Connect with us

ព័ត៌មានជាតិ

ក្រុមការងារក្រសួងមហាផ្ទៃ និងក្រសួងការងារ នឹងចុះធ្វើអធិការកិច្ចហត្ថពលកម្មលើជនបរទេស

បានផុស

នៅ

ក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេស ដែលមានសមាសភាពពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ នៃក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានការងារ​​ នៃក្រសួងការងារ នឹងចុះធ្វើអធិការកិច្ចហត្ថពលកម្មលើជនបរទេសសម្រាប់ឆ្នាំ២០២៤នេះ។ មុនចុះបំពេញបេសកកម្ម ក្រុមការងារស្ថាប័នទាំងពីរ បានជួបប្រជុំនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីពិភាក្សាលើការងារត្រៀមនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសអន្តរក្រសួងឆ្នាំ២០២៤ បានរៀបចំឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងលោក ធាង ស៊ាងវេង អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

បើតាមការលើកឡើងរបស់លោក ធាង ស៊ាងវេង អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ កិច្ចប្រជុំពេលនេះ គឺដើម្បីជាឱកាសជួបជុំក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេសរបស់ស្ថាប័នទាំងពីរមុនពេលចុះបំពេញបេសកម្មនាពេលខាងមុខ។ លោកអគ្គនាយកការងារ បានលើកឡើងឱ្យដឹងដែរថា ក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេសរបស់ស្ថាប័នទាំងពីរ ត្រូវបានបង្កើតតាំងពីឆ្នាំ២០០០មកម្ល៉េះ ប៉ុន្តែយន្តការនេះ ត្រូវបានកែលំអរ និងពង្រីកបន្ថែម ដើម្បីធានាថា សហគ្រាស គ្រឹះស្ថាន ដែលប្រើហត្ថពលកម្មបរទេសទាំងអស់នៅកម្ពុជា ស្របទៅតាមច្បាប់ជាធរមាន ហើយជនបរទេសដែលមកធ្វើការនៅប្រទេសកម្ពុជា ត្រូវមានឯកសារគ្រប់គ្រាន់ ដើម្បីទទួលបាននូវការការពារ អត្ថប្រយោជន៍ផ្សេងៗ និងចូលរួមទប់ស្កាត់អំពើប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

លើកឡើងក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ថា នេះជាកិច្ចចាប់ផ្ដើមថ្មីមួយទៀតសម្រាប់ក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងប្រទេសកម្ពុជាឆ្នាំ២០២៤ ដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា។  

ក្នុងនាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានស្នើសុំឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងជនបរទេសស្របតាមច្បាប់កម្ពុជា ដើម្បីបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ សំដៅពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពសង្គម។ លោកឧត្តមសេនីយ៍ឯក ក៏បានណែនាំឱ្យពង្រឹងកិច្ចហការសម្របសម្រួល ធ្វើសកម្មភាពឱ្យបានព្រមៗគ្នារវាងយន្តការប្រតិបត្តិការទាំង៣ គឺគណៈបញ្ជាការដឹកនាំការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រុមការងារបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងគណៈកម្មការអន្តរក្រសួងដែលបានប្រកាសផ្សព្វផ្សាយនៅពេលនេះ។  

លោកអគ្គនាយអន្តោប្រវេសន៍ ថែមទាំងបានណែនាំឱ្យមានការជួបប្រជុំរវាងក្រុមការងារឱ្យបានទៀងទាត់ និងផ្ដាំឱ្យមន្រ្តីជំនាញអធិការកិច្ចហត្ថពលកម្មបរទេសក្នុងការចុះទៅត្រួតពិនិត្យជនបរទេស ត្រូវបង្ហាញអត្តលេខ អត្តសញ្ញាណ ឯកសណ្ឋានឱ្យបានត្រឹមត្រូវសមរម្យ មានឥរិយាបថ អាកប្បកិរិយាធ្វើការទន់ភន់ និងការសរសេរ ការរាយការណ៍ពីរបាយការណ៍ដែរបានចុះត្រួតពិនិត្យឱ្យបានត្រឹមត្រូវតាមស្តង់ដារ ដើម្បីឱ្យមានភាពប្រសើរជាងមុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១១ ម៉ោង មុន

មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អឺរ៉ុបទាមទារ​បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែន គំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពូទីន ស្នើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅ​សប្ដាហ៍​ក្រោយ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារដោះស្រាយបញ្ចប់ទំនាស់ រវាងរដ្ឋបាលនិងបុគ្គលិករោងចក្រស៊ីង កៃ សេន

Sokha Hotels

ព័ត៌មានពេញនិយម