Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ ព្រឹត្តិការណ៍ Gumball 3000 បានរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា

បានផុស

នៅ

លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ត្រូវបានចាត់ទុកថា បានចូលរួមលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ការជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាតាមរយៈព្រឹត្តិការណ៍អន្តរជាតិមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សុកេន ហ៊ានចាត់ទុកដូច្នេះ ដោយសារប្រតិភូដែលចូលរួមក្នុងព្រឹត្តិការណ៍នេះសុទ្ធតែអភិជន អ្នកជំនួញល្បីៗ តារាភាពយន្តហូលីវូដ តារារ៉េប យូធ្យូបើរ តារាចម្រៀង តន្ត្រីករ មកពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី បណ្ដាប្រទេសនៅអឺរ៉ុប បណ្ដាប្រទេសនៅអាស៊ី សរុបទៅគឺមានជាង៤០សញ្ជាតិ ដែលមានកិត្តិយសកេរ្តិ៍ឈ្មោះល្បីរន្ទឺ មានប្រជាប្រិយភាពនិងឥទ្ធិពលក្នុងបណ្ដាញសង្គម ដែលពួកគាត់បានធ្វើដំណើរជាមួយនឹងរថយន្តទំនើបៗប្រណីតៗសរុបជាង១២០គ្រឿង បូករួមជាមួយរថយន្តរបស់មហាជនក្នុងប្រទេសកម្ពុជាប្រមាណ២៥០គ្រឿងទៀត ពោលគឺពិតជាអធិកអធមអស្ចារ្យ។

 សូមបញ្ជាក់ថា ប្រតិភូអន្តរជាតិដែលចូលរួមក្នុងព្រឹត្តិការណ៍ Gumball 3000 នេះ គឺសុទ្ធតែមានបណ្ដាញទំនាក់ទំនងសង្គម មានអ្នកគាំទ្ររាប់លាននាក់ ហើយនៅពេលចូលរួមក្នុងព្រឹត្តិការណ៍ Gumball 3000 ម្ដងៗ គឺមានអ្នកតាមដានទស្សនាមិនតិចជាង១០ពាន់លានដង នោះឡើយ ពិសេសនៅលើ Facebook, TikTok, YouTube, Instagram, X និងតាមរយៈបណ្ដាញសង្គមផ្សេងៗទៀត។

 ព្រឹត្តិការណ៍ Gumball 3000 នេះ មិនត្រឹមតែជាការបើកបររថយន្តកម្សាន្តសប្បាយ ទទួលយកបទពិសោធន៍អស្ចារ្យក្នុងឆាកជីវិតនោះទេ តែក៏ជាឱកាសជំរុញការវិនិយោគ ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ចកិច្ចផងដែរ ដោយសារគណៈប្រតិភូដែលចូលរួមក្នុងព្រឹត្តិការណ៍ Gumball 3000 នេះ ភាគច្រើន គឺជាពាណិជ្ជករធំៗ និងជាសេដ្ឋីប្រាក់លានដុល្លារ ដែលជួបពិភាក្សាផ្នែកធុរកិច្ចជាមួយពាណិជ្ជករក្នុងស្រុក ដើម្បីទាក់ទាញការវិនិយោគមកកាន់កម្ពុជានាពេលខាងមុខ។

  គួរំលឹកថា រាល់ព្រឹត្តិការណ៍ Gumball 3000 តែងដំណើរការឆ្លងកាត់សុទ្ធតែគោលដៅពិសេសៗអស្ចារ្យនៅលើពិភពលោក។ ក្នុងរយៈពេល២៤ឆ្នាំកន្លងទៅ ព្រឹត្តិការណ៍ Gumball 3000 បាននាំរថយន្តទំនើបៗឆ្លងកាត់ទ្វីបធំៗ ដូចជា អាមេរិកខាងជើង អឺរ៉ុប ហើយគោលដៅដ៏អស្ចារ្យក្នុងឱកាសខួប២៥ឆ្នាំនេះ គឺប្រាសាទអង្គរវត្តដ៏អច្ឆិយៈរបស់ពិភពលោក ដែលជាបំណងប្រាថ្នាដ៏មុតមាំរបស់លោក Maximillion Cooper នាយកប្រតិបត្តិ និងស្ថាបនិក Gumball 3000 ដោយលោកចង់ឱ្យមានការថតរូបភាពរថយន្តទំនើបៗប្រណីតៗនៅមុខប្រាសាទអង្គរវត្ត នៃប្រទេសកម្ពុជា ផ្សព្វផ្សាយទៅកាន់ពិភពលោក។ ដូច្នេះក្រសួងទេសចរណ៍ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏ដូចជាដៃគូសហការនានាបានខិតខំកៀរគរមហាជនដែលមានរថយន្ត Supercar, Luxury car, Sport car ជាដើមនោះ ចូលថតជាមួយគ្នានៅមុខប្រាសាទអង្គរវត្ត៕

ដោយ ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម