមុខ ហ្សាល ដឺហ្គោល មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ រួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងប្រទេសទាំងពីរ។
លោកថា ប្រទេសកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ ហើយទស្សនកិច្ចនេះនឹងជួយពង្រឹងទំនាក់ទំនងបន្ថែមទៀត។



លោកបានលើកឡើងពីគោលបំណងរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលចង់ឃើញការវិនិយោគរបស់ក្រុមហ៊ុនបារាំងនៅកម្ពុជាឲ្យកាន់តែច្រើន និងជំរុញគម្រោងយុទ្ធសាស្ត្រមួយចំនួនឲ្យលេចជារូបរាង។
ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោករដ្ឋមន្រ្តីបានបញ្ជាក់ថា លោកបានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា រួមមាន លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត ដើម្បីជំរុញឲ្យគម្រោងយុទ្ធសាស្រ្តមួយចំនួនឲ្យចេញជារូបរាងដូចជាផ្នែកថាមពល និងសុខាភិបាល ដែលប្រទេសបារាំងមានជំនាញ និងគុណតម្លៃខ្ពស់។
ជុំវីញដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា លោករដ្ឋមន្រ្តីបានជួបក្រុមហ៊ុនបារាំងដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា។ លោកថា មានបណ្តាញក្រុមហ៊ុនបារាំងជាង ២០០ ក្រុមហ៊ុន កំពុងមានវត្តមាននៅកម្ពុជា ក្នុងនោះមានក្រុមហ៊ុនបុត្រសម្ព័ន្ធបារាំងជាង ៣៥ ក្រុមហ៊ុន ព្រមទាំងសហគ្រិន និងថ្នាក់ដឹកនាំជាច្រើនទៀត ដែលសកម្មវិនិយោគលើវិស័យដឹកជញ្ជូន ថាមពល ហិរញ្ញវត្ថុ សុខាភិបាល ទេសចរណ៍ សណ្ឋាគារ និងសំណង់។
ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងបារាំងនិងកម្ពុជា នៅក្នុងឆ្នាំ ២០២៥ កើនដល់ដល់ ១.៧៥ ពាន់លានអឺរ៉ូ មានកំណើនឡើង ១៧.៥% ធៀបនឹងឆ្នាំ២០២៤។ ទំហំការវិនិយោគផ្ទាល់ពីប្រទេសបារាំងបានឈានដល់ ៦៩២ លានអឺរ៉ូ នៅចុងឆ្នាំ២០២៤ កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៣។
កម្ពុជានាំចូលមកបារាំងនូវផលិតផលវាយនភណ្ឌ ស្រូវ និងកង់ ខណៈកម្ពុជាជាប្រទេសផលិតកង់ដ៏ធំ រីឯបារាំងនាំចេញទៅកម្ពុជានូវយន្តហោះ ដូចជាយន្តហោះ ATR ផលិតផលកសិ-ឧស្សាហកម្ម និងផលិតផលឱសថ។
ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃ នៅកម្ពុជា លោក នីកូឡា ហ្វ័ររីស្យេ បានចុះទៅពិនិត្យមើលវឌ្ឍនភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបានទៅទស្សនាព្រលានយន្តហោះថ្មីដ៏អស្ចារ្យ និងប្រណីតរបស់កម្ពុជាដែលមានក្រុមហ៊ុនបារាំងធំៗបានដើរតួដ៏សំខាន់មានដូចជា ក្រុមហ៊ុន VINCI Airports, Lagardère Travel Retail, Newrest និងក្រុមហ៊ុនផ្សេងទៀត ខណៈដែលព្រលានយន្តហោះថ្មីនេះបង្ហាញពីមុខមាត់ថ្មីនៅក្នុងដំណើរពង្រឹងវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។


លោកលើកឡើងពីការជំរុញសហគ្រាសខ្នាតតូច និងមធ្យមរបស់កម្ពុជាពង្រីកសក្តានុពលចូលទីផ្សារបារាំង។ ជាក់ស្តែង នៅក្នុងពិព័រណ៍អាហារនៅទីក្រុងប៉ារីស លោកជំទាវ ចម និម្មល បានចូលរួមពិព័រណ៍អាហារនៅទីក្រុងប៉ារីសដោយជោគជ័យ ហើយចង់រៀបចំពិព័រណ៍ស្រដៀងគ្នានេះនៅកម្ពុជា។
ក្រុមហ៊ុនបារាំងក៏បានចុះហត្ថលេខាជាមួយក្រុមហ៊ុនកម្ពុជាបង្កើតទីផ្សារលក់ដុំផលិតផលស្រស់ ដែលជួយដល់វិស័យផលិតកម្ម កសិ-ឧស្សាហកម្ម និងការនាំចេញរបស់កម្ពុជាឱ្យស្របតាមស្តង់ដារអន្តរជាតិ។
បន្ថែមពីនេះ ក៏មានគម្រោងកិច្ចសហការលើការបង្កើតមជ្ឈមណ្ឌលមន្ទីរពេទ្យសាកលវិទ្យាល័យ ព្រមទាំងគម្រោងអភិវឌ្ឍថាមពល និងការគ្រប់គ្រងសំណល់នៅរាជធានីភ្នំពេញ។
លោក នីកូឡា ហ្វ័ររីស្យេ បានបញ្ជាក់ថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងក្នុងកិច្ចប្រជុំហ្រ្វង់កូហ្វូនីនៅខែវិច្ឆិកាខាងមុខនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា រួមនឹងក្រុមប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់បារាំង នឹងរៀបចំឲ្យមាន «វេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី ៣» ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្មកម្ពុជា។ ព្រឹត្តិការណ៍នេះរំពឹងថា នឹងមានអ្នកចូលរួមប្រហែល ៤០០ នាក់ ដែលជាឱកាសដ៏ល្អសម្រាប់ស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ចនៅកម្ពុជា។
ទស្សនវិស័យនាពេលអនាគត លោកមើលឃើញថា កម្ពុជានិងបារាំងអាចចែករំលែកគុណតម្លៃ និងវប្បធម៌រួមគ្នា ស្របស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងជួបប្រទះនឹងជម្លោះនានាដូចជានៅអ៊ុយក្រែន និងការលំបាកក្នុងពាណិជ្ជកម្មអន្តរជាតិ ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរយៈពេលវែងដោយគោរពច្បាប់ពាណិជ្ជកម្មរួមគ្នាគឺពិតជាមានសារៈសំខាន់ខ្លាំង។
លោកអះអាងថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង នឹងជួយជំរុញនិងពន្លឿនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបែបឈ្នះ-ឈ្នះនេះឱ្យកាន់តែលឿន និងមានប្រសិទ្ធភាពទៅមុខ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


