ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ជំរុញឲ្យស្ត្រីក្នុងសមាគមនារីគាំទ្រខេត្តកំពង់ចាមបន្តបង្កើនផលិតភាពផលិតផលក្នុងស្រុក ដើម្បីប្រាក់ចំណូលលើកស្ទួយជីវភាពប្រចាំថ្ងៃ
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងនូវការជំរុញឲ្យសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម បន្តចូលរួមឲ្យសកម្មក្នុងការជំរុញ និងលើកស្ទួយនូវផលិតផលខែ្មរឲ្យកាន់តែមានតម្លៃ និងបានចូលរួមចំណែកក្នុងការលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារផងដែរ។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ក្នុងពេលអញ្ជើញទស្សនាសួនច្បារ និងផ្សារផលិតផលខ្មែរ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៦ ថ្មីៗ នេះ។ ក្នុងពិធីនោះផងដែរ ក៏មានការអមដំណើរដោយ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីខេត្តកំពង់ចាម និង លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសរសើរដល់រដ្ឋបាលខេត្ត និង សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ដែលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញ និងលើកស្ទួយនូវផលិតផលខែ្មរឲ្យកាន់តែមានតម្លៃ និងបានចូលរួមចំណែកក្នុងការលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារផងដែរ។

ទន្ទឹមនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរដល់ប្រជាកសិករទាំងអស់គ្នា ត្រូវធានាបាននូវផលិតផលដែលគ្មានជាតិគីមី និងត្រូវពង្រឹងគុណភាព នៃការដាំដុះ ដោយគោរពតាមក្បួនខ្នាតរបស់ក្រសួងកសិកម្ម។ ចំណែកអាជីវករវិញ ត្រូវចេះវេចខ្ចប់ និងប្រើប្រាស់ស្លាកសញ្ញាដែលជារបស់ខ្មែរ និងត្រូវចេះផ្សព្វផ្សាយអំពីផលិតផលខ្មែរ និងមិនត្រូវកេងចំណេញខ្លាំងពេកពីប្រជាកសិករ រួមទាំងការដំឡើងថ្លៃខុសប្រក្រតី។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ផ្សារផលិតផលខ្មែរនេះ គឺជាការលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ និងជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ឲ្យកាន់តែប្រសើរឡើង។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសាទរដល់រដ្ឋបាលខេត្តដែលបានរៀបចំឲ្យមានតំបន់ទេសចរណ៍ជាច្រើន រួមទាំងបានកែលំអនូវសួនច្បារ ច្រាំងទន្លេ និងកែលំអសោភ័ណភាពខេត្ត ជាទីកន្លែងដ៏ទាក់ទាញសម្រាប់ទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាអ្នកហាត់ប្រាណប្រចាំថ្ងៃផងដែរ។ មិនត្រឹមប៉ុណ្ណោះ ខេត្តកំពង់ចាម មានកំពង់ផែទេសចរណ៍ស្តង់ដារមួយដែលមានសោភ័ណភាព នឹងលេចចេញនៅពេលខាងមុខនេះ ដែលអាចប្រែក្លាយទៅជាច្រកទ្វារសំខាន់ក្នុងការទាក់ទាញទេសចរ និងបង្កើនតភ្ជាប់ផ្លូវទឹកទៅកាន់ខេត្តផ្សេងៗ តាមបណ្តោយទន្លេ និងបង្កើនសក្តានុពលសេដ្ឋកិច្ចតាមបណ្តោយផ្លូវទឹក។

គួររំលឹកផងដែរថា ក្រោមការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តកំពង់ចាម និងមានការសម្របសម្រួលរបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម គឺផ្សារលក់ផលិតផលខ្មែរបានដាក់ឲ្យដំណើរការចាប់តាំងពីឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរខេត្តកំពង់ចាម បាននិងកំពុងដំណើរការលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកំពង់ចាម នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ ល្ងាច៕
អត្ថបទ ៖ វិមាន

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


