ព័ត៌មានជាតិ
អគ្គស្នងការដ្ឋាននគរបាលជាតិ ប្តេជ្ញាចិត្តប្រើគ្រប់វិធានការដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពក្មេងទំនើង
ក្រោយទទួលបានបទបញ្ជាពីសម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពក្មេងទំនើងនៅក្នុងសង្គម ដោយប្រកាសប្រើគ្រប់វិធានការជំនាញ និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវចាត់វិធានការដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង ជាពិសេសក្រុមបងធំដែលនិយមប្រើដាវសាំម៉ូរ៉ៃ កំពុងបង្កអសន្តិសុខនៅក្នុងសង្គមយ៉ាងអនាធិបតេយ្យ។
បទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងក្រោយសម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ មានសកម្មភាពក្មេងទំនើងបានកើតឡើងជាញឹកញាប់ និងមានចរិតកាចសាហាវគួរឱ្យព្រួយបារម្ភ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ បង្កឱ្យមានការភ័យខ្លាច និងជះឥទ្ធិពលដល់បរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ដោយឃើញបែបនេះ សម្ដេចធិបតី បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវធ្វើឱ្យបានម៉ឺងម៉ាត់ចំពោះក្មេងទំនើង ទាំងវិធានការរដ្ឋបាលក្នុងការបង្ក ទប់ស្កាត់ ទាំងវិធានការអនុវត្តច្បាប់ ដោយគ្មានការបន្ធូរបន្ថយ និងគ្មានលើកលែង ដើម្បីការពារសណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម។

ដើម្បីដោះស្រាយបញ្ហាខាងលើនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយចាត់គ្រប់វិធានការជំនាញ និងវិធានការច្បាប់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើង ឱ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសអនុវត្តប្រកបដោយប្រសិទ្ធភាពតាមអនុសាសន៍ និងបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់សាធារណជន គ្រប់គ្រឹះស្ថានសិក្សា មាតាបិតា និងអាណាព្យាបាលទាំងអស់ឱ្យចូលរួមក្នុងការអប់រំ ណែនាំ ប្រៀនប្រដៅដល់សិស្សានុសិស្ស កូនៗរបស់ខ្លួនឱ្យបានល្អ មានសុជីវធម៌ ចរិយាសម្បត្តិសមរម្យ ថ្លៃថ្នូរ ស័ក្តិសមជាយុវជនទំពាំងស្នងឫស្សី ជាសសរទ្រូងនៃប្រទេសជាតិ ជាពិសេសសំណូមពរដល់យុវជន និងយុវតីគ្រប់រូប ត្រូវចេះកសាងខ្លួន ស្រលាញ់ ការសិក្សា ចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខ ពាលាអាវាសែគ្រប់យ៉ាង។
ទន្ទឹមនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ស្នើសុំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចសហការដឹកនាំសកម្មភាពការងារក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើង ឱ្យបានដាច់ខាត ដើម្បីរួមចំណែកជំរុញចលនាអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យទទួលបានជោគជ័យ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


