Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រៀមបើកកិច្ចប្រជុំក្រៅផ្លូវការ​ជាមួយមីយ៉ាន់ម៉ា ដើម្បីស្តារទំនាក់ទំនងឡើងវិញ

បានផុស

នៅ

បណ្តារដ្ឋមន្ត្រីការបរទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងរៀបចំកិច្ចប្រជុំក្រៅផ្លូវការមួយ ជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា នៅក្នុងទីក្រុងបាងកក ប្រទេស​ថៃ នាថ្ងៃទី១២ ខែកក្កដា ខាងមុខ។ នេះ​បើយោងតាម​​​សារព័ត៌មាន Asia One ចុះផ្សាយ​ថ្ងៃទី​១០ កក្កដា។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ ធ្វើឡើងក្រោយ​ពេល​ដែលរដ្ឋាភិបាលថ្មីគាំទ្រដោយយោធា​មីយ៉ាន់ម៉ា ទើបតែឡើងកាន់អំណាច បន្ទាប់ពី​ការបោះឆ្នោតដ៏​ចម្រូងចម្រាស កាលពីដើមឆ្នាំ២០២៦ កន្លងទៅ។ រដ្ឋាភិបាល​មីយ៉ាន់ម៉ា បច្ចុប្បន្នកំពុងតែព្យាយាមស្វែងរកការលើកលែងបំរាមផ្សេងៗ ដើម្បីឱ្យមេដឹកនាំរបស់ខ្លួន អាចចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ានឡើងវិញ បន្ទាប់ពីត្រូវបានគេផាត់ចេញពីឆាកនយោបាយ​តំបន់ ចាប់តាំងពីមានព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ២០២១ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃមក។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានថ្លែងថា ជំនួបលើកនេះ គឺជាឱកាសដ៏ល្អមួយ សម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងការផ្លាស់ប្តូរមតិយោបល់គ្នាដោយផ្ទាល់ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញ​ឱ្យមានការចរចាផ្សះផ្សាជាតិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

គួររំលឹកផងដែរថា សង្គ្រាមស៊ីវិលដ៏អូសបន្លាយនៅមីយ៉ាន់ម៉ា រវាងក្រុមកងទ័ពឧទ្ទាមប្រដាប់អាវុធចម្រុះជាតិសាសន៍ និងកងទ័ពរដ្ឋាភិបាលយោធា បានបំផ្លិចបំផ្លាញទឹកដីនៃប្រទេសដ៏កម្សត់មួយនេះយ៉ាងដំណំ ដោយបានសម្លាប់ជីវិតមនុស្សអស់ជាង ១០០ ០០០នាក់ និងធ្វើឱ្យប្រជាពលរដ្ឋរាប់លាននាក់ផ្សេងទៀត ត្រូវរត់ភៀសខ្លួនចោលផ្ទះសម្បែង។ កន្លងមក អាស៊ានធ្លាប់បានរក្សាគម្លាត និងដាក់គំនាបលើរបបសឹកមីយ៉ាន់ម៉ា ដោយសារតែមិនព្រមអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព «កុងសង់ស៊ីស ៥ចំណុច» របស់អាស៊ាន ប៉ុន្តែមកទល់ពេលនេះ ប្រទេសជាសមាជិកជាច្រើន បានចាប់ផ្តើមប្តូរយុទ្ធសាស្ត្រ និងងាកមករកការចរចាវិញ។

ការផ្លាស់ប្តូរឥរិយាបថនេះ បានស្តែងឱ្យឃើញកាន់តែច្បាស់ បន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីខែឧសភា ដែលកាលនោះរដ្ឋមន្ត្រីការបរទេសអាស៊ាន បានព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយប្រមុខការបរទេសមីយ៉ាន់ម៉ា ដើម្បីបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរដ្ឋបាលថ្មីនៅទីក្រុងណៃពិដោ។ បន្ថែមពីនេះ អតីតមេដឹកនាំរបបសឹក ដែលបានក្លាយជាប្រធានាធិបតីស៊ីវិល លោក Min Aung Hlaing ក៏ទើបតែបានធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវ កាលពីសប្តាហ៍មុនផងដែរ ដែលនេះជាការធ្វើដំណើរទៅកាន់ប្រទេសសមាជិកអាស៊ានលើកដំបូងបំផុតរបស់លោក ចាប់តាំងពីលោកបានឡើងកាន់តំណែងថ្មីនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម