ព័ត៌មានជាតិ
នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈគឺជាស្ពានបន្តក្តីស្រមៃយុវជនក្នុងការវិលត្រលប់មកកាន់ការសិក្សា
លោក កែម ជាក់នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ដល់យុវជនដែលមានជីវភាពក្រីក្រ អាចបន្តក្តីស្រមៃក្នុងការសិក្សា អភិវឌ្ឍសមត្ថភាពជំនាញ ដើម្បីមានឱកាសក្នុងការប្រគួតប្រជែងក្នុងទីផ្សារការងារដែលមានស្រាប់។

នាយកវិទ្យាស្ថានរូបនេះថា « ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនេះគឺជាឱកាសល្អណាស់សម្រាប់យុវជនដែលមានជីវភាពក្រីក្រ ពួកគេរៀនជំនាញដោយឥតគិតថ្លៃ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់សិក្សាចប់ មានឱកាសក្នុងការរកការងារធ្វើល្អ ទទួលបានប្រាក់ចំណូលសមរម្យបន្ទាប់ពីសិក្សាចប់»។

លោកបន្តថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺផ្តល់អត្ថប្រយោជន៍ជាច្រើនដល់យុវជន ដូច្នេះពួកគេត្រូវចាប់យកឱកាសមាសនេះឱ្យបានពីព្រោះរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារបានជួយជ្រោមជ្រែងសិស្សទាំងឡាយណាដែលបញ្ចប់ការសិក្សា ដូចជាមានការរៀបចំក្រុមហ៊ុនចុះហាត់ការ និងការផ្តល់ឱកាសការងារតាមក្រុមហ៊ុនឯកជនជាច្រើនទៀត។ លោកបានអំពាវនាវឱ្យយុវជនមកចុះឈ្មោះចូលរៀនជំនាញឱ្យបានគ្រប់ៗគ្នា ធ្វើយ៉ាងណាយុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិច។

ដោយឡែកលោក រៀម សុភា គ្រូបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានលើកឡើងថា «កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះអាចប្រែក្លាយយុវជនដែលប្រើកម្លាំងក្នុងការធ្វើការ មកជាយុវជនដែលប្រើជំនាញធ្វើការវិញ។ វាក៏ប្រែក្លាយយុវជនដែលគ្មានជំនាញ មកមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត ដើម្បីឈានជើងចូលក្នុងទីផ្សារការងារដែលមានស្រាប់»។

លោកបន្ថែមថា វិទ្យាស្ថានពហុបច្ចេកទេសបានចុះមូលដ្ឋានផ្ទាល់ ដើម្បីកៀរគរយុវជនមកចុះឈ្មោះចូលរៀនជំនាញនេះ ហើយភាគច្រើននៃយុវជនគឺធ្វើការដោយប្រើកម្លាំង ហើយគ្មានជំនាញ ដូច្នេះការបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាការផ្តល់ឱកាសយ៉ាងសំខាន់ក្នុងការឱ្យពួកគេងាកមកសិក្សាចាប់យកជំនាញ ពិតប្រាកដមួយដើម្បីអាចទទួលបានចំណូលសមរម្យជាងការងារដែលគ្មានជំនាញ។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺស្ថិតនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះវិទ្យាស្ថានបាននឹងកំពុងបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្សចំនួន ៧៩៣នាក់ លើមុខជំនាញចំនួន១៩ដូចជា ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងពុម្ព ការដំឡើងកាមេរ៉ាសុវត្ថិភាព ការផ្សារអគ្គិសនី ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត សេវាកម្មធនធានមនុស្ស សេវាកម្មកុំព្យូទ័រ សេវាកម្មអតិថិជន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ធុរកិច្ចភេសជ្ជៈ ការធ្វើម្ហូបខ្មែរ ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែរមៀត ការចិញ្ចឹម និងថែទាំត្រីប្រា និងការកែច្នៃបន្លែ និងផ្លែឈើ៕





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


