ព័ត៌មានជាតិ
ប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវ ប្ដេជ្ញាជំរុញការអនុវត្តកិច្ចព្រមព្រៀងនានាដែលប្រទេសទាំងពីរបានចុះហត្ថលេខា
ក្នុងពេលអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ បានជួបពិភាក្សាការងារជាមួយសម្ដេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ដោយថ្នាក់ដឹកនាំទាំងពីរ បានប្ដេជ្ញាចិត្តជំរុញការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈនានាដែលប្រទេសទាំងពីរបានចុះហត្ថលេខាទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
ក្នុងជំនួបនាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចធិការធិបតី ឃួន សុដារី ចាត់ទុកដំណើរទស្សនកិច្ចនេះ ថា នឹងធ្វើឱ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណី ជាបងប្អូន អ្នកភូមិផងរបងជាប់គ្នា និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងកាន់តែរឹងមាំ និងរីកចម្រើនឡើងជាលំដាប់ ដែលនាំមកនូវផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋនិងប្រទេសទាំងសងខាង។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់ ទាំងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរទៅវិញទៅមកជាបន្តបន្ទាប់។ តាមការរៀបរាប់របស់សម្ដេច ឃួន សុដារី តាមគម្រោង ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏គ្រោងយាង និងអញ្ជើញបំពេញព្រះរាជទស្សនកិច្ច និងទស្សនកិច្ចនៅប្រទេសឡាវ នាពេលខាងមុខនេះផងដែរ។
សម្តេចធិការធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសនិងប្រជាជនទំាងពីរ មិនត្រឹមបានឆ្លុះបញ្ចាំងឱ្យឃើញស្មារតីមិត្តភាព សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្ដរជាតិប៉ុណ្ណោះទេ ថែមទាំងបានរួមវិភាគទានដ៏មានតម្លៃ និងធំធេងដល់ភាពជោគជ័យនៃព្រឹត្តិការណ៍អន្តរជាតិនានា រួមចំណែកដ៏សំខាន់ដល់ការកសាងសុខសន្ដិភាព និងការអភិវឌ្ឍតំបន់ និងពិភពលោកថែមទៀត។
តាមរយៈជំនួបនេះ លោក សនសៃ ស៊ីផាន់ដន បានអបអសារទរចំពោះសុខសន្តិភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ហើយបានអបអរសាទរពីភាពជោគជ័យជាបន្តបន្ទាប់ជាច្រើនដែលកម្ពុជាបានរៀបចំកិច្ចប្រជុំថ្នាក់អនុតំបន់ តំបន់ និងកម្រិតអន្តរជាតិ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ លោក ថា ជោគជ័យទាំងអស់នោះ បានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែសំខាន់របស់កម្ពុជានៅលើឆាកអន្តរជាតិ។
នាយករដ្ឋមន្រ្តីឡាវ ក៏បានថ្លែងអំណរគុណដែលកម្ពុជាតែងតែជួយឧបត្ថម្ភ និងគាំទ្រដល់ឡាវ តាំងពីអតីតកាលរហូតដល់ពេលបច្ចុប្បន្ន ជាពិសេសអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ បានផ្តល់ជំនួយជាវ៉ាក់សំាងការពារកូវីដ-១៩ និងសម្ភារៈវេជ្ជសាស្រ្តដល់ឡាវ។ លោក សនសៃ ស៊ីផាន់ដន បានជម្រាបសម្តេចប្រធានរដ្ឋសភាពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ថែមទៀតរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ខណៈក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេសឡាវ កាលពីឆ្នាំ២០២៣កន្លងទៅ ភាគីទាំងពីរ ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន៧ដែរ។
ក្នុងន័យនេះ ប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវ បានប្តេជ្ញាចិត្តរួមគ្នាជំរុញ និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងអនុវត្តបានជាផ្លែផ្កានូវរាល់កិច្ចព្រមព្រៀង និងអនុស្សរណៈដែលប្រទេសទាំងពីរបានចុះហត្ថលេខា ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសទាំងសងខាង។
ថ្នាក់ដឹកនាំ ថា កម្ពុជា និងឡាវ ចាំបាច់ត្រូវបន្តរក្សាការប្រាស្រ័យទាក់ទងគ្នាជាយុទ្ធសាស្រ្តឱ្យបានកាន់តែល្អប្រសើរ និងស្អិតល្មួតនៅគ្រប់កម្រិត និងគ្រប់វិស័យ ក្នុងនោះរវាងបក្ស រដ្ឋាភិបាល រដ្ឋសភា វិស័យឯកជន និងសង្គមស៊ីវិល ដែលជាចាំបាច់ និងកាន់តែសំខាន់ឡើងក្នុងពេលបច្ចុប្បន្ន ខណៈពិភពលោកកំពុងស្ថិតក្នុងភាពស្មុគស្មាញកាន់តែខ្លាំងលើបញ្ហាភូមិសាស្រ្តនយោបាយនោះ។
គួរជម្រាបថា ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជានេះ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញធ្វើជាអធិបតីជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន៣៖ ១.កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ២. អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និង៣. អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ