Connect with us

ព័ត៌មានជាតិ

លោក ប្រាក់​ សុខុន ប្រាប់ទូតអូស្ត្រាលីប្រចាំអាស៊ាន ថា កម្ពុជាតែងជួយរកដំណោះស្រាយក្នុងវិបត្តិនៅមីយ៉ាន់ម៉ា

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា លោក ប្រាក់ សុខុន បានប្រាប់ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអាស៊ាន ថា កម្ពុជាតែងជួយជ្រោម ជ្រែងស្វែងរកដំណោះស្រាយក្នុងវិបត្តិនៅមីយ៉ាន់ម៉ា ដើម្បីឱ្យប្រទេសសមាជិកអាស៊ានមួយនេះ អាចវិលត្រឡប់ទៅរកប្រក្រតីភាពនយោបាយឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាក់ សុខុន បានរម្លឹកពីជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង កាលពីពេលថ្មីៗនេះ។ លោក ប្រាក់​ សុខុន បានប្រាប់លោកស្រីឯកអគ្គរដ្ឋទូត ថា ក្នុងជំនួបរវាងសម្ដេចតេជោ និងលោក មីន អោងឡាំង ពេលនោះ គឺដើម្បីផ្លាស់ប្ដូរយោបល់គ្នា និងការស្វែងយល់បន្ថែមពីស្ថានភាពជាក់ស្ដែងនៅមីយ៉ាន់ម៉ាក្នុងពេលបច្ចុប្បន្ន។

ការលើកយកបញ្ហាមីយ៉ាន់ម៉ាពេលនេះ ក្នុងគ្រាដែលលោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោកស្រី Tiffany McDonald ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំអាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសលោកស្រីឯកអគ្គរដ្ឋទូត មកធ្វើទស្សនកិច្ចនៅភ្នំពេញ។

លោកស្រី Tiffany McDonald បានបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកទី១ របស់លោកស្រី មកកាន់កម្ពុជា និងជាឱកាសដែលលោកស្រីបានស្វែងយល់ផ្ទាល់ និងស៊ីជម្រៅថែមទៀតអំពីទំនាក់ទំនងអូស្ត្រាលីជាមួយអាស៊ាន តាមបណ្ដាប្រទេសនានា​ជាសមាជិក។ លោកស្រី ឯកអគ្គរដ្ឋទូតអូស្រ្តាលី បញ្ជាក់ជូននៅចំពោះលោក ប្រាក់ សុខុន ថា អូស្ត្រាលី នឹងបន្តគាំទ្រមជ្ឈភាពអាស៊ាន និងយន្តការដែលដឹកនាំដោយអាស៊ាន។

បន្ថែមពីលើបញ្ហានៅមីយ៉ាន់ម៉ា មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជា និងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអាស៊ាន ក៏បានពិភាក្សាគ្នាលើបញ្ហាសមុទ្រចិនខាងត្បូង ដែលជាបញ្ហាប្រឈមមួយរបស់តំបន់ផងដែរ។ ភាគីទាំងពីរ សុទ្ធតែបានបង្ហាញនូវជំហរអព្យាក្រឹត្យនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងនេះ ដែលកម្ពុជា និងអូស្ត្រាលី ចង់ឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមដោះស្រាយជម្លោះនេះដោយសន្តិវិធី ផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម