ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា-ថៃ បានសម្រេចលទ្ធផល ៥ចំណុច ផ្តល់ផលប្រយោជន៍ជាច្រើនដល់ពលករខ្មែរ
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា និងរដ្ឋមន្ត្រីក្រសួងការងារនៃប្រទេសថៃ បានសម្រេចលទ្ធផលចំនួន ៥ចំណុច ដែលផ្ដលផលប្រយោជន៍ដល់ពលករខ្មែរ។ ការសម្រចលទ្ធផល៥ចំណុចនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា ជាមួយលោក ភីផាត់ រាចាឃីតប្រាកន (Phiphat Ratchakitprakarn)រដ្ឋមន្ត្រីក្រសួងការងារ នៃប្រទេសថៃ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នាឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។

លោក ហេង សួរ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅសារជាថ្មី ចំពោះ លោក Phiphat Ratchakitprakarn ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារថៃ នាពេលថ្មីៗនេះ។ ក្នុងជំនួបទ្វេភាគីនេះ ភាគីទាំងពីរបានសម្រេចនូវលទ្ធផលជាផ្លែផ្កា ដូចខាងក្រោម៖
១- ភាគីថៃឯកភាពនឹងស្នើសុំទៅគណៈរដ្ឋមន្ត្រីថៃ តាមសំណើរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Permit) សម្រាប់បងប្អូនពលករខ្មែរ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅខែមេសា ឆ្នាំ២០២៥ ខាងមុខ ដូចទៅនឹងឆ្នាំនេះដែរ។
២- ភាគីថៃបានជម្រាបភាគីកម្ពុជាថា គណៈរដ្ឋមន្ត្រីថៃបានសម្រេចអនុញ្ញាតឱ្យពលករខ្មែរបន្តបណ្ណអនុញ្ញាតការងារ (Work Permit) និងការស្នាក់នៅចំពោះពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតកំណត់នៅត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើការរយៈពេល ២ឆ្នាំបន្តទៀត រហូតឆ្នាំ២០២៧ ដោយមិនបាច់ចាកចេញពីប្រទេសថៃទេ។
៣- ភាគីថៃនឹងពិចារណាលើសំណើរបស់កម្ពុជាក្នុងការធ្វើតេស្តទទួលស្គាល់ជំនាញដល់ពលករខ្មែរកំពុងធ្វើការនៅក្នុងប្រទេសថៃ ដើម្បីក្លាយជាពលករជំនាញ ដែលអាចទទួលបានអត្ថប្រយោជន៍ច្រើនជាងពលករគ្មានជំនាញ និងការបញ្ជាក់ទទួលស្គាល់ជំនាញរបស់ពលករខ្មែរដែលបានបញ្ចប់ការងារ និងវិលត្រលប់មកមាតុប្រទេសវិញ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា នឹងទទួលស្គាល់រាល់ការបញ្ជាក់ជំនាញរបស់ភាគីថៃដល់ពលករខ្មែរ។
៤- ភាគីថៃជម្រាបជូនភាគីកម្ពុជាថា ពលករខ្មែរដែលធ្វើការក្នុងប្រទេសថៃ ទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម ដូចកម្មករនិយោជិតជនជាតិថៃដែរ។ ជាមួយគ្នានេះ ភាគីកម្ពុជាស្នើដល់ភាគីថៃ បន្តសិក្សាលើគំនិតផ្តួចផ្តើមជាមួយស្ថាប័នសន្តិសុខសង្គមកម្ពុជា ដើម្បីអាចធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសករនៃប្រទេសទាំងពីរ នៅពេលដែលពួកគាត់ត្រឡប់មកប្រទេសកំណើតវិញ ស្របតាមគោលការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តប្រវេសករក្នុងតំបន់អាស៊ាន។
៥- ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងលើដំណើរការបញ្ជូន និងទទួលពលករខ្មែរឱ្យមានភាពពេញលេញ ដើម្បីជាផលប្រយោជន៍ដល់ពលករខ្មែរ និងនិយោជកថៃ ជាពិសេសកាត់បន្ថយពេលវេលាសម្រាប់ដំណើរការឯកសារ និងកាត់បន្ថយលំហូរនៃពលករកម្ពុជា ដែលគ្មានឯកសារគ្រប់គ្រាន់ ចូលទៅធ្វើការក្នុងប្រទេសថៃ។
កិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម ភីផាត់ រាចាឃីតប្រាកន (Phiphat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួងការងារនៃប្រទេសថៃ បានប្រព្រឹត្តទៅប្រកបដោយភាពស្និទ្ធស្នាល និងមិត្តភាព៕






-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


