ព័ត៌មានជាតិ
ក្រសួងអប់រំ គ្រោងនឹងដាក់បញ្ចូលការបង្រៀនភាសាចិន ទៅក្នុងកម្មវិធីសិក្សារដ្ឋ
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងដាក់បញ្ចូលការបង្រៀនភាសាចិនទៅក្នុងកម្មវិធីសិក្សារដ្ឋនាពេលខាងមុខនេះ ខណៈបច្ចុប្បន្នក្រសួងកំពុងសាកល្បងបង្រៀនភាសាចិនប្រមាណ ២០ សាលា។

ថ្លែងក្រោយចូលរួមវគ្គផ្ដាច់ព្រ័ត្រការប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ឆ្នាំ ២០២៤ នៅរាជបណ្ឌិតសភាកម្ពុជា កាលពីពេលថ្មីៗ នេះ លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រសួងអប់រំ កំពុងសាកល្បងបង្រៀនភាសាចិននៅតាមសាលារៀនចំនួន ២០ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ខណៈមានសាលាបង្រៀនភាសាចិនប្រមាណជាង ១០០ កន្លែង នៅទូទាំងប្រទេស។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា «យើងកំពុងរៀបចំបណ្ដុះបណ្ដាលគ្រូ ហើយប្រសិនអនុវត្តទៅដោយរលូននោះ យើងនឹងបញ្ចូលភាសាចិនទៅក្នុងកម្មវិធីបង្រៀនតាមសាលារដ្ឋទៅតាមការស្ម័គ្រចិត្ត ព្រោះការរៀនភាសាចិនទាមទារនូវការខិតខំប្រឹងប្រែងខ្លាំង ហើយនៅពេលអនាគតពេលមានគ្រូបង្រៀនភាសាចិនគ្រប់គ្រាន់ យើងនឹងសាកល្បងបញ្ចូលទៅក្នុងកម្មវិធីសិក្សាទាំងអស់»។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា ឥឡូវនេះយុវជនកម្ពុជាចូលចិត្តរៀនភាសាចិនច្រើនសម្រាប់ឆ្លើយតបទៅនឹងទីផ្សារការងារ ខណៈមានជនជាតិចិនជាច្រើនបានដាក់ទុនវិនិយោគ ក៏ដូចជាបង្កើតក្រុមហ៊ុននៅកម្ពុជា។
លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះយើងបានបង្កើតវិទ្យាស្ថានខុងជឺចំនួន ៤ កន្លែង នៅកម្ពុជា ហើយគិតត្រឹមចុងឆ្នាំ ២០២៣ យើងមានលោកគ្រូអ្នកគ្រូបង្រៀនភាសាចិនបញ្ជូនមកពីប្រទេសចិនចំនួន ២៨០ នាក់ និងមានអ្នកស្ម័គ្រចិត្តមកបង្រៀនភាសាចិនជាង ១ ៩០០ នាក់ និងមានអ្នកគ្រូ និងលោកគ្រូកម្ពុជាបង្រៀនភាសាចិន ៦០ នាក់។ ក្រៅពីនេះ យើងមានគ្រឹះស្ថានបង្រៀនភាសាចិនជាង ១០០ កន្លែង ដោយមានអ្នករៀនភាសាចិនជាង ១០ ម៉ឺននាក់។

លោកឯកអគ្គរដ្ឋទូត បានលើកទឹកចិត្តដល់ជនជាតិខ្មែរ រៀនភាសាចិនឱ្យបានកាន់តែច្រើនបន្ថែមទៀត ព្រោះថាភាសាជាស្ពាន និងជាកូនសោ ដើម្បីជំរុញការយល់ដឹង និងធ្វើកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក សំដៅពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរវាងប្រទេសទាំងពីរ កាន់តែស្អិតរមួត និងប្រសើរឡើងបន្ថែមទៀត។
លោក វ៉ាង វិនពីន ក៏បានលើកទឹកចិត្តដល់ជនជាតិចិនរៀនភាសាខ្មែរ ហើយលោកជឿជាក់ថា ជនជាតិទាំងពីរ នឹងរៀនភាសាពីគ្នាទៅវិញទៅមកកាន់តែច្រើន ធ្វើឱ្យទឹកចិត្តរវាងប្រជាជនទាំងពីរកាន់តែខិតជិតជាមួយគ្នា រួមចំណែកពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន កាន់តែរឹងមាំ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?