Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅទី ៣ ដាក់គ្រឿងចក្រកាយយកស្មៅ​ចេញពីប្រឡាយមួយខ្សែ បញ្ចៀសការស្ទះចរន្តទឹក

បានផុស

នៅ

ដោយសារ​តែ​ឃើញ​ថា​ប្រឡាយ​បង្ហូរទឹក​មួយ​ខ្សែ​មាន​ស្មៅ ចក ដុះ​ពាសពេញ​ក្នុង​ប្រឡាយ ធ្វើ​ឲ្យ​ចរន្ត​ទឹក​មិន​ហូរ ស្ទះ​ចរន្តទឹក ងាយ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ពេល​ភ្លៀង​ធ្លាក់​មក​ម្តងៗ ទើប​អាជ្ញាធរ​ចុះ​ពិនិត្យ និង​ដាក់​គ្រឿងចក្រ​កាយ​ស្តារ​យក​ស្មៅ​ចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃ​ទី ២៧ ខែ​សីហា ឆ្នាំ ២០២៤ នេះ លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី ៣ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​កាយ​ស្តារ​ប្រឡាយ​មួយ​ខ្សែ ដើម្បី​បញ្ចៀស​ការ​ជន់​លិច សម្រួល​នូវ​ចរន្ត​ទឹក​ហូរ​ក្នុង​ភូមិសាស្ត្រ ភូមិ​អង្គ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី ៣ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​កាយ​យក​ស្មៅ និង​ចក ចេញពី​ប្រឡាយ​ខាង​លើ ដោយ​ឃើញ​ថា ពេល​មេឃ​ធ្លាក់​ភ្លៀង​មក​ម្តងៗ ទឹក​មិន​អាច​ហូរ​ចេញពី​ក្នុង​ភូមិ ចូល​ទៅ​ប្រឡាយ​ធំ​ដែល​ជាប់​ជាមួយ​ផ្លូវ​រថ​ភ្លើង​បាន ធ្វើ​ឲ្យ​ជន់​លិច​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ទើប​លោក​ចុះ​ពិនិត្យ​ជាក់ស្ដែង និង​ដាក់​គ្រឿងចក្រ​កាយ​យក​ស្មៅ​ចេញពី​ប្រឡាយ ដើម្បី​ចរន្តទឹក​ហូរ​លឿន​ទាន់​ពេលវេលា​បញ្ចៀស​ការ​ជន់​លិច។ លោក​បញ្ជាក់​ថា ប្រឡាយ​ខាង​លើ​មាន​ប្រវែង ៣០០ ម៉ែត្រ។

ជាមួយ​គ្នា​នេះ​ដែរ លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី ៣ ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​ភូមិ​អង្គ មេត្តា​វេច​ខ្ចប់​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ កុំ​បោះចោល ខ្លាច​សំរាម​ទាំងនោះ​ធ្លាក់ ឬ ហើរ​ចូល​ប្រឡាយ និង​មាត់​លូ បង្ក​ការ​ស្ទះ​នូវ​ចរន្ត​ទឹក​ហូរ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម