ព័ត៌មានជាតិ
សួនរុក្ខជាតិអង្គរ ត្រៀមរៀបចំព្រឹត្តិការណ៍ពិសេសៗ ដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
សួនរុក្ខជាតិអង្គរ ដែលជាសួនរុក្ខជាតិដ៏មានសក្តានុពល និងធំជាងគេមួយនៅក្នុងខេត្តសៀមរាប ក៏ដូចជាក្នុងប្រទេសកម្ពុជា កំពុងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានពង្រីកផ្ទៃដីសួននេះរហូតដល់ ១៥០ ហិតា ដែលជាទីប្រមូលផ្តុំទៅដោយរុក្ខជាតិឱសថ ផ្កា និងឈើព្រៃរាប់រយប្រភេទ។



លោក មាឃ បូរ៉ា អ្នកគ្រប់គ្រងទូទៅ នៃសួនរុក្ខជាតិអង្គរ បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សួននឹងរៀបចំ “ពិព័រណ៍សត្វល្អិត និងសត្វស្លាប” ដើម្បីបង្ហាញពីជីវៈចម្រុះដែលកំពុងរស់នៅក្នុងបរិវេណសួន និងក្នុងតំបន់អង្គរ។ ការរៀបចំនេះ មានគោលបំណងចម្បងដើម្បីឱ្យភ្ញៀវទេសចរបានស្វែងយល់កាន់តែច្បាស់ពីដង្ហើមជីវិតរបស់សត្វលោក ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ។ បន្ថែមពីនេះ ក៏មានការតាំងបង្ហាញពីសត្វព្រៃកម្រមួយចំនួនដែលកំពុងមានវត្តមានក្នុងតំបន់អង្គរ ដូចជា ៖ សត្វភេ ទោចម្កុដ និងសត្វស្លាបចម្រុះប្រភេទ ដែលសុទ្ធសឹងជាសត្វទទួលបានការថែរក្សា និងអភិរក្សយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរជាតិអប្សរា។


ក្រៅពីពិព័រណ៍សត្វ និងសួនរុក្ខជាតិដែលមានស្រាប់ សួនរុក្ខជាតិអង្គរ ក៏បានបង្កើនសោភ័ណភាពបន្ថែមតាមរយៈការរៀបចំ សួនផ្កាកូលាប និង សួនកេសរកូល (ផ្កាឡំអង់) ដើម្បីផ្តល់នូវចំណីចក្ខុដ៏ស្រស់ត្រកាលសម្រាប់អ្នកទស្សនា។ ទន្ទឹមនឹងនោះ ក៏មានការរៀបចំតំបន់កម្សាន្តសម្រាប់កុមារ និងការតុបតែងលម្អតាមរចនាប័ទ្មបុណ្យចូលឆ្នាំ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី។



គួររំឮកផងដែរថា សួនរុក្ខជាតិអង្គរ ត្រូវបានកែលម្អ និងបើកដំណើរការជាផ្លូវការកាលពីឆ្នាំ ២០២២។ គិតមកទល់ពេលនេះ សួនទទួលបានភ្ញៀវទេសចរចូលទស្សនាប្រមាណជាង ៦០ ម៉ឺននាក់ហើយ។ សួនរុក្ខជាតិអង្គរ បើកជូនសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃចន្ទ (ឈប់សម្រាករៀងរាល់ថ្ងៃអង្គារ) ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៦:០០ ល្ងាច៕
អត្ថបទ ៖ អាជ្ញាធរជាតិអប្សរា
















-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


