ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ បង្កើតក្រុមការងារត្រួតពិនិត្យអនុវត្តគម្រោងមូលនិធិឃុំ ក្រោយមានភាពមិនប្រក្រតី
ក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ បានសម្រេចបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីពង្រឹងប្រសិទ្ធភាពរាល់ការដេញថ្លៃគម្រោងនានា។
ការបង្កើតក្រុមការងារនេះ បន្ទាប់ពីក្រសួងមហាផ្ទៃ បានពិនិត្យ និងសង្កេតឃើញថា មានភាពមិនប្រក្រតីកំពុងកើតមានឡើង គួរឱ្យកត់សម្គាល់ពាក់ព័ន្ធនឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដែលបណ្តាលមកពីការមិនយកចិត្តទុកដាក់ និងភាពទន់ខ្សោយនៃការគ្រប់គ្រង ចាត់ចែងក្នុងកិច្ចដំណើរការអនុវត្តគម្រោងមិនបានត្រឹមត្រូវតាមគោលការណ៍ណែនាំ បែបបទ និងនីតិវិធីនានាដែលបានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្នុងន័យនេះ ឃុំ សង្កាត់ នៅតាមបណ្តារាជធានី ខេត្ត មួយចំនួនបានបើកការដ្ឋានសាងសង់ផ្លូវ ឬចាត់ចែងគម្រោងដោយពុំទាន់បានដេញថ្លៃគម្រោង ឬប្រកាសជាសាធារណៈឡើយ ដែលប្រការនេះធ្វើឱ្យប៉ះពាល់ដល់គុណភាពហេដ្ឋារចនាសម្ព័ន្ធ និងថវិកាជាតិ។
បើតាមសេចក្តីសម្រេចចុះហត្ថលេខាដោយ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមការងារនេះ ត្រូវធ្វើជាសេនាធិការជូនរដ្ឋមន្ត្រី ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
សេចក្តីសម្រេចបានសង្កត់ធ្ងន់ថា៖«ក្រុមការងារ ត្រូវតាមដានត្រួតពិនិត្យនិងវាយតម្លៃលើការចាត់វិធានការរបស់រដ្ឋបាលរាជធានី ខេត្ត ចំពោះអ្នកដែលអនុវត្តមិនស្របតាមកិច្ចសន្យា ឬមិនស្របតាមសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិ ឃុំ សង្កាត់»។

ក្រុមការងារនេះ មានសមាសភាព ១៥ រូប ក្នុងនោះ លោក សួស ប្រាថ្នា អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ ជាប្រធាន លោក ជា ប៊ុនហេង អគ្គនាយករង និងលោក រស់ រតនៈ អគ្គាធិការរង ជាអនុប្រធាន ក្រៅពីនេះ គឺជាសមាជិកសម្រាប់តាមដានគម្រោងមូលនិធិឃុំ សង្កាត់។
កាលពីខែកក្កដា កន្លងទៅ លោក ស សុខា បានបញ្ជាឱ្យគណៈអភិបាលរាជធានី ខេត្ត ចាត់វិធានការឱ្យ បានម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីរាជការ សមាជិកក្រុមប្រឹក្សា ស្មៀនឃុំ សង្កាត់ អ្នកទទួលការទាំងឡាយណា ដែលបានប្រព្រឹត្តកំហុសឆ្គង បំពានក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនបានអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ឬ មានការពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយ ផ្សេងៗក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


