ព័ត៌មានជាតិ
លោក ព្រាប កុល៖ ដើម្បីកិត្តិនាមរដ្ឋាភិបាល លោកគ្មានជម្រើសអ្វីក្រៅពីប្ដឹងម្ចាស់គណនី Chivann Pen ឡើយ
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ព្រាប កុល បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី២៥ ខែមករា នេះថា ដើម្បីរក្សាកិត្តិនាមរដ្ឋាភិបាល រក្សាកិត្តិយសផ្ទាល់ខ្លួន និងក្រុមគ្រួសារ លោកគ្មានជម្រើសអ្វីក្រៅពីប្ដឹងម្ចាស់គណនីហ្វេសប៊ុក Chivann Pen មានឈ្មោះពិតថា យ៉ង់ ប៉ាក់ ទៅកាន់តុលាការឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ។

គួររំលឹកថា គណនីហ្វេសប៊ុក Chivann Pen បានសរសេរថា លោក ព្រាប កុល ត្រូវបានគេសង្ស័យថាបានលេបយកទឹកប្រាក់ចំនួន៨០លានដុល្លារពីគម្រោងវិនិយោគអចលនទ្រព្យរបស់ក្រុមហ៊ុន CIC ។
លោក ព្រាប កុល បានចាត់ទុកទង្វើរបស់បុគ្គល យ៉ង់ ប៉ាក់ ម្ចាស់គណនីហ្វេសប៊ុក Chivann Pen ដែលផ្សាយព័ត៌មានប្រឌិត រហូតត្រូវបានបណ្តាញសារព័ត៌មានជាច្រើនយកផ្សព្វផ្សាយ គឺបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសុវត្ថិភាពរបស់លោក ព្រមទាំងក្រុមគ្រួសារ។
ប៉ុន្តែលោក ព្រាប កុល អះអាងថា ជាក្តីសណ្តោសជាបឋមដល់បុគ្គលយ៉ង់ ប៉ាក់ ដំបូងឡើយលោកបានឱ្យមេធាវីជូនដំណឹងទៅកាន់ម្ចាស់គណនី Chivann Pen ឱ្យលុបអត្ថបទចេញ និងសូមអភ័យទោស ព្រោះមិនចង់ឃើញគាត់ប្រឈមការកាត់ទោសដែលអាចនាំឱ្យមានវិនាសកម្មដល់រូបគាត់ និងក្រុមគ្រួសារគាត់។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានសរសេរបន្តថា “ប៉ុន្តែជននេះមិនព្រមធ្វើតាមសេចក្តីជូនដំណឹងហើយបានទាមទារស្រាក្រហម១ដប និងសាច់ក្លែម១ចានជាថ្នូរនៃការលុបអត្ថបទប្រឌិតនោះចេញ។ មិនតែប៉ុណ្ណោះគាត់បានសាទរ ត្រេកអរពេលឃើញបណ្តាញសារពត៌មានជាច្រើនចុះផ្សាយអត្ថបទប្រឌិតរបស់គាត់ ហើយរីករាយពេលឃើញកេរ្តិ៍ឈ្មោះដែលខ្ញុំបានសាងជាច្រើនទស្សវត្សន៍ត្រូវបានបង្ខូច និងបង្ករឱ្យមានការរើសអើង បន្តុះបង្អាប់ និងចំអកឡកឡឺយ”។

លោក ព្រាប កុល បានចាត់ទុកទង្វើរបស់ម្ចាស់គណនីហ្វេសប៊ុក Chivann Pen ថាជាការបង្កើតភាពសប្បាយរបស់ខ្លួនឯងដោយក្លែមការឈឺចាប់របស់អ្នកដទៃ។ “ជននេះបង្កើតភាពរីករាយសម្រាប់ខ្លួនឯង ដោយក្លែមនូវការឈឺចាប់របស់ខ្ញុំ និងក្រុមគ្រួសារខ្ញុំ”។ នេះជាសំណេររបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
គួរបន្ថែមថា ក្រោយបុគ្គល យ៉ង់ ប៉ាក់ មិនព្រមលុបសំណេរប្រឌិតចេញពីហ្វេសប៊ុក មេធាវីរបស់លោកព្រាប កុល បានដាក់ពាក្យបណ្ដឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ អនុវត្តន៍តាម តាមដីការរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់ខ្លួន បុគ្គល យ៉ង់ ប៉ាក់ និងបញ្ជូនទៅកាន់តុលាការ។
ក្រោយដាក់ពាក្យបណ្ដឹង និងសមត្ថកិច្ចចាប់ឃាត់ខ្លួន បុគ្គលយ៉ង់ ប៉ាក់ លោក ព្រាប កុល បានពន្យល់ថា ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួន និងក្រុមគ្រួសារផង និង ដើម្បីរក្សាកិត្តនាមរបស់រាជរដ្ឋាភិបាល លោកគ្មានជម្រើសអ្វីផ្សេងក្រៅពីប្តឹងទៅតុលាការ ដើម្បីឱ្យជននេះទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ។ លោក ព្រាប កុល បន្ថែមថា ប្រទេសមានច្បាប់ បើមិនអនុវត្តច្បាប់ទេ សង្គមនឹងមានភាពអនាធិបតេយ្យជាមិនខាន ហើយជនទុច្ចរិត និងបន្តគឃ្លើនដើរបង្ខូចកេរ្តិ៍ឈ្មោះគេតាមទំនើងចិត្ត។
បើតាមសំណេរដដែល នៅចំពោះមុខសមត្ថកិច្ច លោក យ៉ង់ ប៉ាក់ បានសារភាពកំហុស និងស្នើសុំការអភ័យទោសពីសំណាក់លោកព្រាប កុល។
គួររំលឹកឡើងវិញបន្តិចថា ប្រធានគណកម្មការនៃស្ថាប័ន CIC បានបញ្ជាក់ក្នុងលិខិតជាផ្លូវការថា លោក ព្រាប កុល មិនបានលេបយកលុយចំនួន៨០លានដុល្លារពីក្រុមហ៊ុន ដូចការចោទរបស់ម្ចាស់អាខោន Chivann Pen នោះទេ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


