ព័ត៌មានជាតិ
ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ១,៥ លាននាក់ ៖ សិក្ខាកាមចាប់ផ្ដើមចុះកម្មសិក្សាតាមក្រុមហ៊ុនឯកជន ដើម្បីពង្រឹងសមត្ថភាពលើការអនុវត្តផ្ទាល់
វិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ផ្ដើមបញ្ជូនសិក្ខាកាមសិក្សាជំនាញរបស់ខ្លួនចុះកម្មសិក្សានៅក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពលើការអនុវត្តផ្ទាល់ ផ្សារភ្ជាប់ជាមួយការសិក្សាទ្រឹស្ដីនៅក្នុងថ្នាក់។ ការចុះកម្មសិក្សានេះ បន្ទាប់ពីសិក្ខាកាមបាននិងកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស បានជាង ៣ ខែ រួចមកហើយ ចាប់តាំងពីការបើកបវេសនកាលកម្មវិធីសិក្សានេះ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។

នាយកវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក យ៉ោក សុទ្ធី បានលើកឡើងថា «វិទ្យាស្ថានខ្ញុំបានបញ្ជូនសិក្ខាកាមដែលកំពុងសិក្សាក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ១,៥ លាននាក់ ចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជន និងការដ្ឋានរួចរាល់ហើយ កាលពីពេលថ្មីៗ នេះ»។
នាយកវិទ្យាស្ថានរូបនេះ បានគូសបញ្ជាក់ថា ការចុះកម្មសិក្សាគឺមានសារៈសំខាន់ណាស់សម្រាប់សិក្ខាកាមដែលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ពីព្រោះការចុះកម្មសិក្សាគឺជាការផ្សារភ្ជាប់ទៅនឹងមេរៀនដែលបានសិក្សានៅក្នុងថ្នាក់ ហើយកម្មសិក្សាក៏ជាផ្នែកមួយលើការពង្រឹងសមត្ថភាពបន្ថែមពីលើការអនុវត្តនៅរោងជាងដែលមានស្រាប់ក្នុងវិទ្យាស្ថានផងដែរ។

លោកនាយកវិទ្យាស្ថាន បន្ថែមថា មាន ៣ ចំណុចសំខាន់នៅពេលចុះកម្មសិក្សា ទី១.សិក្ខាកាមអាចពិនិត្យបរិស្ថានការងារនៅជុំវិញខ្លួនដែលជាក្រុមហ៊ុនឯកជន។ ទី២.សិក្ខាកាមអាចហាត់ការផ្ទាល់ជាមួយក្រុមហ៊ុនឯកជន។ ទី៣.សិក្ខាកាមមានឱកាសជ្រើសរើសធ្វើការនៅក្រុមហ៊ុនឯកជននោះតែម្ដង បន្ទាប់ពីហាត់ការរួច។
ទន្ទឹមនេះ នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ជិន តារ៉ា ក៏បានលើកឡើងដែរថា «ការចុះកម្មសិក្សាពិតជាមានសារៈសំខាន់ណាស់សម្រាប់សិក្ខាកាមសិក្សាជំនាញ ហើយវាក៏ជាឱកាសសិក្សាមួយសំខាន់បន្ថែមពីលើការអនុវត្តដែលមានស្រាប់នៅក្នុងថ្នាក់»។

លោកបន្ថែមថា ក្រុមហ៊ុនឯកជន នឹងធ្វើការជ្រើសរើសសិក្ខាកាមចុះកម្មសិក្សាទាំងឡាយណាដែលមានឥរិយាបថការងារល្អអំឡុងពេលហាត់ការ ចូលធ្វើការជាបុគ្គលិកក្រុមហ៊ុននោះពេញសិទ្ធិផងដែរ។ ដូច្នេះសិក្ខាកាមដែលចុះកម្មសិក្សាត្រូវតែធ្វើយ៉ាងណាខិតខំយកចិត្តទុកដាក់រៀនសូត្រ ដើម្បីទាក់ចិត្តក្រុមហ៊ុនឯកជននោះ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ត្រូវបានដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងបើកបវេសនកាលកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ សិក្ខាកាមបាននិងកំពុងសិក្សាជំនាញវិជ្ជាជីវៈវគ្គទី ១ បានជាង ៣ ខែ ដោយរលូន។ វិទ្យាស្ថានបណ្ដុះបណ្ដាលមួយចំនួន បានចាប់ផ្ដើមឱ្យសិក្ខាកាមរបស់ខ្លួនចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីពង្រឹងសមត្ថភាព បន្ទាប់សិក្សាទ្រឹស្ដីក្នុងថ្នាក់ និងអនុវត្តនៅតាមសាលាបណ្ដុះបណ្ដាលផងដែរ៕







-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


