ព័ត៌មានជាតិ
ប្រធានអាជ្ញាធរអេដស៍ ជំរុញអ្នកសារព័ត៌មាន ជួយទប់ស្កាត់ការឆ្លងរាលដាលមេរោគអេដស៍ នៅកម្ពុជា
លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានលើកទឹកចិត្ត និងជំរុញឱ្យអ្នកសារព័ត៌មានទាំងអស់ ជួយផ្សព្វផ្សាយបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគអេដស៍នៅកម្ពុជា ខណៈបច្ចុប្បន្នអត្រាឆ្លងមេរោគអេដស៍ថ្មីមានការកើនឡើងគួរព្រួយបារម្ភ។
ថ្លែងបើកសិក្ខាសាលាជាមួយបណ្តាញសារព័ត៌មានស្ដីពីស្ថានភាព និងការចូលរួមឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា នាសណ្ឋាគារភ្នំពេញ កាលពីព្រឹកថ្ងៃទី ៨ សីហា លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការជំរុញឱ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយពីជំងឺអេដស៍នេះ ដោយសារឆ្នាំ ២០២៣ កន្លងទៅ អត្រាអ្នកឆ្លងមេរោគអេដស៍ថ្មីនៅកម្ពុជាមានការកើនឡើងចំនួន ១ ២០០ នាក់ និងអ្នកផ្ទុកមេរោគអេដស៍ចំនួន ៧៦ ០០០ នាក់ ក្នុងនោះមានអ្នកទៅព្យាបាលមានប្រមាណ ៦៨ ០០០ នាក់ និងអ្នកមិនបានទៅធ្វើតេស្តប្រមាណ ៨ ០០០ នាក់។
លោកទេសរដ្ឋមន្ត្រី បានបន្តថា «ដូច្នេះយើងត្រូវចូលរួមឱ្យបានកាន់តែសកម្មទាំងអស់គ្នា ជាពិសេសអ្នកសារព័ត៌មានក្នុងការផ្សព្វផ្សាយជំរុញឱ្យមានការយល់ដឹងពីហានិភ័យ នៃមេរោគអេដស៍ និងឱ្យអ្នកសង្ស័យមកធ្វើតេស្តឱ្យបានច្រើន ដើម្បីសម្រេចគោលដៅ ៩៥ ទី ១»។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី បានស្នើអ្នកសារព័ត៌មាន និងសិក្ខាកាមទាំងអស់ បន្តចូលរួមផ្សព្វផ្សាយឱ្យកាន់តែសកម្មអំពីហានិភ័យ នៃមេរោគអេដស៍ ផ្សព្វផ្សាយលើកទឹកចិត្តឱ្យអ្នកសង្ស័យទៅធ្វើតេស្តរកមេរោគអេដស៍ និងផ្សព្វផ្សាយពីរឿងរ៉ាវជោគជ័យ នៃគ្រួសារដែលរងគ្រោះដោយសារមេរោគអេដស៍ ព្រមទាំងចូលរួមលុបបំបាត់ការមាក់ងាយ និងរើសអើងលើគ្រប់ទម្រង់ ភេទ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF) បានមានប្រសាសន៍ថា ចាប់តាំងពីដើមទសវត្សរ៍ទី ៩០ នៅពេលដែលការរីករាលដាល នៃមេរោគអេដស៍/ជំងឺអេដស៍បានចាប់ផ្តើមក្នុងប្រទេសកម្ពុជា ការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីកលទ្ធភាពទទួលបានការព្យាបាលមេរោគអេដស៍ និងជំងឺអេដស៍ សព្វថ្ងៃនេះ ជាង ៩០% នៃអ្នកផ្ទុកមេរោគអេដស៍កំពុងទទួលការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍។ ប៉ុន្តែចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មី ជាពិសេសក្នុងចំណោមយុវជនវ័យក្មេង និងការស្លាប់ដោយសារជំងឺអេដស៍នៅតែជាការព្រួយបារម្ភដែលយើងទាំងអស់គ្នាត្រូវផ្តោតការយកចិត្តទុកដាក់ និងចូលរួមប្រយុទ្ធទប់ស្កាត់ឱ្យសកម្មបំផុត។ ការរើសអើង និងការមាក់ងាយនៅគ្រប់ទម្រង់ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈម នៅតែមានបន្ត ជាឧបសគ្គចម្បងសម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍។
លោកវេជ្ជបណ្ឌិត បានបន្តថា «ដូចនេះប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីសំខាន់ណាស់ក្នុងការចូលរួមបេសកកម្ម ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០៣០ ជាមួយរាជរដ្ឋាភិបាលដូចជាការផ្សព្វផ្សាយរឿងរ៉ាវជោគជ័យ និងបញ្ហាផ្សេងៗ ទៀត ដែលប្រឆាំងនឹងការមាក់ងាយ និងការរើសអើងចំពោះប្រជាជនដែលរងគ្រោះ និងអ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍»។
លោកវេជ្ជបណ្ឌិត បញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាព នៃការបង់ប្រាក់ ដល់អតិថិជនជាង ២ លាននាក់ ក្នុង ៤៧ ប្រទេស ជុំវិញពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប។
លោកទេសរដ្ឋមន្ត្រី អៀង មូលី សូមថ្លែងអំណរគុណអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ដែលបានយកចិត្តទុកដាក់រៀបចំសិក្ខាសាលានេះ ដោយបានអញ្ជើញ លោកស្រី ឆៃ ច័ន្ទរិទ្ធី សូលីដា រដ្ឋលេខាធិការ និងប្រធាន គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានសំខាន់ៗ ពីស្ថាប័នប្រមាណ ១៥ ស្ថាប័នផងដែរ។ គណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងព័ត៌មាន បាននិងកំពុងចូលរួមផ្សព្វផ្សាយការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យដល់សាធារណជនបានជ្រួតជ្រាបយ៉ាងសកម្ម និងឆាប់រហ័ស។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការចូលរួមពីអ្នកសារព័ត៌មានទាំងអស់នៅពេលនេះ ក៏ជាសក្ខីភាពក្នុងវឌ្ឍភាព នៃការចូលរួមពីបណ្តាញព័ត៌មាននៅក្នុងសម័យឌីជីថលដែលជួយជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគអេដស៍៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ខេត្ត៤ របស់កម្ពុជានៅក្នុងតំបន់អភិវឌ្ឍត្រីកោណ CLV មានគម្រោងវិនិយោគ ១០៥ សរុបទឹកប្រាក់ ៣,៧ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រដ្ឋបាលខេត្តកណ្ដាលបំភ្លឺ ចំពោះការផ្សាយថា “បង្គោលព្រំដែនបានហែលទឹកឆ្លងទន្លេមកដុះជាប់ជញ្ជាំងសាលាឃុំខ្មែរ (ព្រែកជ្រៃ ស្រុកកោះធំ)”
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាកាសធាតុអំណោយផល ចំណោតដែលរអិលផុងខ្លាំងផ្លូវជាតិលេខ ៤៨ ត្រូវកែសម្រួលល្អឡើងវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ពលរដ្ឋស្រុកថ្មគោល ២២ គ្រួសារ សុំសម្ដេចទាំងទ្វេជួយកាត់ឆ្កៀលដីធ្លាប់អាស្រ័យផលជាង ២០ ឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ថៃ អតិជាតិបុត្រ ចេញមុខទទួលរឿងជំពាក់លុយគេ និងសន្យាសងម្ចាស់បំណុល
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កៀកថ្ងៃសែនក្បាលទឹក ឆ្នាំទាំង ៣នេះ កាន់តែមានលាភសំណាងច្រើន ទាក់ទងលុយកាក់
-
ចរាចរណ៍៥ ថ្ងៃ ago
គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសំរោង បណ្តាលឱ្យប្តី ប្រពន្ធ និងកូនតូចៗ២នាក់ ស្លាប់គួរឱ្យរន្ធត់