ព័ត៌មានជាតិ
ប្រធានសមាគម IDEA ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអ្នកក្រៅប្រព័ន្ធឲ្យចូលទៅក្នុងប្រព័ន្ធកាន់តែច្រើន ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលទៅក្នុងប្រព័ន្ធកាន់តែច្រើនឡើង ស្របតាមយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ IDEA បានគូសបញ្ជាក់ថា ការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ គឺជាឱកាសថ្មីស្រឡាងមួយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជាពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃនិងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់បង្កើតជំនាញថ្មីមួយទៀត ក្រៅតែពីការលក់ដូរបន្តិចបន្តួចដែលមានប្រាក់ចំណូលទាប។ លោកវាយតម្លៃខ្ពស់ពីកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះថា ជាការលើកកម្ពស់ជីវភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ប្រធានសមាគមរូបនេះ បានបន្ថែមថាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសក៏ជាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយដែលអាចកែប្រែជីវភាពរបស់ពលរដ្ឋដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅពេលអនាគតដ៏ខ្លីខាងមុខ ពីព្រោះជំនាញវិជ្ជាជីវៈដែលពួកគេទទួលបានជាឱកាសក្នុងការបង្កើតរបរថ្មីដែលមានប្រាក់ចំណូលសមរម្យជាងមុន។ លើសពីនេះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចផ្លាស់ប្តូមុខរបរថ្មី បានបន្ទាប់ពីបានសិក្សាជំនាញដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

លោក វន់ ពៅ សង្ឃឹមយ៉ាងមុតមាំថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូអនាគតបងប្អូនប្រជាពលរដ្ឋដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះគឺជាការយកចិត្តទុកដាក់ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលមកលើអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកបានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមកទទួលយកឱកាសក្នុងការសិក្សាជំនាញដ៏សំខាន់មួយនេះដើម្បីផ្លាស់ប្តូជីវភាពអនាគតរបស់ពួកគេ។
ចំណែកឯកឧត្តម យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET) របស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺបាននិងកំពុងដំណើរការរយៈពេល១ឆ្នាំហើយ ដោយកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលកម្លាំងជំនាញនៅកម្ពុជា និងកែប្រែអភិវឌ្ឍន៍សមត្ថភាពរបស់យុវជន និងពលរដ្ឋកម្ពុជា។

នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសរូបនេះបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបានដំណើរការយ៉ាងរលូន និងទទួលបានពលរដ្ឋចុះឈ្មោះរៀនជំនាញរាប់ម៉ឺននាក់ក្នុងរយៈពេល១ឆ្នាំមកនេះ។ ដោយឡែកយុវជនសិក្សាជំនាញរបស់រាជរដ្ឋាភិបាលទាំងនោះបានទទួលការងារធ្វើសមរម្យ, កំពុងចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជននានាក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបានទទួលសិស្សចុះឈ្មោះចូលរៀនសរុបចំនួនជាង៧មុឺននាក់នៅទូទាំងប្រទេស។ យោងតាមលទ្ធផលក្នុងរយៈពេលមួយឆ្នាំ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ ក្នុងនោះនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេសក៏បានប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញជាបន្តបន្ទាប់ផងដែរ។

ទន្ទឹមនះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ទ្រង់ទ្រាយធំ ក្នុងនោះអគ្គនាយកដ្ឋានជំនាញ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រប់រាជធានី-ខេត្តបានចេញយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មិនត្រឹមតែនៅតាមខ្នងផ្ទះប្រជាពលរដ្ឋតាមគោលដៅនោះទេ ក៏ប៉ុន្តែក្រសួងក៏មានយុទ្ធនាការផ្សព្វផ្សាយនៅតាមទីតាំងសាធារណៈ តាមរយៈការចែកខិតប័ណ្ណ អំពីកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះផងដែរ៕


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


