ព័ត៌មានជាតិ
ចិញ្ចឹមក្របី ជាមុខរបរប្រចាំគ្រួសារមួយរបស់ជនជាតិដើមភាគតិចគ្រឹង នៅក្នុងខេត្តរតនគិរី
ជនជាតិដើមភាគតិចគ្រឹង នៅភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី ភាគច្រើនប្រកបរបរចិញ្ចឹមសត្វពាហនៈក្របី ជាលក្ខណៈគ្រួសារ។ មិនខុសពីរបរផ្សេងៗ ដូចជា ដាំស្រូវជាដើមនោះ ការប្រកបរបរចិញ្ចឹមសត្វក្របី ធ្វើឱ្យប្រជាពលរដ្ឋជនជាតិដើមភាគតិចគ្រឹង ទទួលបានចំណូលគួរសម ដើម្បីចិញ្ចឹមគ្រួសារ។

លោក ស្វែង បាន មេភូមិទៀមលើដែលជាអ្នកប្រកបរបរចិញ្ចឹមសត្វក្របី បានរៀបរាប់ឱ្យដឹងថា សព្វថ្ងៃនេះ គាត់មានសត្វក្របីចំនួន១៥ក្បាល ដែលដំបូងឡើយ គាត់ចិញ្ចឹមក្របីមេតែ២ក្បាលទេ លុះរយៈពេល១០ឆ្នាំក្រោយមក ក៏កើតកូនរីកចម្រើនរហូតមកដល់សព្វថ្ងៃបានចំនួន១៥ក្បាលនេះ។ ការចិញ្ចឹមសត្វក្របីនេះ គឺគាត់ប្រលែងវាឲ្យស៊ីស្មៅជាសាធារណៈចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ២ រសៀល ទើបគាត់ទៅរកដេញវាពីព្រៃ ដែលវាធ្លាប់ទៅស៊ីស្មៅ។ ជួនកាល សត្វក្របីវាដើររហូតដល់ទៅ៣ ទៅ ៤គីឡូម៉ែត្រ ទម្រាំដល់ផ្ទះម៉ោង៥ល្ងាច ដើម្បីបញ្ចូលក្រោលវិញ។
លោក ស្វែង បាន បានលើកឡើងទៀតថា ពេលក្របីរបស់គាត់កើតកូនច្រើន គាត់លក់ទៅឱ្យឈ្មួញដែលមករកទិញដល់ផ្ទះ បានតម្លៃខ្លះ៥០០ដុល្លារ ខ្លះ៧០០ដុល្លារ និងខ្លះទៀត១ ០០០ដុល្លារ ទៅតាមក្របីតូច ឬធំ ទៅតាមតម្លៃហាងឆេង។ កូនសត្វក្របីទាំងនោះ ក៏មានការថែទាំដោយចាក់វ៉ាក់សាំង រួមមាន ថ្នាំការពារអុចក្តាម វ៉ាក់សាំងសាទឹក ដោយចាក់ក្នុងខែ៦ និងខែ១២។ ចំពោះការលក់ក្របីនេះ គឺចាប់ពីអាយុ ៥ ឆ្នាំ ទៅ ៧ ឆ្នាំ។

ពាក់ព័ន្ធនឹងការចិញ្ចឹមសត្វក្របីនេះដែរ លោក ហេង សាវឿន អភិបាលស្រុកវើនសៃ បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងស្រុកវើនសៃ ដែលប្រកបរបរចិញ្ចឹមសត្វពាហនៈ ពិសេស គោ ក្របី ឱ្យមានភាពម្ចាស់ការ និងទទួលខុសត្រូវលើសត្វចិញ្ចឹមរបស់ខ្លួន។ លោកថា អ្នកចិញ្ចឹមគោ ក្របី ភាគច្រើនខ្សែលួស ទៅព័ទ្ធស្រែ ឬចម្ការ តែមិនសូវយកចិត្តទុកធ្វើក្រោលគោ ឬ ក្របី បណ្តោយឲ្យរួចទៅស៊ីដំណាំផ្សេងៗរបស់អ្នកស្រុកភូមិ។
ចំណែក មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរីវិញ បានជូនដំណឹងថា អ្នកចិញ្ចឹមសត្វពាហនៈ មានគោ ក្របី នៅក្នុងភូមិសាស្ត្រក្រុង-ស្រុក ទាំង០៩ ក្នុងនោះ ក៏មានស្រុកវើនសៃផងដែរ បានប្រលែងចោលឲ្យដើរពាសវាលពាសកាលតាមដងផ្លូវសាធារណៈ ទីប្រជុំជនដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍មួយចំនួនបានកើតឡើងដោយសារការបុកគោក្របី។ ម្យ៉ាងទៀត សត្វពាហនៈទាំងនោះ បានដើរស៊ីដំណាំដាំដុះរបស់ប្រជាពលរដ្ឋ និងជុះអាចម៍នៅតាមទីសាធារណៈធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ សោភ័ណ្ឌភាព អនាម័យ បរិស្ថាន នៅក្នុងភូមិសាស្ត្រក្រុង-ស្រុក។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី សង្ឃឹមយ៉ាងមុតមាំថា អ្នកចិញ្ចឹមគោ ក្របីទាំងអស់នឹងរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវសាធារណៈ ចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយលើកម្ពស់ អនាម័យ បរិស្ថាន និងសោភ័ណ្ឌភាពតាមដងផ្លូវតាមទីសាធារណៈ។ ទន្ទឹមនឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី តម្រូវឲ្យអ្នកចិញ្ចឹមសត្វគោក្របីទាំងអស់ ត្រូវដាក់ក្នុងទ្រុង ឬក្រោលឱ្យបានត្រឹមត្រូវ ហាមប្រលែងដើររពាសវាលពាសការតាមដងផ្លូវសាធារណៈ និងតាមទីប្រជុំជន ។

ជារៀងរាល់ឆ្នាំ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី តែងតែធ្វើកាហាមរប្រាមចាប់ពីខែ៦ ដល់ ខែ៧ ដែលជារដូវដាំដំណាំរបស់ប្រជាកសិករ។ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី នឹងមានវិធានការចុះចាប់ និងប្រមូលសត្វគោក្របីដែលប្រលែងចោលពាសវាលពាសកាល ព្រមទាំងអញ្ជើញម្ចាស់សត្វគោក្របីទាំងនោះ មកធ្វើកិច្ចសន្យា ផាកពិន័យតាមផ្លូវច្បាប់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីជាធរមាន៕
ដោយ៖ ខៀវ ចាប

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ