សេដ្ឋកិច្ច
កម្ពុជា ជំរុញការនាំអង្ករទៅទីផ្សារអាមេរិក
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) នៅថ្ងៃទី ១ កក្កដា ២០២៦ បានជួបពិភាក្សាការងារជាមួយលោក គឹម ឆាលហួត កុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុង Long Beach រដ្ឋ California និងជាប្រធានការិយាល័យសភាពពាណិជ្ជកម្មកម្ពុជាប្រចាំក្រុង Long Beach ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការពង្រីកទីផ្សារ និងលើកកម្ពស់ការនាំចេញអង្ករកម្ពុជាទៅកាន់សហរដ្ឋអាមេរិក។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅអំពីស្ថានភាពទីផ្សារអង្ករនៅសហរដ្ឋអាមេរិក និន្នាការតម្រូវការរបស់អ្នកប្រើប្រាស់ ការប្រកួតប្រជែងជាមួយអង្ករពីបណ្តាប្រទេសផ្សេងៗ ព្រមទាំងឱកាសក្នុងការបង្កើនវត្តមានអង្ករកម្ពុជានៅតាមបណ្តាញចែកចាយ និងផ្សារទំនើបនានា។
លោក គឹម ឆាលហួត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា និងបានបង្ហាញពីការត្រៀមខ្លួនរបស់ការិយាល័យសភាពពាណិជ្ជកម្មកម្ពុជាប្រចាំក្រុង Long Beach ក្នុងការសម្របសម្រួលការតភ្ជាប់រវាងអ្នកនាំចេញអង្ករកម្ពុជា ជាមួយអ្នកនាំចូល អ្នកចែកចាយ និងដៃគូពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក ដើម្បីពង្រីកឱកាសពាណិជ្ជកម្ម និងបង្កើនការទទួលស្គាល់ម៉ាកអង្ករកម្ពុជាកាន់តែទូលំទូលាយ។
លោក ឧកញ៉ា ឡាយ ឈុនហួ បានថ្លែងអំណរគុណចំពោះការគាំទ្រ និងការសម្របសម្រួលរបស់លោក គឹម ឆាលហួត ដែលបានរួមចំណែកជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

ឧកញ៉ាបានលើកឡើងថា ដំណើរទស្សនកិច្ចសិក្សាលើកនេះ មានគោលបំណងសិក្សាអំពីតម្រូវការទីផ្សារ គុណភាព ការវេចខ្ចប់ ការធ្វើម៉ាកសញ្ញា និងយុទ្ធសាស្ត្រទីផ្សារ ដើម្បីឱ្យអង្ករកម្ពុជាអាចប្រកួតប្រជែងបានកាន់តែប្រសើរនៅលើទីផ្សារអន្តរជាតិ។
ភាគីទាំងពីរក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រៀបចំសកម្មភាពផ្សព្វផ្សាយផលិតផលកម្ពុជា កម្មវិធីផ្គូផ្គងធុរកិច្ច (Business Matching) និងជំរុញការតភ្ជាប់ដោយផ្ទាល់រវាងអ្នកផលិត អ្នកនាំចេញ និងអ្នកនាំចូល ដើម្បីបង្កើនតម្លៃ និងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករកម្ពុជានៅលើទីផ្សារសហរដ្ឋអាមេរិក។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៦៨ ៩១២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣១ បានបរិមាណអង្ករចំនួន ១៥៤ ២៥៤ តោន គិតជាទឹកប្រាក់ចំនួន ១០៥.១២ លានដុល្លារ ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១៦២ ១២៥ តោន គិតជាទឹកប្រាក់ចំនួន ៩៤.៩២ លានដុល្លារ ប្រទេសក្នុងអាស៊ានចំនួន ៥ ប្រទេសបានបរិមាណចំនួន ២០៨ ៥៩៣ តោន គិតជាទឹកប្រាក់ចំនួន ៨៧.៣២ លានដុល្លារ និងទៅកាន់គោលដៅ ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញូហ្សេឡេន បានចំនួន ៤៣ ៩៤០ តោន គិតជាទឹកប្រាក់ចំនួន ៤០.០៧ លានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


