Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបន្តបើកកិច្ចប្រជុំចចារកំណត់ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៥ ជាលើកទី៤នៅព្រឹកនេះ

បានផុស

នៅ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ ឆ្នាំទី២បន្តបើកកិច្ចប្រជុំចចារកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងការបូបសម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅវេលាម៉ោង ១០និង០០នាទីព្រឹក នៅទីស្ដីការក្រសួងការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នេះគឺជាកិច្ចប្រជុំប្រាក់ឈ្នួលលើកទី៤សម្រាប់ឆ្នាំនេះ ខណៈប្រជុំលើកទី១បានធ្វើនៅថ្ងៃទី១៤សីហា លើកទី២ធ្វើនៅថ្ងៃទី២៩សីហា លើកទី៣ធ្វើនៅថ្ងៃទី៦កញ្ញា និងលើក​ទី៤​ធ្វើនៅព្រឹកថ្ងៃទី១២កញ្ញានេះ ហើយគ្រោងនឹងរៀបចំប្រជុំជាបន្តបន្ទាប់ទៀតនៅថ្ងៃទី១៩ និងទី២៦ ខែកញ្ញា ឆ្នាំ២០២៤ជាកិច្ចប្រជុំចុងក្រោយ។

នៅក្នុងកិច្ចប្រជុំលើកទី៣ ថ្ងៃទី៦កញ្ញា ឆ្នាំ២០២៤ ភាគីសហជីពបានបន្ថយតួលេខពី១៤ដុល្លារមកនៅត្រឹម១០​ដុល្លារ​ខណៈភាគនិយោជកស្នើសុំតម្លើងពី១ដុល្លារទៅ២ដុល្លារលើប្រាក់ឈ្នួលបច្ចុប្បន្នដែលមានចំនួន២០៤ដុល្លារក្នុង១ខែដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ និង ប.ស.ស.នោះទេ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កិច្ចប្រជុំប្រាក់ឈ្នួលនេះភាគីនីមួយៗមានការយល់ដឹង និងមានភាពចាស់ទុំច្រើនហើយសង្ឃឹមថា នឹងមានការសម្របសម្រួលគ្នាបន្ថែមទៀត។ ចំណែកខាងភាគីរដ្ឋាភិបាលនឹងសម្របសម្រួលឱ្យអស់លទ្ធភាពដើម្បីឱ្យភាគីនីមួយៗខិតទៅរកប្រសពគ្នាហើយបើអាចរកបាននូវកុងសង់ស៊ីគ្នាកាន់តែប្រសើរតែបើមិនមានការការឯកភាពគ្នាទេយើងនឹងអនុវត្តតាមច្បាប់ គឺការបោះឆ្នោតក្នុងកិច្ចប្រជុំចុងក្រោយនៅថ្ងៃទី២៦កញ្ញាខាងមុខ។

ការចចារប្រាក់ឈ្នួលកម្មករនេះ ត្រីភាគីត្រូវពិនិត្យផ្អែកទៅលើលក្ខណៈវិនិច្ឆ័យទាំង៧រួមមានវិនិច្ឆ័យតាមបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន ២០៤ដុល្លារ ក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២១ ទៅ ២៣២ដុល្លារអាម៉េរិកក្នុងមួយខែ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពី ប.ស.ស.៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម