ព័ត៌មានជាតិ
អាជ្ញាធរអប្សរាជួសជុលស្រះខាងជើងអង្គរវត្តបាន៥៦ម៉ែត្រ និងបញ្ចូលទឹកបាន៦០,០០០ម៉ែត្រគូប
ខេត្តសៀមរាប៖ ក្រុមអ្នកជំនាញជួសជុលស្រះខាងជើងនៃប្រាសាទអង្គរវត្ត មកដល់ពេលនេះបានបញ្ចប់កិច្ចការស្រាវជ្រាវបុរាណវិទ្យារួចរាល់ហើយ ព្រមទាំងបានជួសជុលច្រាំងស្រះបានចំនួន៥៦ម៉ែត្រ និងបញ្ចូលទឹកក្នុងស្រះចំនួន៦០០០០ម៉ែត្រគូប។ ទោះជាយ៉ាងនេះក្តី ទីនេះនៅតែបន្តបិទស្បៃខ្មៅមិនទាន់អនុញ្ញាតឱ្យភ្ញៀវទេសចរចូលទៅផ្តិតរូបភាពប្រាសាទអង្គរវត្តពីស្រះនេះនៅឡើយ ព្រោះគម្រោងជួសជុល និងលើកតម្លៃរចនាសម្ព័ន្ធស្រះនៅតែបន្ត អាចនឹងរួចរាល់ទាំងស្រុងនៅ២ឆ្នាំក្រោយ។

លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលរចនាសម្ព័ន្ធស្រះខាងជើង បានឱ្យដឹងថា ការងារទាំងនេះបានចាប់ផ្តើមកិច្ចការស្រាវជ្រាវតាំងពីឆ្នាំ២០១៨ និងអនុវត្តការជួសជុលនៅឆ្នាំ២០២០។ បច្ចុប្បន្នមិនទាន់បើកឱ្យភ្ញៀវចូលផ្តិតរូបភាពទេ ព្រោះរចនាសម្ពន្ធស្រះខាងជើងខូចខាតខ្លាំង មិនទាន់ជួសជុលរួចរាល់ទាំងស្រុង។ ស្របនឹងពេលនេះ ការរីករាតត្បាតនៃជំងឺកូវីដ-១៩ក៏មិនមានភ្ញៀវមកទស្សនាដែរ។ ម្យ៉ាងវិញទៀត ក៏ទុកឱកាសឱ្យអ្នកជំនាញស្រាវជ្រាវ និងអ្នកជួសជុលងាយស្រួលបំពេញការងារបានល្អផង។

លោក ស្រ៊ុន តិច បញ្ជាក់ថា៖ “ការអភិរក្សសំណង់បុរាណ យើងអត់អាចកំណត់បានដូចសំណង់សម័យទំនើបទេ យើងត្រូវការពេលវេលាយូរដើម្បីកុំឱ្យបាត់បង់នូវទម្រង់ដើមរបស់ស្រះ។ យើងមិនអាចធ្វើលឿនពេក ដោយមិនគិតគូរអំពីកិច្ចការស្រាវជ្រាវ បច្ចេកទេសបុរាណ វិស្វកម្មបុរាណ ការប្រើប្រាស់វត្ថុធាតុដើមនោះឡើយ”។
លោកមានប្រសាសន៍បន្តទៀតថា៖ “ដូច្នេះមុននឹងយើងធ្វើពីកន្លែងមួយទៅកន្លែងមួយ យើងត្រូវកំណាយបើកដីមើលឱ្យអស់ពីស្ថានភាពដើមរបស់វា រួចសម្រង់ប្លង់គ្រប់ជ្រុងជ្រោយ រួចសិក្សាប្លង់ តើត្រូវរៀបម៉េចឱ្យដូចទម្រង់ដើម ដែលសំខាន់សម្រាប់កិច្ចការអភិរក្សមិនអាចកែប្រែវាបានទេ”។

នាឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរានៅសល់កាំជណ្តើរស្រះ៣ជ្រុងទៀតដែលត្រូវពង្រឹង និងកំពុងតែកំណាយមើលស្ថានភាពខូចខាតជាក់ស្តែងដើម្បីលើកគម្រោងជួសជុលបន្ថែមចំនួន៦៥ម៉ែត្រឱ្យរួចរាល់ក្នុងរយៈពេល២ឆ្នាំទៀត តែបើជួបករណីស្រាវជ្រាវ វានឹងអាចពន្យារពេលយូរជាងនេះ។ រចនាសម្ពន្ធស្រះខាងជើងខូចខាតទ្រុឌទ្រោមដោយសារថ្មភក់មានប្រតិកម្មខ្លាំងនឹងកម្តៅថ្ងៃជាមួយនឹងទឹកធ្វើឱ្យក្តៅសើមៗ បណ្តាលឱ្យថ្មភក់ងាយសឹករិចរិល ងាយនឹងបាក់បែក ហើយកន្លែងខ្លះបាត់ថ្ម ដែលធ្វើឱ្យមានចន្លោះប្រហោងបណ្តាលឱ្យទឹកហូរនាំដីច្រោះចូលទៅក្នុងស្រះ។ ដូច្នេះក្រុមការងារត្រូវការសិក្សាស្រាវជ្រាវពីវិធីសាស្ត្រពង្រឹង ការបិទចន្លោះប្រហោងយ៉ាងម៉េចដើម្បីកុំឱ្យវាច្រោះទៀត។

ចំពោះស្រះខាងជើងនៃប្រាសាទអង្គរវត្ត ក៏ធ្លាប់មានប្រវត្តិជួសជុលកាលពីឆ្នាំ១៩២២ ដោយលោក ហង់រី ម៉ាកហ្សាល់។ គាត់បានរៀបផ្នែកខាងជើងម្តងរួចមកហើយ ដោយលោកបានកែលម្អលើកថ្មឱ្យមានទម្រង់ចេញជារូបរាងស្រះ៕
អត្ថបទ៖ គឿនវេត


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


