ព័ត៌មានជាតិ
ដល់រដូវសត្វក្រៀល បន្លាស់ទីមកដល់អន្លង់ព្រីង ខណៈសត្វកម្រទម្លាប់ដេកជាប់ដី ក្លាយជាទស្សនីយភាពទាក់ទាញទេសចរឆ្ងាយជិតមកទស្សនា
សត្វក្រៀលដែលជាប្រភេទសត្វទេសន្តរប្រវេសក៍ បានបន្លាស់ទីមករស់នៅតំបន់ការពារទេសភាពអន្លង់ព្រីងស្ថិតនៅក្នុងស្រុកកំពង់ត្រាចខេត្តកំពត ជាប់ព្រំដែនប្រទេសវៀតណាម។
លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាចខេត្តកំពតបានឲ្យកម្ពុជាថ្មីដឹងថា ចាប់ពីខែវិច្ឆិកា សត្វក្រៀលបានចាប់ផ្ដើមបន្លាស់ទីមករស់នៅតំបន់អន្លង់ព្រីង ដែលមានចម្ងាយមិនដល់ ៥០០ ម៉ែត្រពីខ្សែបន្ទាត់ព្រំដែនប្រទេសវៀតណាម។

«ពេលនេះជាដើមរដូវនៃវដ្តធ្វើដំណើររបស់សត្វក្រៀលក្នុងការរកចំណី និងមករស់នៅក្នុងដែនអភិរក្សបឹងអន្លង់ព្រីង។ នៅរដូវប្រាំងចាប់ពីខែវិច្ឆិកា សត្វនេះបានបន្លាស់ទីពីតំបន់ភាគខាងជើងខេត្តព្រះវិហារ និងស្ទឹងត្រែង មករស់នៅនិងរកចំណីនៅតំបន់ការពារទេសភាពអន្លង់ព្រីង»។ លោក ឃឹម សាមី បានបញ្ជាក់។
លោក ឃឹម សាមី បានបន្តថា តាមការចុះទិន្នន័យ មកដល់ពេលនេះសត្វក្រៀលបានហើរមករស់នៅ និងរកចំណីនៅតំបន់អភិរក្សអន្លង់ព្រីងមានជិត ៧០ ក្បាល ខណៈខែមីនា និងមេសាអាចកើនដល់ ១០០ ក្បាល។
សត្វក្រៀលមានជីវសាស្ត្ររស់នៅខុសពីសត្វស្លាបដទៃ ដោយមានទម្លាប់ដេកនៅលើដីខុសពីសត្វស្លាបដទៃទៀតដែលមានទម្លាប់ដេកទុំនៅលើចុងឈើ។
នៅតំបន់ការពារទេសភាពអន្លង់ព្រីង អាជ្ញាធរបានរៀបចំផ្ទៃដីជាង ២១៩ ហិកតា ដើម្បីអភិរក្សការពារសត្វក្រៀល ខណៈមានអង្គការជាដៃគូមួយបានបង្កើតគម្រោងស្រូវមិត្តក្រៀល ដោយរៀបចំផ្ទៃដីស្រែរាប់រយហិកតានៅជុំវិញតំបន់អភិរក្ស ដើម្បីទុកជាចំណីរបស់វាផងដែរ។
លោក សាមី បានបញ្ជាក់ថា តាមរយៈគម្រោងស្រូវមិត្តក្រៀល គឺកសិករច្រូតស្រូវតែ ៧០% ហើយទុក ៣០% ដើម្បីធ្វើជាចំណីរបស់សត្វក្រៀល។


តំបន់អន្លង់ព្រីងជាតំបន់ដីសើមដែលសំបូរចំណី ជាពិសេសមានប្រភេទមើមម្យ៉ាងដែលជាចំណីចូលចិត្តរបស់សត្វក្រៀល។
សត្វក្រៀលបានក្លាយជាគោលដៅទេសចររបស់ទេសចរជាតិនិងអន្តរជាតិ មកទស្សនាចាប់ពីខែវិច្ឆិកាដល់ឧសភា ដែលជារដូវពួកវាបន្លាស់ទីពីតំបន់ភាគខាងជើង មករស់នៅនិងរកចំណីនៅតំបន់ទេសភាពអន្លង់ព្រីង។
លោក ឃឹម សាមី បានបញ្ជាក់ថា ក្នុងចំណោមស្រុកក្នុងខេត្តកំពត មានតែនៅអន្លង់ព្រីងក្នុងស្រុកកំពង់ត្រាចដែលមានសត្វក្រៀលមកតាំងទីរស់នៅតាមរដូវកាល។
បើតាមលោកអភិបាលរងស្រុកកំពង់ត្រាច នៅដើមឆ្នាំ ២០២៥ មានភ្ញៀវទេសចរជាតិមកលេងយ៉ាងច្រើន ខណៈតំបន់អភិរក្សសត្វក្រៀលនេះមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ សម្រួលដល់ភ្ញៀវទេសចរឆ្ងាយជិតអាចធ្វើដំណើរមកទស្សនាសត្វក្រៀលបានងាយស្រួល។
សម្រាប់ការធ្វើដំណើរមកតំបន់អន្លង់ព្រីង ភ្ញៀវទេសចរអាចមានជម្រើសផ្លូវចំនួន ៣ ខ្សែធំៗ ដោយអាចធ្វើដំណើរបំបែកពីផ្លូវជាតិលេខ ៣១ មកតាមបឹងសាលាខាងត្បូងនិងខាងជើង, ធ្វើដំណើរបំបែកពីផ្លូវលេខ ១១៧ វត្តព្រែកក្រើស មកតាមវត្តខ្វែងអំពារ ឬអាចធ្វើដំណើរបំបែកពីផ្លូវជាតិលេខ ៣៣ ពីច្រកអន្តរជាតិព្រែកចាកតាមភ្នំទឹកធំ ក៏អាចមកដល់តំបន់អន្លង់ព្រីងតាមគ្រប់មធ្យោបាយមិនថាឡានតូចឬឡានធំ។
សត្វក្រៀល ជាប្រភេទបក្សីដែលមានទម្ងន់ធ្ងន់ និងខ្ពស់ជាងគេ អាចហើរបានក្នុងរយៈចម្ងាយឆ្ងាយ ដែលបច្ចុប្បន្នកំពុងតែទទួលរងការគំរាមកំហែងឈានទៅជិតផុតពូជ។ នៅឆ្នាំ២០២១ ប្រទេសកម្ពុជាបានកត់ត្រាចំនួនសត្វក្រៀលសរុបចំនួន ១៥៦ ក្បាល៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


