ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម
សម្តេចកិត្តិសង្គហបណ្ដិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសមានសន្តិភាព គឺផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសុខមាល ភាពរបស់ប្រជាជន។ ផ្ទុយទៅវិញ បើប្រទេសមានសង្គ្រាមគឺបាត់បង់អ្វីៗគ្រប់យ៉ាង «សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាល»។សម្តេចកិត្តិសង្គហបណ្ដិត ម៉ែន សំអនថ្លែងបែបនេះក្នុងពេលអញ្ជើញទស្សនាសារមន្ទីរតេជោសន្តិភាព នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នៅខេត្តសៀមរាប។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានថ្លែងអំពីដំណើរការ និងវឌ្ឍនភាពការសាងសង់សារមន្ទីរតេជោសន្តិភាព។ សារមន្ទីរមួយនេះ ត្រូវសាងសង់ឡើងនៅលើផ្ទៃដី១២ហិកតា ស្ថិតឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប ហើយត្រូវបានសាងសង់ឡើង ក្រោមជំនួយឧបត្ថម្ភគាំទ្រពីប្រទេសជប៉ុន ដែលមានរូបរាងជាគ្រាប់មីនប្រឆាំងមនុស្សធំជាងគេនៅលើពិភពលោក។

លោក បានបន្តទៀតថា រយៈពេលជាង៣២ឆ្នាំមកនេះ ប្រទេសជប៉ុន បានជួយដល់ស៊ីម៉ាក់ សម្រាប់វិស័យមីននៅកម្ពុជា ដែលជំនួយទាំងនោះមានជាសម្ភារមានជាថវិកាដូចជាការផ្តល់ជំនួយប្រឹក្សាបច្ចេកទេសជាដើម។

សម្តេចកិត្តិសង្គហបណ្ដិត ក៏បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្រោមការដឹកនាំរបស់ លោកហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលបានផ្តួចផ្តើមគំនិតក្នុងការកសាងសារមន្ទីរតេជោសន្តិភាពនេះឡើង។ មិនតែប៉ុណ្ណោះ ក៏បានកសាងនូវស្នាដៃ រួមជាមួយសមិទ្ធិផលជាច្រើនដែលពាក់ព័ន្ធនឹងវិស័យមីននៅព្រះរាជាណាចក្រកម្ពុជា តាមរយៈ ការចូលរួមកែប្រែតំបន់សង្គ្រាមឲ្យទៅជាតំបន់អភិវឌ្ឍន៍ ស្របតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅក្នុងអណត្តិទី ៧ ក៏បានជម្រុញអនុវត្តការងារនេះស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី ១ និងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨- ២០២៥ និងចក្ខុវិស័យ «កម្ពុជាគ្មានមីនឆ្នាំ២០២៥»។

សម្ដេចបានចាត់ទុក វត្តមានរបស់សារមន្ទីរ ថាបានក្លាយទៅជាមជ្ឈមណ្ឌលប្រវត្តិសាស្ត្រសង្រ្គាម និងការដោះស្រាយវិបត្តិនៃសំណល់ជាតិផ្ទុះក្រោយសង្រ្គាម ហើយក៏ជាសក្ខីភាព និងបានរំលឹកពីអតីតកាលដែលកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមដ៏រ៉ាំរ៉ៃ និងបង្ហាញពីវិនាសកម្មនៃសង្គ្រាមបាននាំមកនូវភាពឈឺចាប់ ការនិរាសព្រាត់ប្រាស់គ្រួសារ និងជនពិការ ហើយបានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ទាំងខាងប្រជាសាស្រ្ត ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ផងដែរ៕
អត្ថបទ÷ វិមាន


-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


