Connect with us

ព័ត៌មានជាតិ

លែង​លំបាក​ដូចមុន! ផ្លូវ​ទៅ​ស្រះ​ដំរី​លើ​ខ្នង​ភ្នំ​គូលែន​​បញ្ចប់​​ការ​ស្ថាបនា​កែ​លម្អ ១០០% ទេសចរទៅ​កម្សាន្ត​ទី​បុរាណស្ថាន​ដ៏ពិសិដ្ឋ​កាន់​តែ​ងាយស្រួល​

បានផុស

នៅ

ផ្លូវ​ទៅ​ស្រះ​ដំរី​នៅ​លើ​ខ្នង​ភ្នំ​គូលែន​បាន​បញ្ចប់​ការ​ស្ថាបនា​កែ​លម្អ ១០០% ដែល​បាន​ជួយ​សម្រួល​ដល់ភ្ញៀវ​​​ទេសចរ​​អាច​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ទី​បុរាណ​ស្ថាន​ដ៏ពិសិដ្ឋលើខ្នងភ្នំគូលែន​លែង​ពិបាក​ដូច​មុន។

លោក គង់ វ៉ារ៉ុង ប្រធានការិយាល័យឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន​បាន​ឲ្យ​កម្ពុជាថ្មី​ដឹង​ថា ក្រោយ​ទទួល​បាន​​​ការ​ណែនាំ​ពី​សម្តេច​ធិបតី​នាយករដ្ឋមន្រ្តី កង​វិស្វកម្ម​បាន​ដាក់​គ្រឿង​ចក្រ​ដើម្បី​កែ​លម្អ​ផ្លូវ​ឆ្ពោះ​ទៅ​ស្រះដំរី ដែល​ជា​តំបន់​ទេសចរណ៍​​​​ប្រវត្តិសាស្រ្ត​ដ៏ទាក់ទាញ​លើ​ខ្នង​​ភ្នំ​គូលែន​ដែល​ទេសចរ​កម្រ​ទៅ​ដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា កន្លងទៅ​ភ្ញៀវ​ទេសចរ​ជួប​ការ​លំបាក​សម្រាប់​ការ​ទៅ​កម្សាន្ត​នៅ​​ទីបុរាណស្ថាន​ស្រះដំរី ដោយសារ​ស្ថានភាព​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ​​ទៅដល់​។​

«តាម​ការ​ណែនាំ​ពី​សម្តេច​ធិបតី ​កង​វិស្វកម្ម​បាន​ដាក់​គ្រឿង​ចក្រ ដើម្បី​កែ​សម្រួល​ផ្លូវ​ឲ្យ​បាន​ល្អ​ប្រសើរ​ ប៉ុន្តែ​នៅ​រក្សា​ទម្រង់​ដើម​គ្រាន់​តែ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​​ធ្វើ​ដំណើរ​ងាយស្រួល​ជាង​មុន»។ លោក គង់ វ៉ារ៉ុង បញ្ជាក់។

ផ្លូវ​ទៅ​តំបន់​ទេសចរណ៍​ស្រះ​ដំរី ត្រូវ​បាន​​កង​វិស្វកម្ម​ចាប់ផ្តើម​ឈូស​​កែ​លម្អ​ឡើង​វិញ​មាន​ប្រវែង​ជាង ៦ គីឡូម៉ែត្រ ​ចាប់​ចេញ​ពី​សហគមន៍​អន្លង់​ធំ។ លោក គង់ វ៉ារ៉ុង បន្ត​ថា ឥឡូវ​ផ្លូវប្រវែង​ជាង ៦ គីឡូម៉ែត្រ​បាន​បញ្ចប់ការ​ស្ថាបនា​កែលម្អ ១០០% ដែល​អាច​ឲ្យ​ភ្ញៀវ​ទៅ​កម្សាន្ត​មិនពិបាក​ទៀត​ទេ។

បើ​តាម​លោក គង់ វ៉ារ៉ុង ​ការ​កែ​លម្អ​ផ្លូវ​នេះ​បាន​ជួយ​​ជំរុញ​​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​អាច​ទៅ​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​កាន់​តែ​ច្រើន​ថែមទៀត។

ក្នុង​ឱកាស​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​នៅ​​សហគមន៍​ទេសចរណ៍​អន្លង់​ធំ ស្ថិត​នៅ​ក្នុង​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ កាលពី​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ២០២៥ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​​ឲ្យ​កងវិស្វកម្ម​សម្តេចតេជោ ហ៊ុន សែន ខេត្ត​សៀមរាប ពិភាក្សា​ជាមួយ​អាជ្ញាធរអប្សរា ក្នុងការ​ធ្វើឱ្យប្រសើរ​ឡើង​ផ្លូវ​ពី​សហគមន៍​អន្លង់ធំ​រហូត​ដល់​ស្រះដំរី ដើម្បី​ផ្តល់​ភាពងាយស្រួល​និងសុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត។

សម្តេច​នាយករដ្ឋមន្រ្តី​បាន​គូស​បញ្ជាក់​ថា ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្លូវ​ពី​សហគមន៍​ឆ្ពោះ​ទៅកាន់ស្រះដំរី​ ត្រូវ​ឈរ​លើ​គោលការណ៍​​ថែរក្សា​សណ្ឋាន​ផ្លូវ​ដើម​ ដោយ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​​គុណតម្លៃ​វប្បធម៌​របស់​ជាតិ​​ ពិសេស​ក៏​ត្រូវ​មាន​ការឯកភាព​ពីតំណាងសហគមន៍ផងដែរ។​

នៅក្នុងឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មានគោលដៅ​ទេសចរណ៍​​សរុប​ចំនួន ៨៥ កន្លែង ដែល​មាន​ទឹកជ្រោះ ប្រាសាទ​បុរាណ បុរាណ​ស្ថាន និង​ពើង​ធម្មជាតិ។

ក្នុងចំណោមតំបន់ទេសចរណ៍នៅលើភ្នំគូលែន «ស្រះដំរី» ជា​ទីតាំង​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​​មួយ​ ដែលមាន​ទីតាំង​ស្ថិត​​នៅ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ ខេត្តសៀមរាប។

ទីនោះ​ស្រស់ស្អា​តហួសពី​ការស្មាន ដែល​មាន​រូបសំណាក​ស្ដេច​ដំរី​ដែល​មាន​អក្សរ​បុរាណ​ចារឹក​ថា «ឥន្រ្ទតបតិសិហ» រួម​មាន​ស្ដេចកង្កែប ស្ដេចតោ ២ និងព្រះគោ ហើយ​នៅខាង​មុខរូប​សំណាក​ដែល​ឆ្លាក់​ពី​ថ្មភ្នំធម្មជាតិទាំងនេះ ក៏មានស្រះទឹកមួយទៀត ដែល​អ្នកស្រុក​ហៅ​ថា​ «ស្រះដំរី»។

ស្រះ​ដំរី​ជា​ឈ្មោះ​ដែល​ពលរដ្ឋ​ក្នុងមូលដ្ឋាន​​ហៅ​ ដោយ​សារមាន​រូប​ដំរី​ធំ​មួយ​ និង​នៅ​ពី​មុខ​នោះ​មាន​ស្រះ​ទឹក​។

ទេសចរ​ពេល​ទៅទស្សនា​នៅស្រះដំរី ក្រៅពី​សិក្សា​ពី​ប្រវត្តិសាស្រ្ត​ពី​រមណីយដ្ឋាន​បុរាណ​នេះ ក៏​អាច​សម្រាក​លំហែ​នៅ​ទីនោះ​ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ និង​គយគន់​ទេសភាព​ពី​លើ​ទី​ខ្ពស់​ថែម​ទៀត​ផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម