ព័ត៌មានជាតិ
ឥណ្ឌូណេស៊ីគ្រោងទិញក្រុមហ៊ុនផលិតអង្ករ និង រោងម៉ាស៊ិនកិនស្រូវនៅកម្ពុជា ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសខ្លួន
ក្រុមហ៊ុនរដ្ឋ Bulog របស់ប្រទេសឥណ្ឌូណេស៊ីមានផែនការក្នុងការទិញយកក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ដើម្បីធានានូវសន្តិសុខស្បៀងក្នុងស្រុក ខណៈដែរបញ្ហាប្រែប្រួលអាកាសធាតុកំពុងយ៉ាយីខ្លាំងដល់វិស័យកសិកម្មរបស់ខ្លួន។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ឥណ្ឌូណេស៊ី លោក Andi Amran Sulaiman ។

សារព័ត៌មានរបស់ឥណ្ឌូនេស៊ី ANTARAបានដកស្រង់សម្តីរបស់លោក Sulaimanថា៖ «មិនមានបញ្ហាអ្វីជាមួយនឹងផែនការរបស់ Bulog នោះទេ។ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការបង្កើនសក្តានុពលរបស់យើង ដើម្បីជំរុញសេដ្ឋកិច្ចក្នុងស្រុក»។
លោក Sulaiman បានសង្កត់ធ្ងន់ថា ការទិញក្រុមហ៊ុនផលិតណាមួយនោះគួរតែធ្វើឡើងស្របទៅនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនធនធានអាហារក្នុងស្រុក។ ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះរួមមាន ការបង្កើតស្រែថ្មី បង្កើនប្រសិទ្ធភាពដីដែលមានស្រាប់ និងការពង្រឹងប្រព័ន្ធស្រោចទឹក។
លោកបានបន្ថែមថា៖ «ប្រទេសឥណ្ឌូណេស៊ីធ្លាប់បានសម្រេចបានភាពគ្រប់គ្រាន់ដោយខ្លួនឯងលើស្តុកអង្ករដោយគ្មានការនាំចូល។ ទោះបីជាមានការនាំចូលបច្ចុប្បន្នក៏ដោយ តួលេខនេះមិនលើសពី ១០ ភាគរយនោះទេ»។
កាលពីថ្ងៃទី ១២ ខែមិថុនា នាយកប្រតិបត្តិ Bulog លោក Bayu Krisnamurthi មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល ដើម្បីស្វែងរកសក្តានុពលកិច្ចសហប្រតិបត្តិការជាមួយភាគីផ្សេងៗ ជាពិសេសជាមួយប្រទេសកម្ពុជាលើវិស័យសេដ្ឋកិច្ច និងការវិនិយោគលើម្ហូបអាហារ។
លោកបានបន្ថែមថា Bulog បានសហការជាមួយប្រទេសកម្ពុជារួចហើយតាមរយៈគម្រោអាជីវកម្មទៅអាជីវកម្ម(B2B) និងរដ្ឋាភិបាលទៅរដ្ឋាភិបាល (G2G)ក្នុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤។

លោក សុង សារ៉ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញអង្ករនិងរោងម៉ាស៊ិនកិនស្រុកឈានមុខគេមួយនៅកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះថាឧស្សាហកម្មអង្ករកម្ពុជាមានការប្រកួតប្រជែងកាន់តែច្រើន និងសម្បូរទៅដោយស្រូវដែលអាចកែច្នៃ និងនាំចេញផលិតផលសម្រេចបាន។
លោកថាវិនិយោគិនបរទេសមានលទ្ធភាពក្នុងការវិនិយោគ ប្រសិនបើពួកគេកំពុងស្វែងរកការរក្សាបាននូវសន្តិសុខស្បៀង។ លោកថាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះវិស័យនេះបានទាក់ទាញវិនិយោគិនបរទេសមួយចំនួនដែលភាគច្រើនមកពីសហភាពអឺរ៉ុប និងសិង្ហបុរី។
លោកថា៖«ការវិនិយោគកាន់តែច្រើនលើការកែច្នៃ និងនាំការចេញអង្ករ នឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់កសិករ និងអ្នកប្រើប្រាស់ និងរួមចំណែកដល់សន្តិសុខស្បៀងក្នុងតំបន់ និងឆាកអន្តរជាតិ ជាពិសេសនាំមកនូវបច្ចេកវិទ្យាស្បៀងអាហារបន្ថែមទៀត ដើម្បីកែលម្អកសិកម្ម និងកែច្នៃផលិតផលបន្ថែមតម្លៃដល់កម្ពុជាផងដែរ»។

លោក ឆាយ បូរ៉ា ជាអ្នកជំនាញកិច្ចការទំនាក់ទំនងវិស័យឯកជនជាមួយរដ្ឋាភិបាល និងគោលនយោបាយសាធារណៈ និងក្នុងនាមជានាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រ BowerGroupAsia (BGA) នៅកម្ពុជា លោកជួយក្រុមហ៊ុនចម្រុះជាតិសាសន៍ក្នុងការគ្រប់គ្រងហានិភ័យ និងចាប់យកឱកាសអាជីវកម្មនិងការវិនិយោគនៅកម្ពុជា។ លោកបានលើកឡើងថាទិន្នន័យទាក់ទងនឹងការទិញយកពីបរទេសរបស់ក្រុមហ៊ុនអង្ករកម្ពុជាមានកម្រិតតិចតួចនៅឡើយ ប៉ុន្តែលោកមើលឃើញពីការចូលរួមគួរឱ្យកត់សម្គាល់ពីអ្នកវិនិយោគចិន ខណៈដែរប្រទេសឥណ្ឌូណេស៊ីក៏បានចាប់អារម្មណ៍លើឧស្សាហកម្មអង្កររបស់កម្ពុជាផងដែរ។
លោកបានថ្លែងថា៖«ទោះបីជាព័ត៌មានលម្អិតអំពីការទិញយករបស់ក្រុមហ៊ុនបរទេសលើវិស័យស្រូវអង្ករនៅកម្ពុជានៅមានចំនួនតិចតួចក្តី ប៉ុន្តែការវិនិយោគបរទេសលើវិស័យនេះចូលរួមចំណែកដល់ការពង្រីក និងការធ្វើទំនើបកម្មនៃឧស្សាហកម្មនេះដែលយើងគ្រប់គ្នាមិនអាចប្រកែកបាន»។
លោកបានគូសបញ្ជាក់ទៀតថា៖«ផែនការទិញយកពីក្រុមហ៊ុនបរទេសមកលើវិស័យនេះយើងគិតថាវានឹងមិនប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់ និងពាណិជ្ជកម្មអង្កររបស់កម្ពុជានៅពេលអនាគតទេ។ ផ្ទុយទៅវិញ ផែនការទាំងនេះអាចជួយធ្វើពិពិធកម្ម និងធ្វើទំនើបកម្មឧស្សាហកម្មអង្ករកម្ពុជា ដែលជួយធ្វើឱ្យការផលិតភាពខ្ពស់ ការបង្កើនផលិតកម្មអង្ករដែលមានគុណភាពខ្ពស់ និងបង្កើនការប្រកួតប្រជែងផងដែរ។ ដោយសារភាពសម្បូរបែបនៃដំណាំស្រូវ កម្ពុជានៅតែជាគោលដៅទាក់ទាញសម្រាប់អ្នកវិនិយោគបរទេសដែលចង់បង្កើតប្រតិបត្តិការអង្ករសម្រាប់ការនាំចេញទៅទីផ្សារតំបន់ និង អន្តរជាតិ »។

កម្ពុជារកចំណូលបានចំនួនជាង៨៦៣,៣៩ លានដុល្លាលានដុល្លារពីការនាំចេញស្រូវនិង អង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៤ខែដើមឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា(CRF)។
ក្នុងនោះកម្ពុជាបាននាំចេញអង្ករជាង ២៤៨,០០០ តោនក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ ដោយទទួលបានប្រាក់ចំណូលសរុបចំនួន ១៧០ លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ កម្ពុជាក៏បានធ្វើការនាំចេញស្រូវជាង ២,៤ លានតោន ឬស្មើនឹង ៦៩៣,៣៩ លានដុល្លារ (ចំនួន៧២%ឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសម្ថកិច្ច)។ សម្រាប់ការនាំចេញអង្ករគឺទៅកាន់ប្រទេស និងតំបន់ចំនួន ៦០ ក្នុងនោះប្រទេសចិននៅតែជាអ្នកទិញដ៏សំខាន់ជាងគេ បន្ទាប់មកគឺនាំទីផ្សារអឺរ៉ុប និង ទីផ្សារ៧ក្នុងតំបន់អាស៊ាន៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


