ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ពង្រឹងការជួសជុលតួប៉មA នៃប្រាសាទគោកពោធិ៍ជិតរួចរាល់ លែងបារម្ភរឿងដួលរលំ
តាំងពីខែមិថុនា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានពង្រឹងជួសជុលតួប៉ម A នៃប្រាសាទគោកពោធិ៍ រហូតមកដល់បច្ចុប្បន្នសម្រេចលទ្ធផលជិតរួចរាល់ និងលែងបារម្ភរឿងដួលរលំទៀត។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ហួរ សុធន បុរាណវិទូ នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកទទួលខុសត្រូវនៅការដ្ឋានជួសជុលប្រាសាទគោកពោធិ៍ បានឱ្យដឹងថា បន្ទាប់ពីអ្នកជំនាញបានជួសជុលពង្រឹងជញ្ជាំង ផ្នែកខាងត្បួង និងខាងលិច សម្រេចបាន៩៥%ហើយ បានធ្វើឱ្យរចនាសម្ព័ន្ធនៃតួប៉មA ដែលធ្លាប់តែព្រួយបារម្ភពីហានិភ័យនៃការដួលរលំ បានប្រែមកជារឹងមាំឡើងវិញ។ ក្នុងនោះ ចំពោះផ្នែកខឿនខាងក្រោម ក៏បានបន្ថែមឥដ្ឋខ្លះៗ ដើម្បីពង្រឹងឡើងវិញទៅតាមផ្នែកនីមួយៗ។ ចំណែកការងារដែលនៅសេសសល់ គឺរៀបចំផ្គុំផ្នែកដំបូលឡើងវិញ និងសម្អាតរុក្ខជាតិ ដែលដុះចាក់ឬស្សីជ្រៅៗនៅតាមដំបូល ខណៈក្រុមការងារកំពុងពន្លឿនកិច្ចទាំងនេះ ដោយរំពឹងថា នឹងបញ្ចប់នាចុងខែវិច្ឆិកាខាងមុខនេះ។

លោកបន្តថា ក្រុមប្រាសាទគោកពោធិ៍ មានតួប៉មចំនួន៤ ត្រូវបានកំណត់ជាតួប៉មA B C និងD តែមិនស្ថិតនៅក្នុងខ្សែបន្ទាត់តែមួយឡើយ ព្រោះសាងសង់ក្នុងសម័យកាលខុសគ្នា និងក្នុងរាជ្យនៃព្រះមហាក្សត្រផ្សេងៗគ្នា។ ដោយសារអាយុកាល ធម្មជាតិ និងកង្វះការថែទាំយូរអង្វែង ជាពិសេសដើមឈើដុះចាក់ឬសយ៉ាងជ្រៅ ធ្វើឱ្យរចនាសម្ព័ន្ធប្រាសាទរងការបំផ្លាញ ហើយតួប្រាង្គចំនួន២ តួប្រាង្គC និងD បានរលំដួលទាំងស្រុង នៅតែប្រាង្គA សេសសល់ជញ្ជាំងជុំវិញ និងB នៅសល់តែខឿន និងជញ្ជាំងផ្នែកខាងត្បូង។

លោក ហួរ សុធន បន្ថែមថា ការជួសជុលពង្រឹងឡើងវិញ នូវរចនាសម្ព័ន្ធនៃប្រាសាទគោកពោធិ៍ មិនត្រឹមតែរក្សាឱ្យបាននូវតម្លៃនៃបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងសក្ការបូជា សម្រាប់ពលរដ្ឋរស់នៅជុំវិញនោះ និងជាទីកន្លែង ដែលទេសចរជាតិ និងអន្តរជាតិ តែចូលមកទស្សនាមិនចេះដាច់ ដោយសារជាទីកន្លែងឆ្លងកាត់ទៅកាន់ប្រាសាទដទៃទៀត។

សូមជម្រាបថា ប្រាសាទគោកពោធិ៍ ជាក្រុមប្រាសាទមួយ មានទីតាំងស្ថិតនៅខាងជើងបារាយណ៍ទឹកថ្លា ប្រមាណជា២គីឡូម៉ែត្រ ស្ថិតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ក្រុមប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី៨ និងទី៩៕
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២២ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


