ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា បង្ហាញវឌ្ឍនភាពការបោះបង្គោលព្រំដែននៅខេត្តភាគឦសានប្រទេស
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដែននៅខេត្តភាគឦសានជាមួយប្រទេសវៀតណាម។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហាររៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នារសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតីបានគូសបញ្ជាក់ថា មុនឆ្នាំ ២០០៧ ខេត្តនៅភាគឦសានកម្ពុជាមិនទាន់បានបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមនោះទេ មានត្រឹមតែពីខេត្តកំពតទៅកំពង់ចាមប៉ុណ្ណោះ។
សម្តេចគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងការអភិវឌ្ឍព្រំដែន យើងត្រូវបោះបង្គោលព្រំដែនឲ្យបានច្បាស់លាស់។ បង្គោលព្រំដែនពីមុនមកក្នុងខេត្តភាគឦសានមិនមានទេ រហូតទៅដល់កន្ទុយនាគ។ បង្គោលព្រំដែនមានតែពីកំពតទៅកំពង់ចាម ហើយពីកំពង់ចាមទៅកន្ទុយនាគខេត្តរតនគិរីអត់មានទេ មានតែព្រំដែនរដ្ឋបាល។ ប៉ុន្តែយើងបានបោះបង្គោលព្រំដែនពីឆ្នាំ ២០០៧ មក។ ការបោះបង្គោលដើម្បីកំណត់ព្រំប្រទេសនិងប្រទេស»។

សម្តេចបានលើកវឌ្ឍនភាពការបោះបង្គោលព្រំដែនខេត្តភាគឦសានជាប់ប្រទេសវៀតណាមចាប់តាំងពីឆ្នាំ២០០៧ ដើម្បីកំណត់ព្រំដែនរវាងប្រទេសនិងប្រទេស។
ខេត្តក្រចេះ ពីឆ្នាំ២០០៦ ដល់ ២០១៨ បានបោះបង្គោលមេចំនួន ១១ និងបង្គោលព្រំដែនបំពេញបន្ថែមចំនួន ១៤៤ បង្គោល។
ខេត្តមណ្ឌលគិរី ពីឆ្នាំ ២០០៧ ដល់ ២០១៨ បានបោះបង្គោលមេបានចំនួន ៣៥ និងបោះបង្គោលបំពេញបន្ថែមចំនួន ៣៧៥ បង្គោល និងបោះបង្គោលតម្រុយចំនួន ១១ បង្គោល។ ខេត្តរតនគិរី បានបោះបង្គោលមេចំនួន ៤០ បោះបង្គោលបំពេញបន្ថែមចំនួន ១៥៣ និងបោះបង្គោលតម្រុយចំនួន ៤។
សម្តេចគូសបញ្ជាក់ថា បង្គោលរាប់រយដែលបានបោះនេះ គឺបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការពារបូរណភាពទឹកដី ដើម្បីអនាគតវែងឆ្ងាយសម្រាប់អ្នកជំនាន់ក្រោយ។
សម្តេចធិបតីបានបញ្ជាក់ទៀតថា មិនត្រឹមតែបោះបង្គោលព្រំដែននោះទេ រាជរដ្ឋាភិបាលក៏មានគោលនយោបាយប្រជាជន តាមរយៈការអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែន ដើម្បីជំរុញពលរដ្ឋឲ្យទៅរស់នៅកាន់តែច្រើន។
កម្ពុជាមានព្រំដែនគោកជាប់ប្រទេសវៀតណាមប្រវែងជាង ១,២៧០ គីឡូម៉ែត្រ។ បើតាមគណៈកម្មការកិច្ចការព្រំដែនរហូតមកដល់ពេលនេះ កម្ពុជាបានបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមសម្រេចបានជាង ៨៤ ភាគរយ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា កាលពីឆ្នាំ២០២២ អតីតនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រកាសពីការឯកភាពក្នុងការបោះបង្គោលព្រំដែនសម្រេចបាន ៦% បន្ថែមទៀតជាមួយប្រទេសវៀតណាម។ សម្ដេចតេជោបានបញ្ជាក់ថា ដើម្បីសម្រេចបាន ៦% បន្ថែមនេះ កម្ពុជានិងវៀតណាមបានធ្វើការចរចារប្រមាណ ៣ ឆ្នាំ។
សម្ដេចតេជោថ្លែងថា៖ «៦% បន្ថែមទៀតបូកទៅបាន ៩០%! អីចឹងខ្ញុំសុំនិយាយបន្ដិចថា បើគង់តែឱ្យដីគេដដែល ចាំបាច់ចរចារយូរឆ្នាំធ្វើអី។ និយាយឱ្យច្បាស់នៅកន្លែងហ្នឹង!។ ចាំបាច់ទៅចុះហត្ថលេខាម្ដងបាន ៨៤% ឥឡូវសម្រេចបាន ៦% ទៀត»។
សម្តេចបន្តថា ការសម្រេចបោះបង្គោលព្រំដែនត្រូវពិនិត្យឲ្យបានហ្មត់ចត់ បោះឱ្យបានត្រឹមត្រូវ ដោយបង្គោលនីមួយៗសុទ្ធតែចាប់ដោយផ្កាយរណប។
«អីចឹងចេះតែថា ហ៊ុន សែន លក់ដីៗ ឥឡូវដីនៅកន្លែងណាដែល ហ៊ុន សែន លក់។ បើគង់តែឱ្យដីគេដដែល យើងចាំបាច់ទៅចរចាមួយតឹកមួយផឹងៗធ្វើអី?»។ សម្តេចបន្ថែម៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


