ព័ត៌មានជាតិ
ឆ្លើយតបទូតអាមេរិក៖ លម្ហប្រជាធិបតេយ្យនៅកម្ពុជា បើកទូលាយជានិច្ចសម្រាប់អ្នកអនុវត្តច្បាប់
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងថា លម្ហប្រជាធិបតេយ្យនៅកម្ពុជា បើកទូលាយជានិច្ចសម្រាប់អ្នកអនុវត្តសិទ្ធិ និងសេរីភាពរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ហើយការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹតត្បិតលម្ហប្រជាធិបតេយ្យនោះទេ ចំណែកការរិះគន់លើនីតិវិធី និងការសម្រេចរបស់តុលាការ ដោយមិនផ្អែកលើមូលដ្ឋានច្បាប់ និងនីតិវិធីច្បាប់របស់កម្ពុជា ដើម្បីតែការពារក្រុមជនល្មើសនោះ វាជាការិះគន់បែបអយុត្តិធម៌ និងមានស្តង់ដាពីរ។
ដើម្បីបញ្ជាក់ពីបញ្ហានេះ លោក ជិន ម៉ាលីន បានលើកឡើង៣ចំណុច ដែលជាចំណេះដឹងផ្នែកច្បាប់ ទាក់ទងព្រឹត្តិការណ៍៩ វិច្ឆិកា ដែលអ្នកជាប់ពាក់ព័ន្ធ និងទទួលខុសត្រូវតាមផ្លូវច្បាប់៖ ទី១. ផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្សី នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ គឺជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ជាពិសេសដើម្បីទម្លាក់នាយករដ្ឋមន្ត្រីស្របច្បាប់ចេញពីដំណែង តាមរយៈយុទ្ធនាការញុះញង់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការឱ្យបះបោរតាមរូបភាពបដិវត្តហឹង្សា និងការបង្កើតមូលនិធិដើម្បីធ្វើសកម្មភាពរដ្ឋប្រហារនេះ។ សកម្មភាពទាំងនេះ គឺជាអំពើវិទ្ធង្សនា ដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខជាតិ។
ទី២. ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ ត្រូវផ្តន្ទាទោសក្រោម បទល្មើស “ឧបឃាត” ចំណែកអ្នកដែលចូលរួមក្នុងគម្រោងផែនការនេះ ត្រូវជាប់ទោសពីបទ រួមគំនិតក្បត់។ អំពើវិទ្ធង្សនាដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខជាតិបែបនេះ តែងតែមានការចូលរួមនិងពាក់ព័ន្ធជាមួយមនុស្សជាច្រើន ហើយដែលកម្ពុជាមិនមែនជាករណីដោយឡែកនោះទេ ដូចជាករណីរដ្ឋប្រហារមិនបានសម្រេចនៅតួគីជាដើម ដែលមានមនុស្សរាប់ម៉ឺននាក់ត្រូវបានចាប់ខ្លួន និងសូម្បីតែករណីហឹង្សានៅវិមានរដ្ឋសភាកាពីតូលរបស់អាមេរិកនាពេលថ្មីៗនេះ ក៏មានអ្នកដែលត្រូវឃុំខ្លួនជាង១០០នាក់ដែរ និងកំពុងតែស្វែងរកអ្នកពាក់ព័ន្ធដ៏ទៃទៀត។
ទី៣. ជាគោលការណ៍ច្បាប់ អ្នកដែលពាក់ព័ន្ធ និងរងការចោទប្រកាន់ក្នុងព្រឹត្តិការ ៩ វុច្ឆិកា នេះ ត្រូវចូលរួមក្នុងដំណើរការនីតិវិធីតុលាការ និងប្រើប្រាស់សិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ដោយមានជំនួយពីមេធាវី ដើម្បីដោះបន្ទុក និងតតាំងជាមួយបទចោទ។ នេះជាមធ្យោបាយតាមផ្លូវច្បាប់តែមួយគត់ ដើម្បីការពារខ្លួនរួចពីបទចោទ នៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ មិនមែនត្រូវធ្វើការទាមទារដាក់សម្ពាធលើតុលាការ ដែលជាស្ថាប័នឯករាជ្យឱ្យដោះលែង ឬទម្លាក់ចោលបទចោទនោះទេ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ជិន ម៉ាលីន បានធ្វើឡើងបន្ទាប់ពីលោក ផាទ្រិក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានសរសេរសារលើបណ្តាញសង្គមធ្វីតធឺ (Twitter) របស់លោកថា យើងជំរុញឲ្យអាជ្ញាធរកម្ពុជាបើកលម្អនយោបាយឲ្យទូលំទូលាយឡើងវិញ ហើយអនុញ្ញាតឲ្យគ្រប់ភាគី បានបញ្ចេញសំឡេង និងបានចូលរួមធ្វើសកម្មភាពដូចគ្នា។
ការបង្ហោះសាររបស់ឯកអគ្គរដ្ឋទូតអាមេរិកនេះ បានធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកាត់ទោសលោក សម រង្ស៊ី និងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិចំនួន៨រូបផ្សេងទៀត កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ឲ្យជាប់ពន្ធនាគារចាប់ពី២០ ឆ្នាំដល់២៥ឆ្នាំ៕
ដោយ ៖ កោះកែវ

-
សន្តិសុខសង្គម៥ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


