Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្រុកបវេល សាកល្បងចិញ្ចឹមត្រីផ្លានីនក្រហម ទទួលបានលទ្ធផលប្រសើរ

បានផុស

នៅ

ផ្ដើម​ចេញពី​ភាព​ឧស្សាហ៍​ព្យាយាម ដោយ​មិន​ទំនេរ​ដៃ លោក ស្រ៊ុន ហេង អាយុ ៥៨ ឆ្នាំ រស់នៅ​ភូមិ​ល្វា​ចាស់ ឃុំ​ល្វា ស្រុក​បវេល ខេត្ត​បាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​ឡើយ លោក​ចិញ្ចឹម​ត្រី​ផ្លា​នីន​ក្រហម​នេះ​សាក​ល្បងមើល​ដោយ​រៀន​បច្ចេកទេស​ពី​បណ្ដេញ​សង្គម​យូ​ធូប​ខ្លះ ចេះ​ដោយ​ខ្លួនឯង​ខ្លះ និង​ផ្ដើម​ចេញពី​ការ​ជីក​ស្រះ​ប្រវែង ១៥ ម៉ែត្រ គុណ ៤០ ម៉ែត្រ ទិញ​ពូជ​ត្រី​ចំនួន ១៥ គីឡូក្រាម ចំណាយ​ដើម​អស់ ៣០ ម៉ឺន​រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករ​ខាងលើ បាន​បន្ដ​លើក​ឡើង​ថា ការ​ចិញ្ចឹម​ត្រី​ផ្លា​នី​ន​នេះ ប្រើ​រយៈពេល​ត្រឹមតែ​ ៦-៧​ ខែ​ ចាប់​លក់​បាន​ហើយ ជាក់ស្ដែង​ លោក​ទើប​ចាប់​ត្រី​ទាំងអស់​បាន​ជាង​ ៤០០ គីឡូក្រាម​ដែរ។ ក្នុង​នោះ​ត្រី​មួយ​ក្បាល​ ទម្ងន់​ចាប់ពី​កន្លះ​គីឡូ​ ទៅ​ ១​ គីឡូ​ បី​ខាំ ចំពោះ​តម្លៃ​ ១​ គីឡូក្រាម​ លក់​បាន ១៥.០០០ រៀល ហើយ​ម៉ូយ​មក​ចាំ​យក​ដល់​ផ្ទះ។

លោក​បន្ថែម​ថា សម្រាប់​ការ​ដាក់​ចំណី​ត្រី​ផ្លា​នី​ន​ក្រហម​នេះ មិន​ពិបាក​ទេ មាន​តែ​កញ្ចក់​សូ​ឡា និង​ស្លឹក​បន្លែ​ផ្អែម​បាន​ហើយ។

កសិករ ស្រ៊ុន ហេង បន្ថែមទៀតថា ការ​ចិញ្ចឹម​ត្រី​ផ្លា​នី​នក្រហម​ជា​លើកដំបូង​នេះ មិនទាន់​ចាត់ទុកថា​ជោគជ័យ​នោះទេ ព្រោះ​ជាការ​សាកល្បង ប៉ុន្តែ​អាច​ទប់ទល់​នឹង​ការ​ចំណាយ​បាន។ មួយវិញទៀត​លោក​ថា បើ​ការ​ចិញ្ចឹម​ជោគជ័យ​នោះ លុះត្រាតែ​បាន​ទាំង​ត្រី​សាច់ និង​មេ​ពូជ។

កសិករ​រូបនេះ​បាន​បន្ដ​ឲ្យ​ដឹង​ថា ទោះបី​មិនទាន់​ជោគជ័យ​ ១០០%​ ក៏ពិតមែន​ តែ​លោក​មិន​បោះបង់​ទេ គឺ​ត្រូវ​ចាប់ផ្ដើម​ចិញ្ចឹម​ត្រី​ផ្លា​នី​ន​ក្រហម​នេះ​ម្ដងទៀត ដោយ​ត្រូវ​បន្ថែម​កូន​ត្រី​ប្រហែល​ ៥០០០​ កូន​ទៀត។

លោក​បញ្ជាក់ថា ប្រជាកសិករ​ទាំងអស់ ដែល​មាន​ដី​ទំនេរ គួរ​រពឹស​ដៃ​ដាំ​ដំណាំ​ផ្សេងៗ​ ដូច​រូបលោក គ្រាន់​បាន​ចំណូល​ខ្លះ​ពី​ការ​ដាំ​ និង​ការ​ចិញ្ចឹម​សត្វ​ទាំងនោះ ជួយ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​បាន​ផង​ដែរ។

ក្រៅពី​នេះ ផ្ទៃ​ដី​សរុប​ទំហំ​ ២០ ​ម៉ែត្រ ​គុណ​ ១៧០​ ម៉ែត្រ កសិករ ស្រ៊ុន ហេង មាន​ពោរពេញ​ដោយ​ដំណាំ​ច្រើន​ប្រភេទ​ដូចជា ដូងភ្លើង​តឿ ដូង​ក្រអូប ក្រូចសើច ចេកអំបូង ល្ហុង ម្កាក់ ស្លឹក​បន្លែ​ផ្អែម និង​ការ​ចិញ្ចឹម មាន់​ ទា ស្ទើរ​មិន​ចន្លោះ​ដី និង​អាច​ចាត់​ទុក​បាន​ថា​ជា​កសិករ​គំរូ​មួយ​រូប​ក្នុង​ភូមិ ​ទទួល​ចំណូល​ជាច្រើន ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ប្រចាំថ្ងៃ​ថែមទៀត៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម